លោក បែ មករា៖ លទ្ធផល TOYOTA Mekong-Cup រឹតតែអាក្រក់ បើសិន FFC មិនសម្រួលកម្មវិធីប្រកួត

ភ្នំពេញ៖ បន្ទាប់ពីដឹកនាំក្រុមកំពូលតារាងបឹងកេតអង្គរ ប្រកួតចាញ់ក្រុមណាហ្គាវើល ៣-១ ក្នុងវគ្គខ្វែង៤ក្រុម ចុងក្រោយជើងទី១ នៃពាន MLC-2015 កាលពីម្សិលមិញ អ្នកចាត់ក្រុមបឹងកេតលោក បែ មករា បានលើកឡើងថា ការបរាជ័យ នេះ មិនមែនដោយសារកំហុសកូនក្រុមទាំងស្រុងនោះទេ គឺដោយសារកម្មវិធីប្រកួតដ៏មមាញឹករបស់សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា (FFC) ។

លោក បែ មករា បានបញ្ជាក់ថា «ខ្ញុំធ្លាប់លើកឡើងជាច្រើនលើកមកហើយពាក់ព័ន្ធនឹងកម្មវិធីប្រកួតរបស់សហព័ន្ធដែល មានភាពមមាញឹកយ៉ាងខ្លាំង មិនអាចឲ្យកីឡាករតាមក្លឹបនីមួយៗឈរសម្រាកប្រមូលកម្លាំងត្រឹមត្រូវ ។ មិនមែនក្រុមខ្ញុំ ចាញ់ ទើបខ្ញុំនិយាយទេ ប៉ុន្ដែខ្ញុំទទួលស្គាល់ថា កីឡាករបឹងកេត ពិតជាចាញ់កម្លាំងក្រុមណាហ្គាវើលពិតមែន ហើយ ទម្រង់លេងក៏មានការធ្លាក់ចុះខ្លាំងដែរ» ។

អ្នកចាត់ការក្រុមរូបនេះបានបន្ដថា ដោយសារក្រុមបឹងកេត ត្រូវការកៅអីមួយសម្រាប់ចូលរួមប្រកួតពានរង្វាន់ TOYOTA Mekong-Cup 2015 នៅឡាវ ក្រុមកំពូលតារាងនេះ បានខិតខំយ៉ាងខ្លាំង នៅក្នុងការប្រកួតជាមួយក្រុមភ្នំ ពេញក្រោន កាលពីពេលថ្មីៗកន្លងទៅ ។ ប៉ុន្ដែទាន់បានសម្រាកប៉ុន្មានផង ក៏ត្រូវជួបប្រកួតវគ្គ Play-Off ជាមួយក្រុមណាហ្គាវើលទៀត ដូច្នេះកម្លាំងកីឡាករមិនស្ដារទាន់ពេល ដើម្បីធ្វើការប្រកួតនោះឡើយ ដូច្នេះលោកបានស្នើរឲ្យ FFC ដើម្បីសម្រួលដល់កម្មវិធីប្រកួត ប្រសិនបើចង់បានលទ្ធផលល្អ ក្នុងការប្រកួតពានរង្វាន់អនុតំបន់ទន្លេមេគង្គខាងលើ ។

លោក បែ មករា បានបន្ថែមថា «បឹងកេត ត្រូវការប្រកួតប្រជែង ដើម្បីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៃលីកកំពូលកម្ពុជា ហើយបឹងកេត ក៏ចង់ក្លាយជាតំណាងប្រទេស ដើម្បីប្រកួតប្រជែងស្វែងរកលទ្ធផលល្អជូនប្រទេសជាតិ ក្នុងការប្រកួត ពាន TOYOTA Mekong-Cup ផងដែរ ។ ដូច្នេះតើខ្ញុំត្រូវធ្វើយ៉ាងណា បើកម្មវិធីប្រកួតមមាញឹករកពេលសម្រាកមិន បានបែបនេះ? ហេតុនេះ ខ្ញុំនឹងរង់ចាំមើលតើសហព័ន្ធ នឹងលើកការប្រកួតឲ្យយើងអត់? បើមិនលើកទេ ពេលហ្នឹងហើយ ដែលយើងនឹងដឹងថា ត្រូវលេងយ៉ាងរបៀបម៉េច» ។

«បើសិនសហព័ន្ធលើកការប្រកួតមែន ពេលនេះវាជារឿងលំបាក ហើយលទ្ធផលនៃការចូលរួមប្រកួតពាន TOYOTA Mekong-Cup នឹងរឹតតែអាក្រក់មើលថែមទៀត ព្រោះយើងត្រូវបែងចែកកីឡាករណាខ្លះដែលត្រូវចេញទៅប្រកួតពាន រង្វាន់ TOYOTA Mekong-Cup ហើយកីឡាករណាខ្លះ ដែលត្រូវនៅប្រកួតប្រជែងដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនៃលីកកំពូលកម្ពុជា រដូវកាលថ្មីនេះ?» ។

ដោយឡែកលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល វិញបានលើកឡើងថា ទោះបីក្រុមលោកយកឈ្នះក្រុមបឹងកេតក្ដី ប៉ុន្ដែលោកបានទទួលស្គាល់ថា ក្រុមណាហ្គាវើល ពិតជាមានពេលសម្រាកច្រើនជាងក្រុមបឹងកេតមែន ដែលនេះគឺជាឱកាសនៃការយកប្រៀបលើកម្លាំងកីឡាករបឹងកេត ។ លោកបន្ដថា បឹងកេត មានភាពមមាញឹកខ្លាំងណាស់ដោយកីឡាករជាប់ជម្រើសជាតិក៏ច្រើន ហើយកម្មវិធីប្រកួតក៏ច្រើន ជាក់ស្ដែងបឹងកេត ត្រូវត្រៀមខ្លួនចូលរួម ប្រកួតពានរង្វាន់ TOYOTA Mekong-Cup តំណាងឲ្យប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៥ នេះទៀតផង ៕

លោក បែ មករា៖ លទ្ធផល TOYOTA Mekong-Cup រឹតតែអាក្រក់ បើសិន FFC មិនសម្រួលកម្មវិធីប្រកួត

បឹងកេត ចាញ់ក្រុមណាហ្គា ៣-១ ម្សិលមិញនៅស្តាតចាស់

លោក បែ មករា៖ លទ្ធផល TOYOTA Mekong-Cup រឹតតែអាក្រក់ បើសិន FFC មិនសម្រួលកម្មវិធីប្រកួត

លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត