អត្រា​ភាព​ក្រីក្រ​នៅ​ទូ​ទាំង​ពិភពលោក​នឹង​ធ្លាក់​ចុះ​ក្រោម​10% ជា​ប្រវត្តិសាស្ត្រ ក្នុងឆ្នាំនេះ

យោង​តាម​គម្រោង​របស់​ធនាគារពិភពលោក (WB) ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា បរិមាណ​ពលរដ្ឋ​រស់នៅ​ក្នុង​អត្រា​ភាព​ក្រីក្រ​ខ្លាំង​ហួសប្រមាណ​នៅ​ជុំវិញ​ពិភពលោក គឺ​ទំនងជា​ថយ​ចុះ​មក​នៅ​ក្រោម​១០% នៃ​អត្រា​ប្រជាពលរដ្ឋ​លើ​សាកលលោក​ក្នុង​ឆ្នាំ​២០១៥ ។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ការ​ជួយ​ទ្រទ្រង់​រយៈពេល​វែង​ឆ្ងាយ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​កំពុង​តែ​មានការ​ប្រែប្រួល​កាន់តែ​ជិត​ទៅ​នឹង​ទិសដៅ​នៃ​ការ​បញ្ចប់​ភាព​ក្រីក្រ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំ​២០៣០ ។

ស្ថាប័ន​យក្ស​ផ្នែក​ផ្តល់​កម្ចី​មូលដ្ឋាន​ក្រុង​វ៉ា​ស៊ី​ន​តោន​មួយ​នេះ បច្ចុប្បន្ន​បាន​ប្រើប្រាស់​នូវ​ការ​កែប្រែ​ថ្មី​នៃ​ខ្សែបន្ទាត់​ភាព​ក្រីក្រ​អន្តរជាតិ​ក្នុង​រង្វង់​១,៩​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែល​ភ្ជាប់​នឹង​ព័ត៌មាន​ថ្មី​ៗ​នៃ​ភាព​ខុស​គ្នា​ក្នុង​ជីវភាព​រស់នៅ​តាម​បណ្តា​ប្រទេស​ទាំងនោះ ខណៈ​កាលពី​ឆ្នាំ​២០០៥ គឺ​១,២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

តាម​ការ​ប្រើប្រាស់​នូវ​ខ្សែបន្ទាត់​ថ្មី ក៏​ដូច​ជា​ទិន្នន័យ​ថ្នាក់​ប្រទេស​លើ​ស្តង់ដា​រស់នៅ​ថ្មី ធនាគារពិភពលោក​បាន​ព្យាករ​ទុក​ថា ភាព​ក្រីក្រ​នៅលើ​ពិភពលោក​នឹង​មានការ​ថយ​ចុះ​ពី​អត្រា​ពលរដ្ឋ​៩០២​លាន​នាក់ ស្មើនឹង​១២,៨% នៃ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១២ មក​នៅ​ត្រឹម​៧០២​លាន​នាក់ ឬ​ស្មើនឹង​៩,៦% នៃ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​នា​ឆ្នាំ​នេះ ។

លោក Jim Yong Kim ប្រធាន​ធនាគារពិភពលោក ថ្លែង​ថា ៖ «​ការ​បន្ត​កាត់​បន្ថយ​បាន​ច្រើន​នៃ​ភាព​ក្រីក្រ​នេះ ដោយសារ​តែ​មាន​អត្រាកំណើន​ខ្លាំងក្លា​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។ ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ សុខភាព និង​សុវត្ថិភាព​សង្គម បាន​ជួយ​ឲ្យ​អ្នក​ទាំងនោះ​ងាក​ចេញពី​ភាព​ក្រីក្រ​បាន​» ។

ជាមួយនឹង​ការ​ថយ​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​សាកលលោក​នេះ លោក Jim Yong Kim ក៏​បាន​ដាស់តឿន​ទៅ​ដល់​ពលរដ្ឋ​ដែល​នៅ​តែ​មាន​ជីវភាព​ក្រីក្រ ងាយ​រង​គ្រោះ ក៏​ដូច​ជា​បណ្តា​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ ឬ​សង្គ្រាម ក្នុង​ទិស​ដៅ​លុប​បំបាត់​ភាព​ក្រីក្រ​ហួសប្រមាណ ដែល​នៅ​សេសសល់​ក្នុង​មហិច្ឆតា​ខ្ពស់​ជាដើម ។

លោក Jim Yong Kim បន្ថែម​ថា ៖ «​នេះ​ជា​រឿង​ដ៏​ប្រសើរ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ។ គម្រោង​ទាំងនោះ​បង្ហាញ​ថា យើង​គឺជា​អ្នក​ដំបូង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ដែល​អាច​លុប​បំបាត់​ភាព​ក្រីក្រ​ខ្លាំង​ហួសប្រមាណ​បាន​» ។

ម្យ៉ាងទៀត ការ​ព្យាករ​ថ្មី​នៃ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​ភាព​ក្រីក្រ​ក្នុង​តួលេខ​ទោល​នេះ គួរតែ​ផ្តល់​ដល់​ពួក​យើង​នូវ​កម្លាំង​រុញច្រាន​ថ្មី និង​ជួយ​ពួក​យើង​ផ្តោត​កាន់តែ​ច្បាស់​លើ​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ខ្លាំង ៕