ជ័រ​ត្បាល់​ម៉ា​ស៊ីន​កិនស្រូវ​ធ្វើ​ឱ្យ​ផ្អើល​បាយ​ក្លាយជា​កៅស៊ូ

ជ័រ​ត្បាល់​ម៉ា​ស៊ីន​កិនស្រូវ​ធ្វើ​ឱ្យ​ផ្អើល​បាយ​ក្លាយជា​កៅស៊ូ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​បាន​រាយការណ៍​ភ្លាម​ៗ​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បន្ទាប់​ពី​ឃើញ​បាយ​របស់​ខ្លួន​ដែល​ហូប​សល់ បន្ទាប់​ពី​ហាល​រួច ស្រាប់តែ​ក្លាយជា​កៅស៊ូ ។ ការ​ភ្ញាក់ផ្អើលបាយ​ក្លាយជា​កៅស៊ូ​នេះ បាន​កើត​ទ្បើ​ង​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

គ្រួសារ​ដែល​ជួប​បញ្ហា​ខាងលើ ប្តី​ឈ្មោះ សយ សា​មឿ​ន អាយុ​៤៧​ឆ្នាំ ជា​កម្មករ​សំណង់​។ ប្រពន្ធ​ឈ្មោះ ជៀម សាលី អាយុ​៥១​ឆ្នាំ ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន ។ គ្រួសារ​ខាងលើ​បាន​អះអាង​ថា ពួក​គាត់​តែងតែ​ទិញ​អង្ករ​ប្រភេទ​នាងខុន​ពី​ផ្សារ​រាត្រី ក្នុងភូមិ​បា​លិ​លេ​យ្យ​១​យក​មក​ទុក ដើម្បី​ដាំបាយ​ហូប​ជា​ធម្មតា មិន​ដែល​បាន​ចាប់អារម្មណ៍​អ្វី​ទេ។

នៅ​ចំពោះ​មុខ​មហាជន​ដែល​មក​មើល រួម​ជាមួយ​សមត្ថកិច្ច​ផង ពួក​គាត់​បន្ត​ថា កន្លង​មក​មិន​ដែល​ដឹង​ថា អង្ករ​ដែល​ទិញ​មក​ដាំបាយ​នោះ​ជា​អង្ករ​ធ្វើ​ពី​កៅស៊ូ​ទេ ទើបតែ​ព្រឹក​នេះ​នៅ​ពេល​ដែល​ឃើញ​បាយកក​សល់​ពី​ល្ងាច ក៏​យក​ទៅ​ហាល ដល់​ពេល​ហាល​ក្រៀម​ក៏​ស្រាប់តែ​ឃើញ​សុទ្ធតែ​កៅស៊ូ​តែ​ម្តង ។ អ្នកស្រុក​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល ហើយ​នាំ​គ្នា​រើស​យក​គ្រាប់​បាយ​កៅស៊ូ​នោះ​ទៅ​ចែក​គ្នា​មើល និង​ទាញ​លេង​យឺត​ដូច​កៅស៊ូ​មែន គឺជា​កៅស៊ូ​ដែល​យក​ទៅ​ធ្វើ​ជា​គ្រាប់​អង្ករ ។

គ្រួសារ​នេះ​បាន​ធ្វើការ​ពិសោធន៍​អង្ករ​ដែល​នៅ​សល់​មួយ​ចំនួន ដោយ​ដាក់​ត្រាំ​ក្នុង​ទឹក​ទាំង​ព្រឹក​ប្រហែល​២​ម៉ោង ហើយ​អង្ករ​នោះ​មិន​រីក​ទ្បើ​យ​គឺ​នៅ​រឹង​រលោង​ជា​ធម្មតា ។ អាជ្ញាធរ​ភូមិ​ក៏​ដូច​ជា​នគរបាល​និង​កងរាជអាវុធហត្ថ បាន​ទៅ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​បញ្ហា​ខាងលើ ។ មិនតែប៉ុណ្ណោះ​នគរបាល​បាន​ហៅ​បុរស​ជា​ម្ចាស់ផ្ទះ​និង​យក​អង្ករ​ក្នុង​ការុង​ដែល​ទិញ​នោះ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ពិនិត្យ​មើល​បន្ត​ទៀត ។

ស្ត្រី​ម្នាក់​ដែល​ទៅ​មើល​អង្ករ​កៅស៊ូ​នេះ​ដែរ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា កន្លង​មក​បងស្រី​របស់​គាត់​នៅ​ឯ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​ជួប​ប្រទះ​បញ្ហា​បែប​ហ្នឹង​ដែរ គឺ​ទិញ​អង្ករ​ពី​ផ្សារ​មក​ដាំបាយ​ក្លាយជា​កៅស៊ូ​ដូច​គ្នា ។ រឿងរ៉ាវ​នេះ​បងស្រី​របស់​គាត់​ថែម​ទាំង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ឱ្យ​មហាជន​ជ្រាប​ជា​ដំណឹង ។ គ្រួសារ​ខាងលើ​ក៏​ដូច​ជា​អ្នកស្រុក​និង​លោក​មេ​ភូមិ​មិត្តភាព ក្រោយ​ពី​ពិនិត្យ​ឃើញ​ការ​ពិត​ផ្ទាល់​ភ្នែក បាន​អំពាវនាវ​សុំ​ឱ្យ​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ជួយ​មាន​វិធានការ ពិនិត្យ​អង្ក​រលើ​ទីផ្សារ​ផង ដើម្បី​ការពារ​សុខភាព​មនុស្ស និង​សត្វ ។

