វិចារណកថាៈ សង្រ្គោះដំណាំស្រូវ ជួយដល់ជីវភាព រស់នៅ របស់ប្រជាកសិករ

នៅក្នុងរដូវវស្សាឆ្នាំ២០១៥នេះ ទឹកភ្លៀងមិនបានធ្លាក់ជោកជាំ ស្របទៅតាមសេចក្តី ត្រូវការរបស់ប្រជាកសិករ នៅតាមបណ្តា ខេត្តមួយចំនួន ដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការចិញ្ចឹមជីវិតនោះទេ ។ តំបន់ខ្លះសូម្បីតែក្នុង រដូវបុណ្យ ភ្ជុំបិណ្ឌ ក៏គ្មាន ភ្លៀងធ្លាក់ដែរ ធ្វើឲ្យដំណាំស្រូវដែលបងប្អូន ប្រជាកសិករដំាំដុះសាប ព្រោះដកស្ទូងរួច មកហើយនោះ កំពុងប្រឈមនឹងការ ខ្វះខាតទឹក ហើយអាចរងការខូចខាត ព្រោះចុងរដូវវស្សាទៅហើយនៅតែពុំ មានភ្លៀង ធ្លាក់គ្រប់ គ្រាន់ ។ បញ្ហានេះក្រសួង ធនធានទឹក និងឧតុនិយម ក៏ដូចជាមន្រ្តីអាជ្ញាធរ ព្រមទាំងមន្ទីរ ធនធានទឹក និងឧតុនិយមតាម បណ្តាខេត្តនានាកំពុង យកចិត្តទុក ដាក់ជួយសង្រ្គោះដំណាំ ស្រូវរបស់ ប្រជា កសិកររាប់ពាន់រាប់ម៉ឹនហិកតាដែលប្រឈម នឹងការខ្វះខាតទឹក ។ ការយកចិត្តទុកដាក់របស់ក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរតាមបណ្តាខេត្តនានាក្នុង ការសង្រ្គោះដំណាំស្រូវ របស់ប្រជា កសិករមិនត្រឹម តែអាចជួយដល់ជីវភាពរស់នៅរបស់ប្រជាកសិករប៉ុណ្ណោះទេ គឺដើម្បី ជួយពង្រឹងកំណើន សេដ្ឋកិច្ច ជាតិប្រចាំឆ្នាំផងដែរ ។

នៅក្នុងតំបន់មួយចំនួន នៃខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើម ដំណាំស្រូវរាប់ពាន់ រាប់ម៉ឹន ហិកតារបស់ប្រជាកសិករប្រឈមនឹងការខ្វះខាតទឹក ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្ត ទាំង នេះកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសង្រ្គោះដំណាំស្រូវរបស់ប្រជាកសិករ ។ ការស្តារប្រឡាយ ការកាយបង្ហូរ ប្រព័ន្ធទឹក និងការបូមទឹកដាក់ស្រែរបស់ប្រជាកសិករ គឺជាកត្តាដ៏សំខាន់ ដើម្បីជួយដល់ជីវភាព រស់នៅរបស់ពួកគាត់ ព្រោះក្នុងខណៈដែលស្រូវពង្រោះ និងសន្ទូងកំពុងបែកគុម្ព បែរជាគ្មានភ្លៀងធ្លាក់ទៅវិញ ។ សកម្មភាពរបស់ក្រសួង និង ស្ថាប័នពាក់ព័ន្ធក្នុងការសង្រ្គោះដំណាំស្រូវរបស់ប្រជាកសិករមួយរយៈកន្លងទៅនេះ គឺជាការងារដ៏មានតម្លៃមិនអាចកាត់ ថ្លៃបាន ព្រោះប្រជាពលរដ្ឋខ្មែរប្រមាណ៨៥ភាគរយ ជាកសិករពឹង លើរបរ ធ្វើស្រែចម្ការ ។ ដូច្នេះប្រសិនបើការខ្វះខាតទឹក ធ្វើឲ្យខូចដំណាំស្រូវ និងដំណាំផ្សេងៗទៀត របស់ពួកគាត់នោះ អាចធ្វើឲ្យប៉ះពាល់ ដល់ជីវភាព រស់នៅរបស់ពួកគាត់ ចៀសមិនផុតឡើយ ។

