កីឡាករ ផល សោភ័ណ្ឌ ឈ្នះ រីឯ សេក គឹម ផៃ ចាញ់ថៃដាច់លើសង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូបគឺ ផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធ និង សេក គឹមផៃ ក្លឹបអង្គរមាន ជ័យ ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះនៅលើសង្វៀន SEA-TV ដោយអ្នកប្រដាល់ខែ្មរឈ្នះ១ និងចាញ់១ ។

សោភ័ណ្ឌ គេត្រូវអ្នកប្រដាល់ថៃ Yorth Sek ទម្ងន់ ៦៣,៥គីឡូក្រាម រំលោភលើបទបញ្ជាប្រកួត ដោយយកជង្គង់សង្កត់ថែមទៅលើដើម ទ្រូង ក្នុងពេលដែល សោភ័ណ្ឌ ដួលលើសង្វៀនហើយនោះ បណ្ដាលឲ្យសន្លប់ក្នុងទឹកទី២ ប៉ុន្តែផល សោភ័ណ្ឌ គេជាអ្នកទទួលបានជ័យជំនះ កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ខែតុលា ក្នុងកម្មវិធីប្រដាល់ Cambodia នៅ លើសង្វៀន SEA-TV ។

អ្នកប្រដាល់ថៃ Yorth Sek រូបនេះត្រូវអាជ្ញាកណ្ដាលឲ្យចាញ់ ព្រោះប្រកួតខុសពីលក្ខន្តិកៈប្រកួតដួលហើយ ហាមវាយថែម ។
Yorth Sek អ្នកប្រដាល់ថៃនេះ ពេលដែល សោភ័ណ្ឌ ដួលទៅលើសង្វៀន ហើយនោះគេបានផ្តួលខ្លួនទៅជាមួយ ដោយយកជង្គង់ទៅអុកបន្ថែមលើដើមទ្រូង សោភ័ណ្ឌ ធ្វើឲ្យ សោភ័ណ្ឌ សន្លប់លែងក្រោករួច ។ ចំណែកអ្នកប្រដាល់ថៃYorth Sing ដែលប្រកួតជាមួយ សេក គឹមផៃ វិញនោះ បានវាយឈ្នះពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ Yorth Sing ដែលមានប្រវត្តិប្រកួតចំនួន៦៥លើក វាយឈ្នះ៥៥ដង ចាញ់៨ដង ស្មើ២ដង បានយកប្រៀបឈ្នះលើសេក គឹមផៃ ស្ទើរតែគ្រប់ទឹក ទើបគេឈ្នះដោយពិន្ទុបែបនេះ ។

ចំណែកឯក គឹម វាសនា អ្នកប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ វិញត្រូវ ថុល មករា អ្នកប្រដាល់ក្លឹបឃ្លាំងមឿងកីឡា វាយឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២ គ្រាដែល គង់ ហ៊ូវ អ្នកប្រដាល់ក្លឹបកងពលធំអន្តរាគមន៍លេខ២ បាន យកឈ្នះ ខឹក សុខឿន អ្នកប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ នៅក្នុងទឹកទី៤ ។

សម្រាប់សង្វៀន Ganzberg វិញអ្នកប្រដាល់ ផាន់ សារុន ក្លឹបគុជសាកីឡាត្រូវ គង់ សំបូរ អ្នកប្រដាល់សមាគមកីឡាក្រសួង ការពារជាតិបានទាត់ឲ្យខូចជើង ហើយបោះបង់ការប្រកួតនៅក្នុងទឹកទី៤ ក្នុងការប្រកួតកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ដូចគ្នា ។ ឆន ចាន់នី អ្នកប្រដាល់នៃក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ បានប្រកួតចាញ់  ថាន រ៉ាឌី អ្នកប្រដាល់ក្លឹបសម្រែករាជសីហ៍ដោយពិន្ទុ ក្រោយពីវាយគ្នាយ៉ាងស្វិតស្វាញ៥ទឹកពេញនោះ ។

ចំណែក គួន ប៊ុនហ៊ីម អ្នកប្រដាល់ក្លឹបពន្លឺសាមគ្គី ខេត្តបាត់ដំបង និងអ្នកប្រដាល់ ម៉ន រ៉ៃយ៉ា ក្លឹបការិយាល័យទី៥កងទ័ព ជើងគោក មិនត្រូវបានគណៈកម្មការប្រកាសលទ្ធផលនោះទេ ។ គួន ប៊ុនហ៊ីម ត្រូវ រ៉ៃយ៉ា ទាត់ឲ្យខូចសន្លាក់ជង្គង់ខាង ស្តាំក្នុងទឹកទី៤ ក្នុងពេលដែលអាជ្ញាកណ្ដាលបានព្រមានឲ្យ គួន ប៊ុនហ៊ីម វាយម្តងជាពីរដងនោះ ។

ទោះជាយ៉ាងណាគូនេះមិនប្រកាសលទ្ធផលឈ្នះចាញ់ឡើយ តែយ៉ាងណា ម៉ន រ៉ៃយ៉ា គេជាអ្នកទទួលបានលុយតម្លៃខ្លួនខាងឈ្នះ ។ សេក គឹមឈុន អ្នកប្រដាល់ក្លឹបអង្គរមានជ័យ ផ្តួល រឿន សុខឃី អ្នកប្រដាល់ក្លឹបរស្មីកុមារកំព្រា ឲ្យសន្លប់ក្នុងទឹកទី២ដោយ សារកណ្ដាប់ដៃ ៕

កីឡាករ ផល សោភ័ណ្ឌ ឈ្នះ រីឯ សេក គឹម ផៃ ចាញ់ថៃដាច់លើសង្វៀន SEA-TV

កីឡាករ ផល សោភ័ណ្ឌ ឈ្នះ រីឯ សេក គឹម ផៃ ចាញ់ថៃដាច់លើសង្វៀន SEA-TV

កីឡាករ ផល សោភ័ណ្ឌ ឈ្នះ រីឯ សេក គឹម ផៃ ចាញ់ថៃដាច់លើសង្វៀន SEA-TV