ម្ចាស់​អង្ករ​ចេញ​មុខ​បកស្រាយ​រឿង​ដាំបាយ​ក្លាយជា​កៅស៊ូ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​រឿង​បាយ​ពេល​កក​ក្លាយជា​ជ័រកៅស៊ូ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា មក ម្ចាស់​ក្រុមហ៊ុន​បោះ​ដុំ​អង្ករ​តាម​ដេប៉ូ និង​ជា​តំណាង​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ បាន​ចេញ​មុខ​បកស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ោយ​ប៉ែ​ត ។

លោក​ឈុ​ន ឈិ​ន អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​បូ គឹ​ម​ហួរ អាយុ​៣៥​ឆ្នាំ ជា​តំណាង​រោង​ម៉ាស៊ីនកិនស្រូវ និង​ជា​អ្នក​បោះ​ដុំ​អង្ករ​បាន​បំភ្លឺ​ថា គ្រួសារ​មួយ​ដែល​ទិញ​អង្ករ​ទៅ​ដាំបាយ​ហើយ​ប្រទះ​ឃើញ​ជ័រ​នោះ ធាតុ​ពិត​វា​ជា​ជ័រ​ត្បាល់​ម៉ាស៊ីនកិនស្រូវ មិនមែន​ជា​ថ្នាំពុល ឬ​វត្ថុ​អ្វី​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ទេ​។ រោង​ម៉ាស៊ីន​ខ្នាត​ធំ​មិន​ប្រើប្រាស់​ជ័រ​ត្បាល់​ម៉ាស៊ីន ដើម្បី​រឹត​ឲ្យ​អង្ករ​ល្អ​ទេ តែ​ម៉ាស៊ីនកិនស្រូវ​របស់​ក្រុម​គ្រួសារ​លោក​ឈុ​ន ឈិ​ន ជា​ម៉ា​ស៊ីន​ខ្នាត​មធ្យម​ត្រូវ​ប្រើប្រាស់​ជ័រ​ត្បាល់​ដើម្បី​ឲ្យ​អង្ករ​អស់​ស្រូវ ឬ​សម្រូប ។

ជា​ធម្មតា​ម៉ាស៊ីន​កិន​បាន​១០​ការុង​ត្រូវ​រឹត​ជ័រ​ត្បាល់​ម្តង ប៉ុន្តែ​សង្ស័យ​ថា​ដោយសារ​កម្មករ​ធ្វេសប្រហែស​រឹត​ត្បាល់​តឹង​ពេក​រហូត​៣០​ទៅ​៤០​ការុង ទើប​រឹត​ម្តង​បណ្តាល​ឲ្យ​ជ័រ​ត្បាល់​ដាច់​ច្រើន​ធ្លាក់​ចូល​ទៅ​ក្នុង​អង្ករ ។ អ្នក​បំភ្លឺ​នោះ​បាន​កាន់​ដុំ​ជ័រ​ត្បាល់​ម៉ាស៊ីន​ចំនួន​៣​ដុំ និង​កំទេច​ជ័រ​ដែល​ដាច់​ក្នុង​ម៉ាស៊ីន​យក​ទៅ​បង្ហាញ​ជា​ភស្តុ​តាង​ផង​ដែរ ។

ថ្វី​ដ្បិតតែ​រឿងរ៉ាវ​នោះ​មានការ​ភ្ញាក់ផ្អើល​ហើយ​មានការ​បកស្រាយ ប៉ុន្តែ​ក៏​ជា​ព័ត៌មាន​ល្អ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​បានដឹង​ថាបើ​ប្រទះ​ឃើញ​ជ័រ​នៅ​ក្នុង​អង្ករ ឬ​ក្រោយ​ដាំបាយ វា​ជា​ជ័រ​ដាច់​ពី​ត្បាល់​ម៉ាស៊ីនកិនស្រូវ​មិន​មែន​​ជា​ថ្នាំពុល ឬ​ជា​វុ​ត្ថុ​ប្លា​ស្ទិ​ក​ដូចដែល​គេ​នាំ​គ្នា​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កន្លង​មក​នោះ​ឡើយ ។ នេះ​ជា​មេរៀន​មួយ​សម្រាប់​រោង​ម៉ា​សី​ុ​ន​កិនស្រូវ គប្បី​ពង្រឹង​ក្រុម​កម្មករ​របស់​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ ។

ករណី​ផ្អើល​ថា​បាយ​ក្លាយជា​កៅស៊ូ​នោះ គឺ​គ្រាន់តែ​មានការ​ភ្ញាក់ផ្អើល ដោយសារ​ការ​ធ្វេសប្រហែស​របស់​រោង​ម៉ាស៊ីន​​កិនស្រូវ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ជ័រ​ត្បាល់កិន​ចូល​អង្ករសម្រិត ៕