ម៉ា​ឡេ​ស៊ី​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ជា​កម្លាំង​ជំរុញ​ផលិតភាព

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ក្នុង​ពេល​ដែល​ពិភពលោក​មាន​ភាព​មិន​នឹងនរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើនសេដ្ឋកិច្ច​ស្ទុះ​ឡើង​យឺត​របស់​ម៉ា​ឡេ​ស៊ី​នៅ​ឆ្នាំ​ក្រោយ​នោះ លោកនាយក​រដ្ឋមន្ត្រី Najib Abdul Razak បាន​ជំរុញ​ឲ្យ​មានការ​ដំឡើង​ប្រាក់បៀវត្ស​អប្បបរមា​ខ្ពស់​ជាង​មុន និង​បង្កើន​ការ​ចែករំលែក​ដល់​ពលរដ្ឋ​ក្រីក្រ​ឱ្យ​បាន​ច្រើន​សម្រាប់​សំណើ​កញ្ចប់​ថវិកា​ឆ្នាំ​២០១៦ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ។

លោក Najib Abdul Razak រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា ៖ «​សេដ្ឋកិច្ច​របស់​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ក្នុង​ចន្លោះ​ពី​៤,៥% និង​៥,៥%​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​ការ​បោះ​ជំហាន​នេះ​អាច​មាន​កម្រិត​យឺត​នៅ​ចន្លោះ​៤% និង​៥% នៅ​ឆ្នាំ​២០១៦​ខាង​មុខ ស្រប​ពេល​ដែល​លោក​បង្ហាញ​នូវ​សំណើ​ថវិកា​នៅ​វិមាន​រដ្ឋសភា​» ។
ក្នុង​អំឡុង​ឆ្នាំ​២០១៤ កំណើន GDP របស់​ម៉ា​ឡេ​ស៊ី ស្ថិត​ក្នុង​រង្វង់​៦% ។

លោក Najib Abdul Razak បាន​ថ្លែង​ក្នុង​សេចក្តី​ព្រាង​ស្តី​ពី​ទិស​ដៅ​កំណើន​ទាប​ជាង​មុន​សម្រាប់​ឆ្នាំ​២០១៦ ថា ៖ «​យើង​ដឹង​រួច​ហើយ​ថា នឹង​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ម៉ា​ឡេ​ស៊ី​រង​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ឡើយ ដែល​រាប់​ទាំង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញប្រើប្រាស់​ផង ជា​ពិសេស​ប្រេង​ឆៅ ដូងប្រេង កៅស៊ូ ការ​ចុះថោក​នៃ​ប្រាក់​រីង​ហ្គី​ត និង​កំណើន​យឺត​ជាង​មុន​ក្នុង​បណ្តា​ប្រទេស​ធំ​ៗ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​» ។

ជាមួយ​គ្នា​នឹង​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ជាង​៥០% ចាប់តាំងពី​ការ​ឡើង​ដល់​កម្រិត​កំពូល​កាលពី​ខែមិថុនា​មុន ដែល​ស្ថិត​នៅ​ត្រឹម​រង្វង់​៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ការ​បង់ពន្ធ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​ចូល​ថវិកា​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា នឹង​ធ្លាក់​ចុះ​ប្រមាណ​ជា​២៨% ពី​អត្រា​៣៦៨​ប៊ី​លាន​បាត​ក្នុង​ឆ្នាំ​២០១៥ ទៅ​២៦៤​ប៊ី​លាន​បាត​នៅ​ឆ្នាំ​ក្រោយ ។ វិស័យ​នេះ​ស្មើនឹង​ប្រមាណ​ជា​២២% នៃ​ចំណូល​សរុប​របស់​រដ្ឋាភិបាល ។

ការ​ជឿជាក់​របស់​អតិថិជន និង​អ្នក​វិនិយោគ​ក៏​បាន​វាយលុក​ដោយ​ភាព​ចុះ​ខ្សោយ​នៃ​ប្រាក់​រីង​ហ្គី​តរបស់​ម៉ា​ឡេ​ស៊ី​ផង​ដែរ ដែល​ស្ថិត​ក្នុង​កម្រិត​ទាប​រយៈពេល​១៧​ឆ្នាំ​នេះ មាន​៤,២​រីង​ហ្គី​ត ស្មើនឹង​១​ដុល្លារ ។

ប៉ុន្តែ​លោក Najib Abdul Razak បាន​ទាត់​ចោល​នូវ​ភាព​ទុទិដ្ឋិនិយម​លើ​ផ្នែក​សេដ្ឋកិច្ច ដោយ​លោក​បង្ហាញ​ថា ៖ «​ជាក់ស្តែង ម៉ា​ឡេ​ស៊ី​ពុំ​បាន​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង ឬ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ដួល​រលំ​ឡើយ ក្នុង​នោះ​ម៉ា​ឡេ​ស៊ី​បាន​រក្សា​នូវ​ស្ថេ​រ​ភាព​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​រឹង​មាំ និង​រក្សា​ភាព​ប្រកួតប្រជែង​ឲ្យ​នៅ​ដដែល​» ។

