លំហូរ​​នៃ​​ជន​ចំណាកស្រុក​កើន​ឡើង​ខណៈ​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​អំពី​វិបត្តិ​នេះ​

លំហូរ​​នៃ​​ជន​ចំណាកស្រុក​កើន​ឡើង​ខណៈ​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​អំពី​វិបត្តិ​នេះ​

យុវជន​ម្នាក់​ដើរ​​សំដៅ​ទៅ​ព្រំដែន​ប្រទេស​ស៊ែប៊ីជាប់​ប្រទេសក្រូអាស៊ី​​ នៅ​តំបន់​ Berkasovo ប្រទេស​ស៊ែប៊ី​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ​២០១៥។​ មាន​ជន​ចំណាក​ស្រុក​ជាច្រើន​ធ្វើ​ដំណើរ​ឆ្លង​កាត់ព្រំដែន​ប្រទេស​ស៊ែប៊ី​ចូល​ទៅ​ក្នុង​ប្រទេសក្រូអាស៊ី​ ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​ភាគ​ខាង​លិច​ក្នុង​ទ្វីប​អ៊ឺរ៉ុប។​

នៅ​ពេល​ដែល​លំហូរ​នៃ​ជនជាតិ​ស៊ីរី អាហ្វហ្គានីស្ថាន​ និង​ជនជាតិ​ឯ​ទៀតៗ ​កាត់​តាមតំបន់​បាល់កង់ (Balkans) ​ទៅ​កាន់​ផ្នែក​ខាង​លិច​នៃ​ទ្វីប​អឺរ៉ុប​នៅ​តែ​បន្តកើន​ឡើងរហូត​ដល់​ថ្ងៃ​អាទិត្យ​នេះ​ ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​ Brussels ដោយ​ពិចារណា​អំពី​ការ​បញ្ជូន​ឆ្មាំ​ព្រំដែន​៤០០​នាក់​ និង​បង្កើត​កន្លែង​ត្រួត​ពិនិត្យ​ថ្មីៗ​ ប្រសិន​បើ​ប្រទេស​នៅ​ជាប់​ព្រំដែន​សហភាព​អឺរ៉ុប​លុប​ចោល​គោល​នយោបាយ​របស់​ពួក​គេ​ អំពី​ការ​បើក​ឱ្យ​អ្នក​ធ្វើដំណើរឆ្លង​កាត់​ប្រទេស​ទាំង​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឯទៀតៗ ​នេះបើតាម​សេចក្តីព្រាង​សេចក្តី​ថ្លែងការណ៍មួយ។

បើ​តាម​សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែងការណ៍​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters បាន​ឃើញ​ ហើយ​នៅត្រូវ​មាន​ការ​យល់ព្រម​ផង​នោះ​ បាន​ឲ្យ​ដឹង​ថា​ «យើង​ប្តេជ្ញា​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បីគ្រប់​គ្រង​ព្រំដែន​យើង។»

បើ​តាម​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​នឹង​មាន​ការ​ពិភាក្សា​គ្នា​ដែរ​អំពី​ការបញ្ជូន​នាវា​ថែម​ទៀត​ទៅកាន់​លំហ​សមុទ្រ​នៅ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ក្រិក​និង​យល់​ស្រប​គ្នា​ក្នុង​ការមិន​បញ្ជូន​ជនចំណាក​ស្រុក​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយ​ទៀត​ដោយ​គ្មាន​ការយល់​ព្រម​ជាមុន។

ការ​ជួប​ប្រជុំ​ទម្រង់​តូចនៃ​ក្រុម​មេដឹកនាំ​ប្រទេស​នានា​ក្នុង​តំបន់​កណ្តាល​និង​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប​នេះ​ ត្រូវ​បាន​ស្វះស្វែង​ធ្វើ​ឱ្យ​កើតមាន​ឡើង​ដោយ​លោកស្រី​អធិកាបតី​អាល្លឺម៉ង់​ Angela Merkel ដែល​បាន​សម្តែង​កង្វល់​អំពី​ជន​ទេសន្តរ​ប្រវេសន៍​នៅ​ពេល​រដូវ​ធ្លាក់​ទឹកកក​ជិត​មក​ដល់៕