ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែ​រង​ការបំផ្លាញ​ឥតឈប់ឈរ​

បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ ពុំមាន​ការថយចុះ​នោះទេ ព្រោះ​លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត និង​លោក អ៊ិត ភូមិ​រ៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ឡើយ​។ ជាក់ស្ដែង​ព្រៃ​សហគមន៍​ព្រះ​រកា ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ មាន​ដើមឈើ​ប្រណីត​ធំៗ និង​ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។

តំណាង​ប្រជា​សហគមន៍​ព្រះ​រកា​បាន​ឲ្យ​ដឹងថា ដោយសារតែ​គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ណា ចាត់វិធានការ​ទប់ស្កាត់​ទើប​ពួកគាត់​ប្រមូល​កម្លាំង​គ្នា​ល្បាត​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង បើទោះបី​ប្រឈម​នឹង​ការលំបាក​យ៉ាងណាក៏ដោយ​។ ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនជាតិដើម​ភាគតិច​កួយ ដែលជា​សមាជិក​សហគម​ន៍​ព្រះ​រកា ប្រមាណ​ជិត​៥០​នាក់​ដែល​រស់នៅក្នុង​ស្រុក​ទាំង​៣​ខាងលើ បាន​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា តាំងពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន​ដើ​ម្បី​ការពារ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​។ ការដែល​ប្រជា​សហគមន៍​ព្រះ​រកា សហការគ្នា​ល្បាត​ក្នុងព្រៃ​បែបនេះ គឺ​ដោយសារ​សព្វថ្ងៃ​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូល​កាប់​ឈើ​ប្រណីត​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។

ប្រជា​សហគមន៍​ព្រះ​រកា​បាន​លើកឡើងថា ជា​រៀងរាល់ថ្ងៃ​ក្រុម​ជនល្មើស​បាន​ចូល​ព្រៃ​កាប់​ដើមឈើ​ប្រណីត​ធំៗ ហើយ​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​តាម​អំពើ​ចិត្ត ហើយ​សូម្បីតែ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក៏​រង​ការបំផ្លាញ​ដែរ​។ តំណាង​ប្រជា​សហគមន៍​ព្រះ​រកា​បាន​ឲ្យ​ដឹងថា ពួកគាត់​រង​ការគំរាមកំហែង​ពី​ក្រុម​ជនល្មើស​និង​ឈ្មួញ​ឈើ​ជា​បន្តបន្ទាប់ ហេតុនេះហើយ​ទើប​ពួកគាត់​ប្រមូលគ្នា​ដើរល្បាត​ក្នុងព្រៃ​ព្រះ​រកា ដើម្បី​ការពារ​ធនធានធម្មជាតិ​ដោយ​ខ្លួនឯង​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​សហគមន៍​ព្រះ​រកា ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ ព្រោះ​ព្រៃ​ធម្មជាតិ​ទំហំ​៩៨០០០​ហិកតា​មួយ​នេះ កំពុង​រង​ការបំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​អភិបាលខេត្ត​ព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​៕

CH-00182លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ 53ប្រជាសហគមន៍ល្បាតការពារព្រៃព្រះរកានៅក្នុងស្រុកចំនួន៣