លោក​ក៏​បាន​រិះរក​នូវ​មូលហេតុ​ដ៏​ចម្បង​នៃ​ក្តី​បារម្ភ​សាធារណៈ​លើ​ការ​កើនឡើង​ក្នុង​ការ​ចំណាយ​លើ​ជីវភាព​រស់នៅ ជា​ពិសេស​បន្ទាប់​ពី​ការ​ណែនាំ​នូវ​ពន្ធ​លើ​សេវាកម្ម និង​ទំនិញ​៦% ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៥ ។

លោក​លើក​ឡើង​ថា ៖ «​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពន្ធ​លើ​ផ្នែក​សេវាកម្ម និង​ទំនិញ​ពាក់ព័ន្ធ​នឹង​ប្រេង​នេះ​នឹង​ជួយ​គ្របដណ្តប់​ដល់​ចំនួន​ដែល​ខ្វះ ហើយ​ធានា​បាន​ថា​ឱនភាព​នៃ​ពន្ធ​អាករ​មិន​រីក​ធំ​ឡើយ​» ។ លោក​ក៏​កំពុង​ស្នើ​ឲ្យ​មានការ​កើនឡើង​ជាង​ឆ្នាំ​នេះ​បន្តិច​ប្រមាណ​ជា​២,៥% សម្រាប់​ថវិកា​ឆ្នាំ​២០១៦ ហើយ​ថែម​ទាំង​សម្លឹង​ឃើញ​ពី​ឱនភាព​នៅ​ក្នុង​ចំនួន​តិច​ជាង​៣,២% ក្នុង​ឆ្នាំ​២០១៥ ផង​ដែរ ។

ក្នុង​ចំណោម​វិធានការ​ទាំងឡាយ​ដែល​លោក​បាន​ប្រកាស គឺ​នឹង​ដំឡើង​ប្រាក់បៀវត្ស​អប្បបរមា​ថ្នាក់​ជាតិ ដែល​បច្ចុប្បន្ន​មាន​ចំនួន​៩០០​រីង​ហ្គី​ត (២១១,៦១​ដុល្លារ​) ទៅ​១០០​រីង​ហ្គី​ត (២៣៥,១២​ដុល្លារ​) ក្នុង​មួយ​ខែ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​ក្រោយ​តទៅ ។ ចំណែក​មន្ត្រីរាជការ​ស៊ី​វិល​នឹង​ទទួល​ប្រាក់បៀវត្ស​អប្បបរមា​ចំនួន​១.២០០​រីង​ហ្គី​ត (២៨២,១៥​ដុល្លារ​) ។

លោក​នឹង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ប្រាក់​វិ​ភោជន៍​ចំនួន​៥,៩​ប៊ី​លាន​រីង​ហ្គី​ត​ផង​ដែរ ដែល​នឹង​ផ្តល់​គុណប្រយោជន៍​ដល់​ប្រជាជន​៤,៧​លាន​នាក់ និង​២,៧​លាន​នាក់​ជា​អ្នក​នៅ​លីវ ។

វិធានការ​នានា​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ដោយ​លោក Najib Abdul Razak បង្ហាញ​ថា ៖ «​ការ​អនុម័ត​របស់​លោក​កាន់តែ​រំកិល​ចុះ​ថែម​ទៀត ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ជាមួយ​ការ​ដោះស្រាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​» ។

តាម​របាយការណ៍​របស់​សារព័ត៌មាន Singapore Straits Times នៅ​ពី​ស​ប្តា​ហ៍​មុន ដែល​បាន​ដកស្រង់​ការ​ស្ទាបស្ទង់​ដោយ​ឯករាជ្យ​របស់​មជ្ឈមណ្ឌល​ស្ទង់​មតិ​មហាជន Merdeka Centre កាលពី​ខែសីហា បង្ហាញ​ថា ៖ «៧៨%​នៃ​អ្នកឆ្លើយ​តប គឺ​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​ចំណាយ​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ អ្នក​អត់​ការងារ​ធ្វើ ពន្ធ​លើ​សេវាកម្ម និង​ទំនិញ​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​នៃ​បញ្ជី​អ្នក​តវ៉ា​» ។

លោក Najib Abdul Razak ក៏​ស្ថិត​នៅ​ក្រោម​សម្ពាធ​នៃ​រឿងអាស្រូវ​ពុក​រលួយ​ផង​ដែរ ដោយ​លោក​ត្រូវ​គេ​ចោទប្រកាន់​ថា បាន​កិបកេង​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ពី​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ ៕