ពលរដ្ឋប៉ាឡេស្ទីន ៥៧នាក់ស្លាប់ និងជាង ២ពាន់នាក់រងរបួស ដោយសារជម្លោះ ចាប់ពីដើម ខែតុលាមកនេះ

ប៉ាឡេស្ទីន៖ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោច ណាស់ ពលរដ្ឋ របស់ខ្លួនចំនួន ៥៧នាក់បានស្លាប់ និងជាង ២.០០០នាក់ផ្សេង ទៀត រងរបួសចាប់តាំងពី ដើមខែតុលា ដោយសារ រលកនៃការ ប៉ះទង្គិចគ្នាជាមួយនឹង យោធានៃប្រទេសអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា ជនជាតិ ប៉ាឡេស្ទីន ម្នាក់ឈ្មោះ កាលីល អូប៊ីដ វ័យ២៥ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃសៅរិ៍ សប្ដាហ៍មុននេះ គឺក្រោយ ពីរងរបួសនៅក្នុង ការប៉ះទង្គិចជាមួយទាហ៊ានអ៊ីស្រាអែលនោះ។

ដោយឡែកយោងតាមការលើកឡើងពីមន្រ្តីប៉ូលិសក្នុងសេចក្ដីថ្លែងការណ៍ឲ្យដឹងថា បុរស ម្នាក់ឈ្មោះ ហាឌី ក៏ត្រូវ បានបាញ់សម្លាប់ផងដែរ ដោយកងកម្លាំងសន្ដិសុខអ៊ីស្រាអែល កាលពីយប់ថ្ងៃទីពុធសប្ដាហ៍មុន នៅក្នុង ទីក្រុង យេរ៉ូសាឡឹម ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥។

កងការពារសន្ដិសុខអ៊ីស្រាអែលបានបាញ់សម្លាប់ បុរសម្នាក់នេះ ដោយសារតែពួកគេគិតថា ជាអ្នកវាយប្រហារ របស់ភាគីប៉ាឡេស្ទីននៅចំភាគកណ្ដាលក្រុងនៅយប់ថ្ងៃពុធដដែលនោះ ដែលពីដំបូងយោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បុរសម្នាក់នោះបានព្យាយាម ចាក់ទៅលើជន ជាតិអ៊ីស្រាអែល នៅលើរថយន្ដក្រុងមួយគ្រឿង ដែល កំពុងធ្វើដំណើរនៅ កណ្ដាលក្រុងយេរ៉ូសាឡឹម ប៉ុន្ដែ ត្រូវបានបាញ់សម្លាប់ដោយកងរក្សាសន្ដិសុខ ដែលជា សកម្មភាព ដូចគ្នាមួយទៅនឹងការប៉ះទង្គិចហិង្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អំពើហិង្សារវាងប៉ាឡេស្ទីន និង អ៊ីស្រាអែល កន្លងមកជាងមួយខែនេះ កាន់តែជ្រាលជ្រៅ ហើយការស្អប់គ្នា និង រុកគួនគ្នានោះ ក៏កើតមានជារៀងរាល់ថ្ងៃផងដែរ។ ពុំមានកិច្ចប្រជុំ ឬ កិច្ចចរចាណាមួយ ពីសំណាក់អាជ្ញាធរទាំងពីរ ត្រូវបានសម្រេចចេញ ដើម្បីបន្ធូរបន្ថយ ស្ថានការណ៍អាក្រក់ៗទាំងនោះឡើយ រហូតមកដល់ពេលនេះ៕

ពលរដ្ឋប៉ាឡេស្ទីន ៥៧នាក់ស្លាប់ និងជាង ២ពាន់នាក់រងរបួស ដោយសារជម្លោះ ចាប់ពីដើម ខែតុលាមកនេះ