រ៉ែ​មាស​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ បាន​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប កាលពីដើមឆ្នាំ​២០១៥​។ ការបំផ្លាញ​រ៉ែ​មាស​នៅ​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ទឹកអូរ ព្រោះ​ក្រុម​ជនល្មើស​បាន​បង្ហូរ​ជាតិគីមី​ចម្រាញ់​យក​មាស​ចូលទៅក្នុង​អូរ​ស្រេច​តែ​អំពើ​ចិត្ត​។ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះទេ​។

កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ព្រៃ​មាស ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ហើយ​បានឃើញ​កម្មករ​ខ្មែរ​និង​យួន​ជាច្រើន​នាក់​កំពុង​ជីក​យក​រ៉ែ​មាស និង​ចម្រាញ់​យក​រ៉ែ​មាស​ដោយ​ប្រើ​សារធាតុ​បា​រ៉​តពុល​បង្ហូរ​ចូលទៅក្នុង​អូរ​ធម្មជាតិ​។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ទៀតថា អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ​មាន​ប្រមាណ​៣០​កន្លែង ហើយ​ជនល្មើស​បាន​ប្រើ​ម៉ាស៊ីនភ្លើង សារធាតុ​គីមី និង​គ្រឿងចក្រ​ជាច្រើន​ទៀត​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​រ៉ែ​មាស​យ៉ាង​ពេញបន្ទុក​នៅ​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នោះទេ​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​អូ​រយ៉ា​ដាវ ជាបន្ទាន់ ព្រោះ​ការប្រើប្រាស់​សារធាតុ​គីមី​ចម្រាញ់​យក​មាស ហើយ​បង្ហូរ​ចូលទៅក្នុង​អូរ​ធម្មជាតិ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ទឹកអូរ​យ៉ាងខ្លាំង​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មួយ​រយៈពេល​កន្លងទៅ​នេះ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​មាស​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី ទំនងជា​ទទួលបាន​ផលប្រយោជន៍​ទើប​មិន​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ មិនតែប៉ុណ្ណោះ​ជនជាតិ​យួន​ទាំង​ក្រុមៗ​ត្រូវបាន​ឈ្មួញ​ទុច្ចរិត​ដឹកជញ្ជូន​ចូលមក​ខុសច្បាប់​ឲ្យ​ជួយ​បំផ្លាញ​រ៉ែ​មាស​នៅ​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​មហន្តរាយ​៕

SU-SAM1លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល image