គ្រូ​ណាហ្គា ​សង្ឃឹម៥០​ភាគ​រយ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​បឹងកេត​ជើង​ទី១


គ្រូ​ណាហ្គា ​សង្ឃឹម៥០​ភាគ​រយ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​បឹងកេត​ជើង​ទី១

ជ័យ​ជម្នះ​លើ​ក្រុម​ខ្លាំង​បឹង​កេត​អង្គរ​នៅ​វគ្គ​ខ្វែង​ជើង​ទី១ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ធ្វើ​ឲ្យ​លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​សង្ឃឹម ៥០​ភាគ​រយ ថា​នឹង​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​កម្ពុជា​ឆ្នាំ២០១៥ នេះ។

 

គ្រូ​ណាហ្គា ​សង្ឃឹម៥០​ភាគ​រយ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​បឹងកេត​ជើង​ទី១
លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល

 

ក្រុម​ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​បឹងកេតអង្គរ ៣-១ លើ​ទីលាន​ស្មៅ​ធម្មជាតិ​កងយោធពល​ខេមរភូមិន្ទ​(ស្តាត​ចាស់)​ក្នុង​វគ្គ​ខ្វែង​ជើង​ទី១ ដែល​ជា​ក្ដី​សង្ឃឹម​របស់​គ្រូ​បង្វឹក មាស ចាន់ណា ក្នុង​ការ​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​របស់​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៥។

 

លោក មាស ចាន់ណា បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​កាល​​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​ខ្ញុំ គឺ​អត់​ទាន់​ថា​ច្រើន​ទេ ត្រឹម ៥០​ភាគរយ… ដោយសារ​ខាង​បឹង​កេត​​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ច្រើន»។ ចំពោះ​ការ​រៀប​ចំ​នៅ​ជើង​ទី​ពីរ លោក​បាន​បញ្ជាក់​ថា​មិន​មាន​ការ​​ផ្លាស់​ប្ដូរ​ច្រើន​ឡើយ ប៉ុន្តែ​ផ្ដោត​លើ​ការ​​ជំរុញ​កីឡាករ​ឲ្យ​មាន​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។

 

ជ័យ​ជម្នះ​កាល​ពី​ម្សិលមិញ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ក្រុម​ណាហ្គាវើល​មាន​អំណោយ​ផល​ជាង​បន្តិច ដោយសារ​បាន​សម្រាក​កីឡាករ​មួយ​ចំនួន​ធំ ចំណែក​បឹងកេត​ប្រើ​ធនធាន​កីឡាករ​ទាំង​អស់ ពេល​ប៉ះ​ជាមួយ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​១ ទៅ​លេង​ពាន​រង្វាន់​Toyota Mekong Club Championship 2015។

 

លោក បែ មករា បាន​និយាយ​ថា កាល​វិភាគ​ប្រកួត​ដ៏​មមាញឹក គឺ​ជា​បញ្ហា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ចាញ់។ ចំណែក​លោក មាស ចាន់ណា ក៏​បាន​ទទួល​ស្គាល់​ពី​បញ្ហា​នេះ​ដែរ ដោយ​លោក​អះ​អាង​ថា​កាល​ប៉ះ​ស្វាយ​រៀង បាន​រក្សា​ទុក​ជើង​កីឡាករ​មួយ​ចំនួន។ បើ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ទេ ក្រុម​ទាំង​២ នឹង​ជួប​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី​២ នៅ​ថ្ងៃ​ពុធ​ខាង​មុខ៕

 

គ្រូ​ណាហ្គា ​សង្ឃឹម៥០​ភាគ​រយ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​បឹងកេត​ជើង​ទី១

ក្រុម​ណាហ្គាវើល


អត្ថបទ៖ គង់ វិសាល