ព្រៃ​មាស​ពោរពេញ​ដោយ​ការ​ជីក​រក​រ៉ែ​មាស ការ​បំផ្លាញ​ធនធានធម្មជាតិ​រ៉ែ​និង​ព្រៃឈើ​គួរ​បារម្ភ

ព្រៃ​មាស​ពោរពេញ​ដោយ​ការ​ជីក​រក​រ៉ែ​មាស ការ​បំផ្លាញ​ធនធានធម្មជាតិ​រ៉ែ​និង​ព្រៃឈើ​គួរ​បារម្ភ

ខេត្តរតនគិរី ៖ ម៉ាស៊ីន​រែង​មាស​ជា​ច្រើន​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​មាស ស្ថិត​ក្នុង​ឃុំ​បរខាំ ស្រុក​អូ​រយ៉ា​ដាវ ។ កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​ទៅ​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​អា​ដ​ហុ​ក បាន​ចុះ​ទៅ​ដល់​កន្លែង​នោះ​ពិនិត្យ​ឃើញ​ថា ក្រុម​កម្មករ​ជំនាញ​សុទ្ធ​សឹង​ជា​ជនជាតិ​យួន​រាប់រយ​នាក់ បាន​រត់គេច​អស់​មុន​ពេល​ទៅ​ដល់​បន្តិច ប្រហែលជា​មាន​អ្នក​ផ្តល់​ដំណឹង​ឱ្យ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ដាក់​តាំង​ម៉ាស៊ីន​រែង​មាស​នេះ មាន​ជា​យូរ​មក​ហើយ ដែល​មាន​ថៅកែ​នៅ​ពីក្រោយ​ខ្នង​សុទ្ធ​សឹង​ជា​មន្ត្រី​មានបុណ្យ​ស័ក្តិធំ ធ្លាប់​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ ទើប​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​បែប​នេះ ។ មានការ​កត់​សម្គាល់ថា នា​ពេល​កន្លង​មក​ក៏​ធ្លាប់​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ដែរ តែ​ក្រោយមក​នៅ​តែ​មាន​ធ្វើ​សកម្មភាព​ដដែល គឺ​មិន​ខុស​ពី​ការ​វែក​ចក​ទ្បើ​យ ។ ដោយសារ​ការ​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​កន្លង​មក រឹបអូស​បាន​តែ​សម្ភារ​តិចតួច​ប៉ុណ្ណោះ ឯ​អ្នក​ប្រព្រឹត្ត​ក៏​ពុំដែល​ចាប់ខ្លួន​ដែរ ។

ទាក់ទិន​នឹង​សកម្មភាព​ជីក​និង​ដាក់​តាំង​ម៉ាស៊ីន​កិនបំបែក​រ៉ែ​មាស​នេះ មិន​អាច​រក​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​បាន​នៅ​ទ្បើ​យ​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល ឯ​ខ្លះ​ទៀត​ទូរស័ព្ទ​ចូល​ដែរ​តែ​មិន​លើក ព្រោះ​ទំនង​មិន​ស្គាល់​លេខ ។
ចំពោះ​ករណី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​ខេត្តរតនគិរី​នេះ មាន​ច្រើន​ណាស់​រាប់​មិន​អស់ ស្ទើរ​គ្រប់​ស្រុក ដូច​ជា​រ៉ែ​ត្បូង រ៉ែ​មាស រ៉ែ​ខ្សាច់ ថ្ម ជាដើម ។

មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ធ្លាប់​បង្ហើប​ប្រាប់​ថា ពុំ​ទាន់​មាន​អាជីវកម្ម​ណាមួយ​មានច្បាប់​នៅ​ទ្បើ​យ​ទេ គឺ​មាន​ក្រុមហ៊ុន​អាជីវកម្ម​មួយ​ចំនួន​កំពុង​តែ​ធ្វើ​ពិសោធន៍ (​រ៉ែ​មាស​និង​ត្បូង​) នៅ​ទ្បើ​យ ។ ឯ​ខ្លះ​ទៀត​កំពុង​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ស្នើ​សុំ​ច្បាប់ អនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ក្រសួង​រ៉ែ និង​ថាមពល ងាយស្រួល​ក្នុង​ការ​តាមដាន​និង​ត្រួតពិនិត្យ ។ ជាក់ស្តែង ដូច​ជា​អាជីវកម្ម​បូម​ខ្សាច់​ជា​ច្រើន​កន្លែង នៅ​ក្នុងស្រុក​លំ​ផាត់ ស្រុក​វើ​ន​សៃ និង​ស្រុក​អណ្តូង​មាស​ជាដើម គឺ​កំពុង​ដំណើរការ​បណ្តើរ រត់ការ​សុំ​ច្បាប់​បណ្តើរ ។ នេះ​មិន​ទាន់​គិត​រឿង​អាជីវកម្ម​ថ្ម​ផង​ទេ ដែល​ជា​បញ្ហា​តម្រូវ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​ដោះស្រាយ ។

មជ្ឈដ្ឋាន​ជុំវិញ​ខេត្ត​កំពុង​ទន្ទឹងរង់ចាំ​មើល តើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ នឹង​ដោះស្រាយ​មាន​ប្រសិទ្ធភាព​កម្រិត​ណា ព្រោះ​ការ​បាត់បង់​ធនធានធម្មជាតិ​គឺ​ច្រើន តែ​បែរជា​មិន​មាន​ចំណូល​ចូល​រដ្ឋ ព្រោះ​អត់​ទាន់​មានច្បាប់ ហើយ​បែរជា​ចូល​តែ​ហោប៉ៅ​បុគ្គល​ទៅ​វិញ ។

ខេត្តរតនគិរី ជា​ខេត្ត​ព្រៃ​ភ្នំ សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ រួម​មាន ព្រៃឈើ ត្បូង មាស ខ្សាច់ ។​ល​។ ពេល​នេះ​រលាយ​អស់​ឈើ​ទៅ​ហើយ​។ រីឯ​ត្បូង និង​មាស គង់​រលាយ​អស់​ដូច​នៅ​ប៉ៃលិន​មិន​ខាន ៕