បើករថយន្ត​ដេញ​បុក​និង​ដក​កាំភ្លើង​គំរាម​អ្នកកាសែត

បើករថយន្ត​ដេញ​បុក​និង​ដក​កាំភ្លើង​គំរាម​អ្នកកាសែត

រាជធានី​ភ្នំពេញ ៖ ដោយសារ​កំហឹង​ពី​ការ​ថតរូប​ភាព​ផឹកស៊ី​ស្រវឹង វាយតប់​គ្នា​បែកក្បាល​ជន​ម្នាក់​បាន​បើករថយន្ត​ដេញ​បុក​អ្នក​យក​ព័ត៌មាន ហើយ​ចាប់​ថតរូប​ភាព​ទុក​និង​ដក​កាំភ្លើងខ្លី​២​ដើម​អា​ម៉េ​ភ្ជង់​គំរាម​ទៀត កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​តុលា នៅ​មុខ​ផ្ទះ សំណាក់ គី​ម ចោម​ចៅ ក្នុង​បុរី​ប៊ុ​ន​ហួរ តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ហង្ស​មាស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍ MSJ ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស មក​ដល់​មុខ​ផ្ទះសំណាក់ គី​ម ចោម​ចៅ ស្រាប់តែ​ប្រទះ​ឃើញ​ជន​២​នាក់​ព្រួត​វាយ​បុរស​ជា​មេការ​ផ្ទះសំណាក់​ខាងលើ រហូត​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដែល​ឃើញ​បែប​នេះ​ក៏​បាន​ឈប់​ជួយ​ឃាត់​កុំឱ្យ​វាយតប់​គ្នា ។

ពេល​នោះ ជន​ទាំង​២​នាក់​ក៏​ចេញ​ទៅ​បាត់​នៅ​សល់​តែ​មេការ​ផ្ទះសំណាក់​ដែល​រង​របួស​ឈរ​នៅ​ក្បែរ​តុ​ផឹក​ស៊ីនៅមុខ​ផ្ទះសំណាក់​នោះ ។ អ្វី​ដែល​ជា​ការ​ហួសចិត្ត​នោះ គឺ​មេការ​រូប​នេះ​បែរជា​ចោទ​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍ MSJ ថា ជា​បក្សពួក​របស់​ភាគី​ម្ខាង​ទៀត ទោះបីជា​ប្រាប់​ថា គេ​ជា​អ្នក​យក​ព័ត៌មាន​ក៏​ដោយ ។ មិនតែប៉ុណ្ណោះ មេការ​ផ្ទះសំណាក់​រូប​នេះ បាន​ដកហូត​យក​កូនសោ​ម៉ូតូ​និង​អូស​ម៉ូតូ​របស់​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ MSJ ទៅ​ទុក​ក្នុងផ្ទះ​សំណាក់​ខាងលើ​ទៀត​ផង ។

ដោយសារ​ឥរិយាបថ​ច្រងេងច្រងាង​បែប​នេះ អ្នក​យក​ព័ត៌មាន​រូប​នោះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ករណី​វាយតប់​គ្នា ហើយ​ត្រូវ​ភាគី​ម្ខាង​យក​ម៉ូតូ​របស់​គាត់​ទៅ​រក្សា​ទុក ។ ដោយសារ​លេចឮ​ព័ត៌មាន​នេះ អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ហង្ស​មាស ដែល​ឮ​ការ​ប្រកាស​តាម​វិទ្យុទាក់ទង​ក៏​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​មួយ​គ្រឿង​ទៅ​យក​ព័ត៌មាន និង​ថតរូប​ភាព​នៅ​ចំណុច​នោះ​ដែរ ។ ពេល​នោះ ក៏​ត្រូវ​មេការ​ផ្ទះសំណាក់​ដែល​រង​របួស​នេះ ជេរ​ប្រមាថមើលងាយ​អ្នក​យក​ព័ត៌មាន​ថា ជា​អ្នក​យក​ព័ត៌មាន​បិទ​ដប​ទឹក​ស៊ី​អី​ុ​វ និង​ព្រមាន​ថា បើ​ហ៊ាន​យក​ព័ត៌មាន​ទៅ​ផ្សាយ ស្អែក​នេះ​ដឹង​គ្នា​ហើយ ។

