លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់ឱកាស​ពេញលេញ​ដល់​យុវជន

​យុវជន​មិនមែនជា​ឧបករណ៍​សម្រាប់​អ្នកនយោបាយ អ្នកដឹកនាំ​ទេ យុវជន​គឺជា​គ្រឹះ ជា​តួអង្គ និង​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្សនយោបាយ​ផងដែរ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​។ ការបញ្ជាក់​របស់លោក កឹម សុខា បាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​ក្នុង​សិក្ខាសាលា​ស្ដីពី ការពង្រឹង​ឯករាជ្យ និង​វិមជ្ឈការ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​ដោយ​មូលនិធិ​ខុនរ៉ាដ អា​ឌី​ន​ណៅអ៊ែរ​ស្ទី​វ​ហ្វុ​ង​ប្រចាំ​នៅ​កម្ពុជា នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​រ៉ូយ៉ាល់ ។

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា បាន​ពន្យល់ថា គោលជំហរ​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ជាមួយ​យុវជន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យន្ត​ការជំរុញ​ចក្ខុវិស័យ​ទាំងនោះ​ឲ្យ​ដល់​គោលដៅ​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តល់ឱកាស​ឲ្យ​យុវជន​អាច​បញ្ចូល​ខ្លួន​ទៅក្នុង​រចនាសម្ព័ន្ធ​ទាំង​ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និង​ថ្នាក់ជាតិ​ជាដើម​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បើកឱកាស​ឲ្យ​យុវជន​អាច​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​នយោបាយ​តាមរយៈ​គោលនយោបាយ​វិមជ្ឈការ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យកគំនិត និង​សក្តានុពល​របស់​យុវជន​មក​ពិចារណា និង​ប្រើប្រាស់​។​

​ជុំវិញ​បញ្ហា​នេះ​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ដែរថា  យុវជន​ជា​កម្លាំង​ស្នូល​ក្នុងការ​ការពារ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។ មូលដ្ឋាន​បី​សំខាន់ៗ​ដែល​គេ មើលឃើញ​ក្នុង​ភាព​យុវវ័យ គឺ​៖  ទី​១-​ភាពខ្លាំង​ក្លា ស្វាហាប់ វៀងវៃ រហ័សរហួន យុវជន​ប្រកបដោយ​សីលធម៌ ចូលរួម​ស្វែងយល់ និង​រក​ដំណោះស្រាយ​ល្អៗ ពី​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ជាតិ នោះ​ប្រជា​ជាតិខ្មែរ​រឹងមាំ​គង់វង្ស​ជា​និរន្តរ៍ ទី​២-​ភាព​ស្អាតស្អំ ការពារ​យុត្តិធម៌​សង្គម  គ្មាន​សង្គម​ណាមួយ ដែល​អាច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព យុត្តិធម៌​សង្គម និង​សមធម៌​ទៅបាន ដោយ​គ្មាន​ការចូលរួម​ពី​យុវជន ដោយ​គ្មាន​គុណ​តម្លៃ​សីលធម៌​ជា​មូលដ្ឋាន ដែល​ត្រូវបាន​គោរព និង​អនុវត្តន៍​យ៉ាងសកម្ម ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន នៅក្នុង​សង្គម​នោះឡើយ និង​ទី​៣- យុវជន​មាន​ភាព​សាមគ្គី ក្លាហាន  ត្រូវ​លះបង់​អត្តចរិត​អាត្មានិយម និង​ទុទិដ្ឋិនិយម​។ យុវជន​ខ្មែរ ព្រះសង្ឃ​ខ្មែរ បព្វជិត​នានា មាន​សិទ្ធិសេរីភាព​ពេញលេញ ក្នុងការ​ចូលរួម​សិក្សា​ស្វែងយល់ និង​រក​ដំណោះស្រាយ​អំពី​បញ្ហា​សង្គម ជាពិសេស​ក្នុងការ​អប់រំ លើកស្ទួយ​សីលធម៌​សង្គម កសាង​នូវ​ការគោរព​គុណ​តម្លៃ​សីលធម៌ និង​អាកប្បកិរិយា ប្រកបដោយ​សុជីវធម៌ ជាថ្មី​ឡើងវិញ​៕

11196228_1219541231396507_43496434449134373_n 11222695_1219540898063207_1718402108789269052_n12108069_1219541048063192_8952075002377495308_n