ក្រុមសិទ្ធិមនុស្ស៖ យន្តហោះ ចម្បាំងរុស្ស៊ី បានវាយប្រហារ និង សម្លាប់ជនស្លូតត្រង់ ជាច្រើន នៅស៊ីរី

ដាម៉ាស៖ សារព័ត៌មាន ស៊ីអិនអិន របស់អាមេរិក ចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ ២០១៥ នេះថា ការវាយ ប្រហារ តាមផ្លូវអាកាស ដែលគេជឿជាក់ថា បានប្រតិបត្តិដោយ ប្រទេសរុស្ស៊ីនោះ វាទំនងជាបានបណ្តាលឲ្យ ជនស៊ីវិលស្លូតត្រង់ រាប់សិបនាក់ឯណោះ បាត់បង់ជីវិត។ នេះបើតាមការលើកពី ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្ស ដោយមានទាំងការ ចោទប្រកាន់លើរុស្ស៊ី ថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្ម សង្គ្រាមផងដែរ។

ចំពោះការវាយប្រហារនោះ បានធ្វើឡើងទៅលើខេត្តហូមស៍ ភាគខាងជើងប្រទេសស៊ីរី កាលពី ថ្ងៃទី១៥ ខែតុលា កន្លងទៅនេះ ដោយក្បួនយន្តហោះចម្បាំងដឹកនាំដោយរុស្ស៊ី និង នាំផ្លូវ ដោយស៊ីរីនោះ បានធ្វើការប្រយុទ្ធប្រឆាំង យ៉ាងក្តៅគគុក ទៅនឹងក្រុមឧទ្ទាមនានា នៅក្នុង តំបន់។ ការវាយប្រហារបានធ្វើឡើងទៅលើ មន្ទីរពេទ្យ ក្នុងតំបន់ ដែលជាហេតុនាំ ឲ្យមានជនស៊ីវិល ជាច្រើននាក់បាត់បង់ជីវិត។

ទោះបីជាបែបនេះក្តី យោធារុស្ស៊ី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់នានាថា កងទ័ពរុស្ស៊ី បានសម្លាប់ ជនស៊ីវិល នៅក្នុងប្រទេសស៊ីរី ដោយថាវាគ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ពីរឿងនេះសោះឡើយ។ យ៉ាងណា ក៏ដោយ សារព័ត៌មាន ស៊ីអិនអិន កំពុងតែ រុករកប្រភពព័ត៌មានច្បាស់លាស់បន្ថែមទៀត ស្តីអំពីការចោទប្រកាន់ ខាងលើនេះ ៕

ក្រុមសិទ្ធិមនុស្ស៖ យន្តហោះ ចម្បាំងរុស្ស៊ី បានវាយប្រហារ និង សម្លាប់ជនស្លូតត្រង់ ជាច្រើន នៅស៊ីរី