នៅក្នុងស្រុកមួយចំនួននៃខេត្តកំពង់ស្ពឺ កំពត តាកែវ ជាដើមក៏មានការខ្វះខាតទឹកផងដែរ ក្នុងខណៈដែលចុង រដូវវស្សាឈានចូលមកដល់ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតដំណាំស្រូវ ។ ហេតុនេះហើយ ទើបពួកគាត់មានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលដែលក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងស្ថាប័នពាក់ព័ន្ធដ ទៃទៀត ព្រមទាំងមន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយសង្រ្គោះដំណាំ ស្រូវបានទាន់ ពេលវេលា ។ សកម្មភាពមន្រ្តីអាជ្ញាធរ និងមន្រ្តីតាមស្ថាប័ននានារួមមាន ទាំងកងកម្លាំងប្រដាប់អាវុធ ចុះជួយបូម ទឹកដាក់ស្រែប្រជាពលរដ្ឋ គឺជាទង្វើដែលប្រជា ពលរដ្ឋម្ចាស់ស្រែម្ចាស់ស្រូវមិនអាចបំភ្លេចបានឡើយ ។ ដោយ ហេតុថា ការមានទឹកក្នុងស្រែស្រូវ គឹជាសេចក្តីសង្ឃឹមដ៏ធេងរបស់ប្រជាកសិករដែលប្រកបរបរកសិកម្ម ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។

នៅក្នុងខេត្តព្រៃវែង ផ្ទៃដីស្រូវប្រាំងប្រមាណ៨៥៦ហិកតា ស្ថិតនៅក្នុងឃុំបឹងដង និងឃុំបន្ទាយចក្រី ស្រុកព្រះ ស្តេច ត្រូវបានក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះជួយអន្តរា គមន៍សង្រ្គោះ ។ ប្រការនេះបានធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ស្រូវ ម្ចាស់ស្រែមានសេចក្តីសង្ឃឹមឡើង វិញ បន្ទាប់ពីដំណាំស្រូវ របស់ពួកគាត់ត្រូវប្រឈមនឹងការខូចខាតនៅចុងរដូវវស្សា ។ ក្រុមការងារបានប្រើប្រាស់ ម៉ាស៊ីនបូមទឹកខ្នាតធំប្រភេទ ៦៥សេស១គ្រឿង បូមទឹកទម្លាក់ចូលប្រឡាយ ដើម្បីនាំទឹកយកទៅស្រោចស្រព ស្រែប្រាំងរបស់ប្រជាកសិករដែលត្រូវ ការទឹកចាំបាច់ ។ ជាងនេះទៅទៀតក្រុមការងាររបស់ក្រសួងធនធានទឹក និងមន្ទីរធនធានទឹកខេត្តព្រៃវែងបានរៀបចំដំ ឡើងម៉ាស៊ីនបូមទឹកខ្នាតធំប្រភេទ៦៥សេសចំនួន២គ្រឿងទៀត ដើម្បីបូមទឹកពីទន្លេតូចមកបំពេញអាងទឹកពោធិ៍បុរី ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

សរុបសេចក្តីមក ប្រជាកសិករម្ចាស់ស្រែម្ចាស់ស្រូវតែងតែមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅពេលស្រូវក្នុងស្រែ របស់ពួកគាត់ប្រឈមនឹងការខ្វះទឹក ព្រោះតំបន់ខ្លះចាប់តាំងពីរដូវបុណ្យភ្ជុំបិណ្ឌរហូតដល់ចុងរដូវវស្សា ឆ្នាំ២០១៥នេះ ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅឡើយ ។ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើមដែលជាតំបន់ជង្រុកស្រូវដ៏សំខាន់មានបណ្តាស្រុកមួយចំនួន ដំណាំស្រូវរាប់ពាន់ហិកតាប្រឈម នឹងការខូចខាត ហើយត្រូវសង្រ្គោះបានទាន់ពេលវេលា ។ មានន័យថា ការយកចិត្តទុកដាក់របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសង្រ្គោះ ដំណាំស្រូវរបស់ប្រជាកសិករ គឺជាគុណបំណាច់ដ៏ធំធេង ក្នុងការជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ ។ ម្យ៉ាងទៀត វិស័យកសិកម្មជាពិសេសការនាំអង្ករចេញទៅលក់នៅបរ ទេស ក៏ជាប្រភពចំណូលដ៏សំខាន់ រួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនផងដែរ ដូច្នេះការសង្រ្គោះដំណាំស្រូវនៅ ពេលនេះ គឹជារឿងមិនអាចមើលរំលងបានឡើយ ៕