លោក ម៉ៅ មុនីវណ្ណ៖ បក្សកាន់អំណាច ធ្វើបាតុកម្មត្រៀមខ្លួន ធ្វើជាបក្សប្រឆាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ បានថ្លែងបញ្ចេញមតិផ្ទាល់ខ្លួន នៅក្នុង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥ថា គណបក្សកាន់អំណាច ធ្វើបាតុកម្មប្រឆាំង លោក កឹម សុខា នៅមុខវិមានរដ្ឋសភា ដើម្បីត្រៀមខ្លួនធ្វើជា គណបក្សប្រឆាំង។

លោក ម៉ៅ មុនីវណ្ណ បានថ្លែងក្នុងហ្វេសប៊ុកបន្តថា “នៅព្រឹកថ្ងៃចន្ទនេះដែរ គណបក្សកាន់អំណាច បានរៀបចំធ្វើ បាតុកម្មប្រឆាំង លោកប្រធានស្ដីទី កឹម សុខា អនុប្រធានទី១រដ្ឋសភា ដែលនេះបញ្ជាក់ថា គណបក្សកាន់អំណាច កំពុងត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើជាគណបក្សប្រឆាំង នៅឆ្នាំ២០១៨ខាងមុខ”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ តុលា នេះប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ របស់គណបក្សប្រជាជនកម្ពុជា ប្រមាណ ជា៥០០០នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យលោក កឹម សុខា ចុះចេញពីដំណែង ក្រោមហេតុផលថា លោកបោកប្រាស់ឆន្ទៈរបស់ពួកគាត់។ ព្រមជាមួយគ្នានេះ ខណៈសម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ក៏មានបាតុកររាប់រយនាក់ធ្វើបាតុកម្មប្រឆាំងនឹងសម្តេចផងដែរ៕

លោក ម៉ៅ មុនីវណ្ណ៖ បក្សកាន់អំណាច ធ្វើបាតុកម្មត្រៀមខ្លួន ធ្វើជាបក្សប្រឆាំង