ពិធីបុណ្យអុំទូក​​នៅខេត្តបាត់ដំបង​ចាប់​ផ្តើម​នៅ​ម៉ោង០១ និង​៣០នាទីនាទី​​រសៀល​​នេះ​

ខេត្តបាត់ដំបង ៖ ការ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្នុង​ខេត្តបាត់ដំបង នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦តុលា នេះ ស្ថិត​នៅ​ដងស្ទឹង​សង្កែ ។

បើ​តាម​លោក​ច័ន្ទ សុផល អភិបាលខេត្ត បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ទូក​គ្រប់​ប្រភេទ ដែល​ត្រូវ​ចូលរួម​ប្រកួត​មាន​សរុប​២៤​គូ ហើយ​​ការ​ប្រណាំង គឺ​បែងចែក​ទៅ​តាម​ការ​រៀបចំ​របស់​គណៈកម្មការ ។

ពិធីបុណ្យ​អុំទូក​នេះ គឺ​ធ្វើ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ និង​២៧ តុលា ២០១៥ ដោយ​មានការ​រៀបចំ​ឱ្យ​មាន​ដាក់​តូប​លក់ទំនិញ​ជា​ច្រើន ដោយ​មាន​ក្រុម​អាជីវករ​ថៃ​ចូលរួម​ផង​ដែរ ។

លោក​អភិបាលខេត្ត​បន្ត​ថា តូប​លក់ទំនិញ​គ្រប់​ប្រភេទ​មាន​ជាង​៤០០​តូប ក្នុង​នោះ តូប​លក់ទំនិញ​របស់​អាជីវករ​ថៃ​មាន​ប្រហែល​៣០០​តូប ប៉ុន្តែ​ក្រុម​អាជីវករ​ថៃ​បាន​ដកថយ​វិញ​ប្រហែល​៥០​តូប ដោយសារ​យើង​មិន​មាន​ទីតាំង​។ ពិធី​ប្រណាំងទូក​នា​ឆ្នាំ​នេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុន ទាំង​ចំនួន​ទូកប្រណាំង ទាំង​ចំនួន​តូប​លក់ទំនិញ និង​ទាំង​អ្នកចូលរួម​ក្នុង​កម្មវិធី​បុណ្យ ៕