ក្រុមប៉េតង់កម្ពុជា បានទៅដល់គោលដៅប្រកួតជើងឯកពិភពលោក

ក្រុមអត្ត​ពលិក​ប៉េតង់វ័យ​ក្មេង​របស់​កម្ពុជាចំនួន​៤​នាក់ ព្រម​ទាំង​គ្រូ​បង្វឹក និង​អ្នក​ដឹកនាំ​​ផង​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​បាង​កក ប្រទេស​ថៃ ដែល​ជា​កន្លែង​ពួក​គេ​ត្រូវ​ធ្វើ​​ការ​ប្រកួត​កីឡា​ប៉េតង់ជើង​ឯក​ពិភពលោក ផ្នែក​យុវជន ប្រចាំ​ឆ្នាំ​២០១៥ហើយ បន្ទាប់​ពី​ប្រតិភូ​តំណាង​កម្ពុជា​មួយ​ក្រុម​នេះ បាន​ចាក​ចេញ​ពីមាតុ​ប្រទេស​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ម្សិល​មិញ។

នៅ​ក្នុង​ការ​ប្រកួត ដែល​មាន​ប្រទេស​ចូល​រួម​ជាង​៣០​នេះ ក្រុម​យុវជន​ទាំង​៤​នាក់​របស់កម្ពុជា ​នេះ​រួម​មាន​កីឡាករ​ មួង ទិត្យម៉ាណែត, ទីវ រដ្ឋា, ផង់ ហាស់សិទ្ធិទេវរាជ និង​កីឡាការិនី​ ស្រ៊ាង សុរ៉ាឃីម នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ចំនួន​២​វិញ្ញាសា។ ទិត្យម៉ាណែត នឹង​ត្រូវ​ប្រកួតលើវិញ្ញាសាឯកត្តជន ហើយ​គេ​ក៏​នឹង​ត្រូវចូលរួមការ​ប្រកួត​លើ​វិញ្ញាសា​ជា​ក្រុមចម្រុះ​ ជាមួយ​មិត្តរួមក្រុមទាំង​៣​នាក់​របស់​គេ​ផងដែរ។
1
លោក អ៊ុក យ៉ារី គ្រូ​បង្វឹក​ក្រុម​យុវជន​ និង​ជា​អ្នកដឹកនាំ​ក្នុង​ការប្រកួត​នេះ បាន​និយាយ មុន​ពេល​ចេញដំណើរ​ទៅ​ប្រកួត​​ថា៖​«​តាម​ពិត​ការប្រកួតត្រូវចាប់​ពីថ្ងៃទី ៣១ ខែ​តុលា ដល់​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ហេតុ​នេះ​ការ​ចេញ​ទៅ​មុន​ការ​​ប្រកួត​រហូត​ដល់​៥​ថ្ងៃ​នេះ គឺ​យើង​ចង់​ឲ្យ​ក្រុម​យុវជន​វ័យ​ក្មេង​របស់យើង បានហ្វឹក​ហាត់ ដើម្បី​ឲ្យ​សម​​ទី​លាន​ប្រកួត​នៅ​ទី​នោះ ព្រោះ​ទាំង​ខ្ញុំ និង​យុវជន​ទាំង​៤​នេះ មិន​ធ្លាប់​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក​នេះ​ដូច​គ្នា»។
2
បើទោះ​បី​ជា​ក្រុមយុវជនទាំង ៤ នេះ​មិន​ធ្លាប់​បានចូលរួម​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ប៉ុន្តែ មួង ទិត្យម៉ាណែត ធ្លាប់​ឈ្នះ​មេដាយ​មាស​ទាំងលើ​វិញ្ញាសាឯកត្តជន និង​ជាក្រុម ក្នុង​ការប្រកួត​ជើងឯកអាស៊ី លើក​ទី ១៨ នៅ​ឡាវ កាលពីខែ​ធ្នូ ឆ្នាំ ២០១៤។ រីឯ​​ការ​ប្រកួត​កីឡាប៉េតង់​ជើង​ឯក​អាស៊ី​អាគ្នេយ៍ លើកទី​២ ឆ្នាំ ២០១៥ ដែល​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ ទិត្យម៉ាណែត ​និង ផង់ ហាស់សិទ្ធិទេវរាជ ​បាន​ឈ្នះ​មេដាយ​ប្រាក់លើ​វិញ្ញាសាជា​ក្រុម​ ហើយ ស្រ៊ាង សុរ៉ាឃីម បានឈ្នះមេដាយ​​ប្រាក់ លើ​វិញ្ញាសា​ឯកត្តជន។
3
លោក អ៊ុក យ៉ារី ​បាន​បញ្ជាក់​ថា៖​«​​ឮដំណឹង​មក​​ថា ខាង​ម្ចាស់​ផ្ទះ​ថៃ និង​ឡាវ ដែល​សុទ្ធ​តែ​ជា​ប្រទេស​ខ្លាំងៗ​នោះ​ មិន​ចង់​ចាប់ឆ្នោត​​ប៉ះ​កម្ពុជាយើង​នោះ​ទេ ព្រោះពួក​គេ​ខ្លាចធ្លាក់​នៅ​វគ្គ​ជម្រុះ ហើយ​នេះ​​វា​ជា​មោទន​ភាពផង​ដែរ​សម្រាប់​យុវជនកម្ពុជាយើង។ ចំណែក​ខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​រំពឹង​ថា យើង​អាច​ឈាន​ដល់​វគ្គ​ខ្វែង​៤​នាក់ ឬ​៤ក្រុម​ចុង​ក្រោយ លើ​វិញ្ញាសា​ណា​មួយ ព្រោះ​យើង​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ ពិសេស​ការ​ប្រកួតឯកត្ត​ជន​របស់ មួង ទិត្យម៉ាណែត»៕