ស្រប​ពេល​នោះ អ្នក​យក​ព័ត៌មាន​ឮ​ថា​មាន​រថយន្ត​ធ្លាក់​ចូល​ប្រ​ទ្បា​យ​ទឹក​ស្អុយ​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ក៏​នាំ​គ្នា​ទៅ​យក​ព័ត៌មាន​ពី​រថយន្ត​ធ្លាក់​ចូល​ប្រ​ទ្បា​យ​ទឹក​រហូត​ចប់​សព្វគ្រប់​ហើយ ទើប​អ្នក​យក​ព័ត៌មាន​ទាំង​២​នាក់​នឹកឃើញ​ថា ព័ត៌មាន​ពី​ការ​វាយ​គ្នា​ខាងលើ​មិន​ទាន់​បាន​យក​ព័ត៌មាន​អស់​នៅ​ទ្បើ​យ ព្រោះ​អី​មិនដឹង​ថា​ផឹកស៊ី​គ្នា​ប៉ុន្មាន​នាក់ ហើយ​មានរឿង​អី​ទើប​ឈ្លោះ​វាយតប់​គ្នា​បែប​នេះ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ PCX ឌុ​ប​គ្នា​ទៅ​កន្លែង​កើតហេតុ​ខាងលើ​ម្តងទៀត ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម ។ ខណៈ​ពេល​ទៅ​ជា​លើក​ទី​២​នេះ មេការ​ផ្ទះសំណាក់​ដែល​រង​របួស​បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បាត់​ហើយ ។

ពេល​នោះ អ្នក​យក​ព័ត៌មាន​បាន​ឈប់​សួរ​ព័ត៌មាន​ពី​បុគ្គលិក​នៅ​មុខ​ផ្ទះសំណាក់ តែ​បុគ្គលិក​នោះ​មិន​ទាន់​ទាំង​និយាយ​បែប​ណា​ផង ស្រាប់តែ​មាន​រថយន្ត​ម៉ា​កវី​ហ្គោ​មួយ​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7183 ជិះ​គ្នា​៤​នាក់ មក​ដល់ ។ លុះ​ឃើញ​អ្នក​យក​ព័ត៌មាន​កំពុង​សួរនាំ​បុគ្គលិក​ផ្ទះសំណាក់ ក៏​ចាប់​អូស​បុគ្គលិក​នោះ​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់ ចំណែក​អ្នក​យក​ព័ត៌មាន​ក៏​បាន​ថតរូប​ផ្ទះសំណាក់ និង​តុ​ផឹកស៊ី​នៅ​ក្បែរ​នោះ ក៏​ត្រូវ​បុរស​ទាំង​៤​នាក់​សួរ​ថា ឯង​ជា​អ្នក​យក​ព័ត៌មាន​ខាង​ណា និង​ហៅ​ឱ្យ​បក្សពួក​ខ្លួន​ថតរូប​វិញ​។ ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ ខណៈនោះ​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍ MSJ មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ ឯ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស មិន​ទាន់​បាន​ទ្បើ​ង​ជិះ​លើ​ម៉ូតូ​ស្រួលបួល​ផង ស្រាប់តែ​អ្នក​ជិះ​ក្នុង​រថយន្ត​ម្នាក់​មក​ចាប់​ក្របួច​ក​អាវ​អូស​ជិត​១០​ម៉ែត្រ​យក​ទៅ​ថតរូប​ទុក ។ ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​៣​នាក់​ទៀត​បាន​បើករថយន្ត​ដេញ​បុក​អ្នក​បើក​ម៉ូតូ​រត់​នោះ ។ ពេល​ទៅ​ជិត​ដល់​ហើយ បាន​ឈប់​រថយន្ត​រួច​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​ដក​កាំភ្លើងខ្លី​២​ដើម​អា​ម៉េ​គំរាម​បាញ់​សម្លាប់​អ្នក​យក​ព័ត៌មាន​ទាំង​២​នាក់ រួច​ហើយ​ដកហូត​យក​វិទ្យុទាក់ទង​របស់​អ្នក​សារព័ត៌មាន​ដែល​សៀត​នៅ​ចង្កេះ​យក​ទៅ​ទុក​បាន​មួយស្របក់ ទើប​ប្រគល់​ឱ្យ​វិញ​ហើយ​ទ្បើ​ង​រថយន្ត​បើក​ចេញ​ទៅ​បាត់​អស់​ទៅ ។

តាម​ប្រជា​ការពារ​ភូមិ​កើតហេតុ​ខាងលើ ឱ្យ​ដឹង​ថា មេការ​ផ្ទះសំណាក់​ដែល​រង​របួស​នោះ ឱ្យ​តែ​ផឹកស្រា​ស្រវឹង​សូ​ម្បី​តែ​ឃើញ​អ្នក​ដើរ​កាត់​តាម​ផ្លូវ​ក៏​វាយ​គេ​ដែរ ។ ក្រោយ​ពេល​កើតហេតុ អ្នក​យក​ព័ត៌មាន​រង​គ្រោះ​ទាំង​២​នាក់ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ពី​បទ​ភ្ជង់​គំរាម​អ្នក​សារព័ត៌មាន នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ឱ្យ​ជួយ​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