យើងបន្ត​​កំណែ​ទម្រង់​ស៊ី​ជម្រៅ​​លើ​វិស័យ​​អប់រំ ទោះបី​​ប្រឈម​នឹង​ការ​​រិះ​គន់ក្តី

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស នៅ​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ នា​ថ្ងៃ​ទី​២៤ តុលា លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ទោះបីជា​ប្រឈម​នឹង​ការ​រិះគន់​ពី​គណបក្សប្រឆាំង ប៉ុន្តែ​រយៈ​ពេល​​២​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​កំណែទម្រង់​ស៊ីជម្រៅ​វិស័យ​អប់រំ​សំដៅ​លើក​កម្ពស់​គុណភាព សមត្ថភាព និង​ចំណេះដឹង​ទូទៅ​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ និង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស​ទូទៅ និង​អន្តរជាតិ​ជូន​សិស្ស​ចំនួន​៨៤៣​នាក់ ក្នុង​នោះ Level 6 ចំនួន​៤៩៩​នាក់ Level 12 ចំនួន ៣៤០​នាក់ និង​វិញ្ញាបនបត្រ​អន្តរជាតិ អាយ​អ៊ែ​ល (IELTS) ចំនួន​៤​នាក់ នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ (​សាខា​ទួល​ស្លែង​) ក្រោម​វត្តមាន​លោក​ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

លោក​លី ប៊ុ​ន​ឆៃ អគ្គនាយករង​ប៊ែ​ល​ធី គ្រុប ទទួល​បន្ទុក​សាលា​ប៊ែ​ល​ធី អន្តរជាតិ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០១៥-២០១៦​នេះ មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា​ចំនួន​៣០.៥៧២​នាក់ ហើយ​ឆ្នាំ​សិក្សា​២០១៤-២០១៥​កន្លង​មកនេះ មាន​សិស្ស​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​១.១០២​នាក់ បាន​ប្រឡង​ជាប់​ចំនួន​៨៦៤​នាក់​ស្មើនឹង​៧៨,៤០% ក្នុង​នោះ​ជាប់​និទ្ទេស​A ចំនួន​៦​នាក់ និទ្ទេស​B ចំនួន​៣២​នាក់ និទ្ទេស​C ចំនួន ៩៤​នាក់ និទ្ទេស​D ចំនួន​១៣៨​នាក់ និង​និទ្ទេស​E ចំនួន​៥៩៤​នាក់ ។

ដោយឡែក​ថ្នាក់​ទី​៩ មាន​សិស្ស​ពូកែ​ជាប់​ទូ​ទាំង​រាជធានី​ភ្នំពេញ​ចំនួន​៧​នាក់ និង​ជាប់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ចំនួន​២​នាក់​ផង​ដែរ ។ លោក​បញ្ជាក់​ថា កន្លង​មក​សិស្ស​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ទាំង​១០​ជំនាន់ (២០០៤-២០០៥ ដល់​២០១៤-​២០១៥) មាន​ចំនួន​៦.០០៦​នាក់ ជាប់​៥.៤២២​នាក់​ស្មើនឹង​៩០,៣០% និង​សិស្ស​ភាសា​អង់គ្លេស Level 12 បាន​ប្រឡង​បញ្ចប់​ទាំង​៣៦​ជំនាន់​ចំនួន​៣.៨៥០​នាក់ ហើយ​សញ្ញាបត្រ​របស់​សិស្ស​ទាំង​អស់នេះ សាលា​បាន​បញ្ចូល​ទៅ​ក្នុង​វេ​ប​សាយ​សាលា​ប៊ែ​ល​ធី​អន្តរ​ជាតិ​ដែល​មាន​អាសយដ្ឋាន www.beltei.edu.kh ត្រង់​ចំណុច G ។

លោក​លី ឆេ​ង អគ្គនាយក​ប៊ែ​ល​ធី គ្រុប និង​ជា​សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​រីក​ចម្រើន​របស់​ប៊ែ​ល​ធី និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ទាំងអស់ ខណៈ​មក​ដល់​បច្ចុប្បន្ន​នេះ មាន​បុគ្គលិក​សរុប​ជិត​១.៧០០​នាក់ ។ លោក​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្លួន ដោយ​ផ្តោត​ទៅ​លើ​ជំនាញ​ទាំង​៤ គឺ​ការ​និយាយ ការ​ស្តាប់ ការ​អាន និង​ការ​សរសេរ ហើយ​នៅ​ពេល​បញ្ចប់​Level12 សិស្ស​ត្រូវ​ទទួល​បាន​ពិន្ទុ​ជា​អន្តរជាតិ​តេស្ត​ថូ​ហ្វែ​ល (TOEFL) ឬ អាយ​អ៊ែ​ល (IELTS) ឱ្យ​បាន​ពិន្ទុ​យ៉ាងតិច​៥.៥​ឡើង​ទៅ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ។

លោក​លី ឆេ​ង បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ សាលា​បាន​ផ្តល់​អាហារូបករណ៍​ចំនួន​១៧​នាក់ ដោយ​រួម​ទាំង​សិស្ស​និទ្ទេស​A ចំនួន​៦​នាក់​ផង​ដែរ ឲ្យ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ចក្រភព​អង់គ្លេស​ចំនួន​១​នាក់ ប្រទេស​សិង្ហ​បុរី​ចំនួន​១៥​នាក់ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្នែក​ពេទ្យ​ចំនួន​១​នាក់ ។ សរុប​សិស្ស​អាហារូបករណ៍​ដែល​បាន​ទៅ​សិក្សា​ក្រៅប្រទេស​គិត​ត្រឹម​ខែតុលា មាន​ចំនួន​៤១​នាក់ ។

លោក​ស៊ា​ន បូ​រ៉ាត បាន​ថ្លែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​ប៊ែ​ល​ធី ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​-​ចិត្ត​ដើម្បី​គ្រប់គ្រង និង​ផ្ដល់​ចំណេះដឹង​ប្រកបដោយ​គុណភាព​ដល់​សិស្ស​-​និស្សិត​ដែល​បាន​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​ប្រកបដោយ​ស្ដង់ដារ​មួយ​នេះ ។

លោក​អះអាង​ថា អ្វី​ទាំង​អស់នោះ​គឺ​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​រយៈពេល​២​ឆ្នាំ​ប្រកបដោយ​ជោគជ័យ​ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បញ្ជាក់​ថា កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​នូវ​ផ្នត់គំនិត​របស់​យុវ​សិស្ស​ឲ្យ​កែប្រែ​ពី​ភាព​ខ្ជិលច្រអូស​មក​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​សិក្សា រហូត​ទទួល​បាន​សញ្ញាបត្រ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អនាគត​របស់​ពួក​គេ ៕