គ្រូ Tiger ​ថា​ចាញ់​ក្រោន ដោយសារ​អាជ្ញាកណ្ដាល ​មិនមែន​បច្ចេកទេស


គ្រូ Tiger ​ថា​ចាញ់​ក្រោន ដោយសារ​អាជ្ញាកណ្ដាល ​មិនមែន​បច្ចេកទេស

លោក​ Masakazu Kihara ​គ្រូ​បង្វឹក​របស់​ក្រុម Cambodian Tiger ​បាន​និយាយ​ក្រោយ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ៤-១ ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ថា ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ប្រកួត​នេះ​មិន​យុត្តិធម៌​នោះ​ទេ ហើយ​ក្រុម​របស់​លោក​ក៏​មិន​ចាញ់​ក្រោន​ដោយ​បច្ចេកទេស​នោះ​ដែរ។

 

គ្រូ Tiger ​ថា​ចាញ់​ក្រោន ដោយសារ​អាជ្ញាកណ្ដាល ​មិនមែន​បច្ចេកទេសកីឡាករខាង Cambodian Tiger កាល​ប្រកួត​កន្លង​មក

 

វគ្គ​ខ្វែង​ជើង​ទី​មួយ​នៃ​លីក​បាល់ទាត់​កម្ពុជា​មិត្ត​ហ្វូន​ខេមបូឌាន​លីក​រវាង​ក្រុម​ភ្នំពេញ​ក្រោន​និង Cambodian Tiger ​នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ RSN ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ម្ចាស់​ផ្ទះ​ក្រោន​ឈ្នះ​ក្រុម​ភ្ញៀវ ៤-១។ ដោយ​ក្នុង​ប្រកួត​នោះ​ទៀត​សោត មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន រវាង​កីឡាករ​និង​កីឡាករ ក៏​ដូច​ជា​កីឡាករ​និង​អាជ្ញាកណ្ដាល​ជា​ដើម ដោយ​ពួកគេ​គិត​ថា​លោក​អាជ្ញាកណ្ដាល​ទាំង​៣​កាត់​សេចក្ដី​មិន​យុត្តិធម៌​។

 

លោក Masakazu ​គ្រូ​បង្គោល​ក្រុម Cambodian Tiger ​មាន​យោបល់​ចំពោះ​ការ​កាត់សេចក្ដី​ក្នុង​ការ​ប្រកួត​ខាង​លើ​ដែរ​ថា៖ “អាជ្ញាកណ្ដាល​លំអៀង​ទៅ​ខាង​ក្រុម​ម្ចាស់​ផ្ទះ​តិចតួច​ជា​រឿង​ធម្មតា ប៉ុន្តែ​នេះ​ហួសហេតុ​ពេក​ហើយ។ ពួកគេ​កាត់​សេចក្ដី​ដោយ​មិន​ច្បាស់​ការ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទាល់តែ​សោះ។ អាជ្ញាកណ្ដាល​កាត់សេចក្ដី​មិន​យុត្តិធម៌ គឺ​មិន​អាច​ធ្វើ​ឱ្យ​មាន​គេ​គោរព​បាន​ឡើយ ហើយ​វិស័យ​បាល់ទាត់​ក៏​មិន​រីកចម្រើន​ដែរ”។

 

កីឡាករ​ខាង Cambodian Tiger ​មាន​ការ​ច្រឡោត​ខ្លាំង ចំពោះ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ បន្ទាប់​ពី​លោក​មិន​ផ្ដល់​បាល់​គប់​ឱ្យ​ពួកគេ នៅ​ពេល​ដែល​ខាង​កីឡាករ​ក្រោន​អូស​បាល់​ចេញ​ក្រៅ​ខ្សែ​បន្ទាត់​ទៅ​ហើយ។ ចំពោះ​រឿងកីឡាករ​ខឹង​ខ្លាំង​នេះ លោក​គ្រូ​សញ្ជាតិ​ជប៉ុន​ខាង​លើ បាន​បញ្ជាក់​ដែរ​ថា​កីឡាករ​បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ជា​រឿង​ធម្មតា​នៅ​ពេល​ការ​កាត់​សេចក្ដី​សមរម្យ សូម្បី​តែ​លោក​ក៏​មិន​អាច​ទប់​ចិត្ត​បាន​ដែរ។ លោក​មិន​បន្ទោស​កីឡាករ​​នោះ​ទេ ហើយ​ក៏​ស្នើ​ឱ្យ​អាជ្ញាកណ្ដាល​ទាំង​អស់​កុំ​លំអៀង​ទៅ​ម្ខាង​ៗ​ពេក។

 

ក្រុម​ខ្លាំង​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​ជើង​ទី២ ​ដែល​ធ្វើ​ឡើង​នៅ​ទឹក​ដី Cambodian Tiger វិញ​ម្ដង (Western Stadium) នា​ថ្ងៃ​ពុធ ទី២៨ តុលា​ខាង​មុខ​នេះ ដើម្បី​កាត់​សេចក្ដី​ថា​ក្រុម​ណា​នឹង​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

 

​អត្ថបទ៖ មុន្នី រម្យ