អាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ចាប់បក្ខពួកចោរប្លន់ ដែលមានគ្នា២០នាក់ ជិះម៉ូតូ១០គ្រឿង វាយប្លន់ម៉ូតូនៅ ខណ្ឌដង្កោ

ភ្នំពេញ៖ បន្ទាប់ពីបើកការ ស្រាវជ្រាវ និងសុំកិច្ចសហការពី សមត្ថកិច្ចខណ្ឌដង្កោនោះ កម្លាំងអាវុធហត្ថ ខណ្ឌ ពោធិ៍សែនជ័យ បានចាប់ខ្លួន បក្ខពួកចោរប្លន់ម្នាក់ និងដកហូតម៉ូតូ Scopy ស៊េរីឆ្នាំ២០១៥ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CM-1837 ដែលជនសង្ស័យរូបនេះ រួមជាមួយក្រុមរបស់ខ្លួន មានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានទៅវាយប្លន់ យកម៉ូតូ១គ្រឿង នៅម៉ោង៣៖២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងជើងក្លោងទ្វារ វត្តគោកខ្សាច់ ស្ថិតក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

មន្រ្តីអាវុធហត្ថខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ រ៉ន ចាន់រតនា អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនចំណុច មុខផ្ទះលេខA10 ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។

សូមបញ្ជាក់ថា នៅម៉ោងកើតហេតុខាងលើ មានករណីប្លន់មួយលើក បង្កឡើងដោយជនសង្ស័យ មានគ្នា ប្រហែល២០នាក់ មធ្យោបាយម៉ូតូ១០គ្រឿង បានវាយទៅលើភាគីម្ខាងទៀត ដែលមានឈ្មោះ ពូន ផល្លីន អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ យកម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក SCOPY ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CM-1837 ប៉ុន្តែក្រុមចោរបានបន្សល់ទុក នូវម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌គ្មានស្លាកលេខ។បច្ចុប្បន្នកម្លាំងអាវុធហត្ថ ខណ្ឌពោធិសែនជ័យ កំពុងស្រាវជ្រាវរកបក្ខសពួកបន្តទៀត៕

អាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ចាប់បក្ខពួកចោរប្លន់ ដែលមានគ្នា២០នាក់ ជិះម៉ូតូ១០គ្រឿង វាយប្លន់ម៉ូតូនៅ ខណ្ឌដង្កោ