តម្រូវការ​ផ្នែក​វាយនភ័ណ្ឌ​នៅ​វៀតណាម​សម្រាប់​អា​មេ​រិ​ក​កើនឡើង

ប្រទេស​វៀតណាម ៖ នៅ​ក្នុង​តួលេខ​នៃ​ត្រីមាស​ទី​៣ សម្រាប់​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​កាត់ដេរ​វៀតណាម​បង្ហាញ​ថា តម្រូវការ​ពី​សហរដ្ឋអាមេរិក​មានការ​កើនឡើង ហើយ​ក៏​នាំមុខ​គេ​ដែរ​ក្នុង​ចំណោម​អ្នកទិញ​ទំនិញ​ជា​ច្រើន ពោល​គឺ​ស្មើនឹង​ជិត​៥០% នៃ​ចំណូល​នាំ​ចេញ​សរុប​របស់​ឧស្សាហកម្ម​ទាំងមូល​រហូត​មក​ទល់​ពេល​នេះ ។

យោង​តាម​ស្ថិតិ​ពី​នាយកដ្ឋាន​ពន្ធដារ​ទូទៅ​របស់​វៀតណាម​ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​សម្រាប់​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​សម្រេច​បាន​ជិត​១៧​ប៊ី​លាន​ដុល្លារ​ហើយ ក្នុង​នោះ​៨,៣​ប៊ី​លាន​ដុល្លារ​បាន​មក​ពី​ទីផ្សារ​សហរដ្ឋអាមេរិក ។

ខណៈ​ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​សរុប​ទាំងអស់​បាន​កើនឡើង​១០% ធៀប​នឹង​ឆ្នាំទៅ ទីផ្សារ​សហរដ្ឋអាមេរិក​ល្អ​ជាងគេ មាន​កំណើន​១៣,៦% មាន​ន័យ​ថា បណ្តា​អ្នកទិញ​របស់​សហរដ្ឋអាមេរិក គឺជា​អ្នក​នាំមុខ​ដ៏​សកម្ម​នៃ​ការ​ពង្រីក​ខ្លួន​ក្នុង​វិស័យ​នេះ ។

ចំណែក​អ្នក​នាំ​ចូល​ធំ​ជាងគេ​បំផុត​ទី​២ និង​ទី​៣ តាម​ពីក្រោយ​សហរដ្ឋអាមេរិក​យ៉ាង​ប្រកៀក​ប្រកិត​នោះ​គឺ ជប៉ុន​នាំ​ចូល​២,០៣​ប៊ី​លាន​ដុល្លារ និង​កូរ៉េ​ខាងត្បូង​១,៥៤​ប៊ី​លាន​ដុល្លារ ។

បណ្តា​អ្នក​នាំ​ចេញ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​កំពុង​សម្លឹង​មើល​លើ​ការ​អនុគ្រោះ​ពី​ពន្លឺ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កាលពី​ពេល​ថ្មី​ៗ​នេះ ដូច​ជា ការ​ចុះហត្ថលេខា មួយ​រួច​មក​ហើយ​ជាមួយ​កូរ៉េ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែឧសភា និង​ការ​ចរចា​រយៈពេល​យូរ​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។

ប្រសិនបើ​កិច្ចព្រមព្រៀង TPP ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​វៀតណាម​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​សម្លឹង​ឃើញ​ពី​ការ​ទម្លាក់​តារាង​តម្លៃ​ពន្ធ​១៧% ទៅ​៣០% ។

គម្រោង​វិស័យ​នេះ​នឹង​ទាញ​យកគុណ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​អឺរ៉ុប ដែល​ការ​ចរចា​ត្រូវ​បាន​អនុម័ត​បញ្ចប់​កាលពី​ខែសីហា ។ នៅ​ពេល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពន្ធ​១២% លើ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​របស់​វៀតណាម​ត្រូវ​លើកលែង​នឹង​ធ្វើ​ឲ្យ​ផលិតផល​ទាំងនោះ​កាន់តែ​មានការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​បន្ថែម​ទៀត ៕