នរណាជំនួស កឹម សុខា ?

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ នៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកចូលរួម ជាជនជាតិខ្មែរ និង និស្សិតជាង ៨០០នាក់ នៅសាលប្រជុំឈ្មោះ Maison de la Chimie នៅទីក្រុងប៉ារីសថា អ្នកឯងឡើងតាមសន្លឹក ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ចុះវិញក៏តាមសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា ។

គណបក្សប្រឆាំង បានរៀបចំបាតុកម្មប្រឆាំង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី នៅប្រទេសបារាំង ដើម្បី បង្ហាញពីសិទ្ធិ រីឯអ្នក នៅកម្ពុជាក៏នឹងរៀបចំបាតុកម្ម ប្រឆាំងវិញដែរ ដើម្បីបង្ហាញពីសិទ្ធិ ដែលបាតុកម្មនោះ ទាម ទារបណ្តេញលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ។

នៅប្រទេសបារាំង បាតុករជាជនជាតិខ្មែរ ដែលគាំទ្រគណបក្សប្រឆាំង រួមទាំងលោក ស៊ាន ប៉េងសែ ផង មានគ្នា ជាង ១០០នាក់ ខណៈដែលពលរដ្ឋខ្មែរ និងនិស្សិតជាង ៨០០នាក់ ចូលរួមស្តាប់ការអត្ថាធិប្បាយរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ អ្វីៗវាបានជាការពិតមែន ក្រោយពីព្រះភិរុណបានបញ្ចប់ការបង្អោទឹក ភ្លៀង នៅរាជធានីភ្នំពេញ ក្រុមបាតុករជាច្រើនពាន់នាក់ (ប្រហាក់ប្រហែល ៤ពាន់ ទៅ៥ពាន់នាក់) បាននាំគ្នា លើកបដាស្រែកមេក្រូ នៅមុខរដ្ឋសភាដើម្បីទាមទារ ឲ្យសម្តេច ហេង សំរិន និងរដ្ឋសភា ដកលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ចេញពីអនុប្រធានទី១នៃរដ្ឋសភា ដោយចោទប្រកាន់ថា លោក កឹម សុខា បង្ក អស្ថិរភាពធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងថា ភូតកុហកបោកប្រាស់ប្រជារាស្រ្ត ។

អ្នកវិភាគបានចំណោទសួរថា តើឥរស្សជនណាមួយដែលជាសមាជិកសភា មកពីគណបក្សសង្រ្គោះជាតិ អាចនឹង ទៅជំនួសតំណែង លោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា ?

តាមកូតារបស់គណបក្សសង្រ្គោះជាតិ តំណែងអនុប្រធានទី១រដ្ឋសភា ត្រូវមកពីភាគីលោក កឹម សុខា បើទោះបីជា លោក កឹម សុខា អនាគតនឹងត្រូវបានសភា ដកចេញពីតំណែងក៏ដោយ ប៉ុន្តែ បេក្ខភាពត្រូវតែចេញពីកូតារបស់ លោក កឹម សុខា ។

អ្នកវិភាគបានចោទជាបញ្ហាថា តើសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន នឹងយល់ព្រមបោះឆ្នោតគាំទ្របេក្ខភាព មកពីកូតាលោក កឹម សុខា នៅក្នុងគណបក្សសង្រ្គោះជាតិដែរឬទេ ខណៈ គេមើលឃើញថា សម្តេចតេជោ ហ៊ុន សែន បានស្អប់លោក កឹម សុខា ដល់កំពូលហើយនោះ? សម្តេចតេ ជោ ហ៊ុន សែន ធ្លាប់បានព្រមាន ២ដងរួចមកហើយថា បើសិនជាលោក កឹម សុខា នៅតែបន្តវាយប្រហារ រិះគន់បែប ជ្រុលនិយមទៅលើសម្តេច និងគណបក្សប្រជាជនកម្ពុជា នោះសមាជិកសភាគណបក្សប្រជាជនកម្ពុជា នឹងអស់ ភាពអត់ធ្មត់ ហើយព្រមានបោះឆ្នោតទម្លាក់លោកចេញពីអនុប្រធានទី១ នៃរដ្ឋសភាថែមទៀតផង ។ ការព្រមាន របស់សម្តេច តេជោ ហ៊ុន សែន ពីរលើករួចមកហើយ ហើយអ្នកវិភាគនៅតែមើលឃើញថា លោក កឹម សុខា មិន ព្រមចុះញ៉មទៅនឹងការព្រមានរបស់បុរសខ្លាំងនៃកម្ពុជា ដូច្នេះប្រហែលនេះជាការព្រមានលើកទី៣ និងជាលើកចុងក្រោយពីប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ពីបុរសខ្លាំង ដូច្នេះជោគវាសនារបស់លោក កឹម សុខា អាចនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីពីតំណែង អនុប្រធានទី១ នៃរដ្ឋសភាដែលលោកបានប្រាថ្នាចង់អង្គុយកន្លែងនេះ តាំងពីអាណត្តិទី៤ នៃរដ្ឋសភាមកម្ល៉េះ ប៉ុន្តែ ពេលនោះលោក កឹម សុខា ស្នើសុំសម្តេចម្តងរួចមកហើយដែរ តែ សម្តេច បដិសេធមិនព្រម ។

អ្នកវិភាគបានលើកឡើងនូវការសង្ស័យថា អនុប្រធានទី១ នៃរដ្ឋសភាប្រហែលជាមកពីកូតា លោក សម រង្ស៊ី វិញម្តង ដែលតាមភ្នកមើលទៅ គឺលោកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី ឬក៏លោកស្រី កែ សុវណ្ណារ័ត្ន ភរិយារបស់លោក យឹម សុវណ្ណ ដែលជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។

អ្នកវិភាគបានបន្តថា លោក កឹម សុខា ក្រោយពីត្រូវបានគេបណ្តេញចេញតាមរយៈការបោះឆ្នោត ទម្លាក់ចេញពីអនុប្រធានទី១នៃរដ្ឋសភា រួចហើយអាចប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះលោកបានជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ហិង្សា ១៥ កក្កដា ២០១៤ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ មុនពេលដែលលោកទទួលបានអភ័យឯក សិទ្ធិសភាក្រោយការចូលស្បថ ដើម្បីបានអភ័យឯកសិទ្ធិ ។ ដូច្នេះយោងតាមច្បាប់ អំពើប្រព្រឹត្តបទល្មើសរបស់ លោក ដែលកើតមុនពេលដែលទទួលបានអភ័យឯកសិទ្ធិ ទំនងជាមិនអាចគេចផុតតាមផ្លូវច្បាប់នោះទេ ខណៈ ដែលសំណុំរឿង ១៥ កក្កដា ២០១៤ នៅបន្ត នៅឯតុលាការ ៕

នរណាជំនួស កឹម សុខា ?