Robben ត្រលប់​មក​រក​គ្រាប់​ឲ្យ Bayern ឈ្នះ​ប្រកួត​ទី ១០០០

កីឡាករ Arjen Robben រក​គ្រាប់​បាល់​បាន ក្រោយ​ត្រលប់​មកពី​ការព្យាបាល​របួស ខណៈដែល Bayern Munich បន្ត​ការ​ភ្ញាក់​ផ្អើល​ដោយ​បាន​យក​ឈ្នះ ៤-០ ក្នុង​ដី​របស់ខ្លួន​មកលើ​ក្រុម FC Cologne កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ជ័យជម្នះ​ទី ១០០០ ពាន់​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga។

27-story-2

ជាមួយនឹង​ក្រុម​តាម​ពីក្រោយ Borussia Dortmund លត់ Agusburg ៥-១ កាលពី​ម្សិលមិញ ក្លិប​កំពូល​តារាង​មួយ​នេះ កំពុងមាន​ពិន្ទុ​នាំមុខ​ដាច់ ១០ពិន្ទុ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ឳ​កាស​បន្ត​គ្រង​ជើងឯក របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ។

ក្រុម​របស់លោក Pep Guardiola នេះ​បាន​ក្លាយជា​ក្លិប​ដំបូង​គេ​បង្អស់ ក្នុងការ​បំបែក​កំណត់​ឈ្នះ ១០០០​ប្រកួត ក្នុង Bundesliga ខណៈដែល​ប្រធាន​ក្រុម​សញ្ជាតិ​ហូ​ឡង់ Robben បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ប្រកួត​ដំបូង​របស់គេ ចាប់តាំងពី​មាន​របួស ពី​ខែសីហា​មក ខណៈដែល Arturo Vidal, Robert Lewandowski និង Thomas Muller ស៊ុត​តែ​បាន​រកបាន​ម្នាក់​មួយគ្រា​ប់​ ក្នុង​ការ​ប្រកួត​នេះ។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ក្លិប​យក្ស​អាល្លឺម៉ង់​មួយ​នេះ ត្រលប់​ពី​ការខកចិត្ត​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដែល​បាន​ចាញ់​កាំភ្លើង​ធំ Arsenal ក្នុង​វគ្គ Champion League ០-២ ដែលជា​ការ​ចាញ់​លើកដំបូង​ក្នុង​រដូវ​កាល​ថ្មី​នេះ។

Bayern នឹងត្រូវ​ទៅសួរសុខទុក្ខ​ក្លិប​ឈរ​នៅ​លេខ ៤ Wolfburg នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ក្របខណ្ឌ German Cup៕