ផ្ទុះ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ នៅមុខ​រដ្ឋសភា តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ​២​រូប ​រងរបួស​

ភ្នំពេញ: តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប ​បាន​រងរបួស​បែកក្បាល​ និង​រថយន្ត​ត្រូវបានវាយកម្ទេច​ចោល ក្រោយពី​មានការ​ផ្ទុះ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ​ដែល​តវ៉ានៅមុខ​រដ្ឋសភា ទាមទារ​ឲ្យ​ដកតំណែង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជាអនុប្រធាន​ទី​១​នៃ រដ្ឋសភា​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​រាប់ពាន់នាក់ បានធ្វើ​បាតុកម្ម​និង​ដាក់​ញ​តិទៅកាន់​រដ្ឋសភា ដើម្បី​ឲ្យ​ដកតំណែង  លោក កឹម សុខា ដោយ​ពួកគាត់ចោទប្រកាន់ថា​លោក កឹម សុខា ជា​”​មនុស្ស​បោកប្រាស់ ក្រឡេច​ក្រឡុក និងជា​អ្នក​ដែល​នាំទុក្ខ​ដល់​ប្រជាពលរដ្ឋ​”​។​

​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន​ដែលអះអាងថា​រងរបួស​បែកក្បាល អះអាងថា​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ពេល​លោក​និតំណាងរាស្ត្រ​មួយរូប​ទៀត គឺ​លោក គង់ សភា ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀងចេញពី​ប្រជុំ​សភា​តាម​ទ្វារក្រោយ ស្រាប់តែ​លោ​កថា​មាន​ហិង្សា​កើតឡើង​។​

 លោក​បន្តថា​លោក​រងរបួស​បែកក្បាល របួស​មុខ និង​អាច​នឹង​បាក់​កដៃ​។ លោក​បន្តថាតំណាងរាស្ត្រ​មួយរូប​ទៀត គឺ​លោក គង់ សភា ក៏​រងរបួស​បែកក្បាល​ផងដែរ តែលោក​មិនដឹង​ពី​ស្ថានភាព​របស់លោក​នៅឡើយ​ទេ​។​

​បើតាម​លោក ញ៉យ ចំរើន គូ​ដណ្តឹង​របស់លោក​ដែល​មក​ទទួល​លោក​ពេល​ចេញពីរដ្ឋសភា ក៏​រងរបួស​បែកក្បាល​ផងដែរ​។ លោក​បន្តថា​រថយន្តរ​ប​ស់លោក​ក៏ត្រូវបាន​កម្ទេច​ដោយ​ក្រុមបាតុករ​។ លោក​ចាត់ទុកថា​នេះ​ជាការ​តវ៉ា​ហិង្សា​ដែលមិនអាច​ទទួលយកបាន​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ ដើម្បី​ទាមទារ​អោយ​លោក កឹម សុខាអនុប្រធាន​ទី​១ រដ្ឋសភា ចុះ​ចេញពី​តំណែង​ជាបន្ទាន់​។ ការធ្វើ​បាតុកម្ម​នេះខណៈពេលដែល​រដ្ឋសភា កំពុង​បន្ត​សម័យប្រជុំ​ពេញអង្គ​។​

​ការ​ហែរ​ក្បួន​មក​ធ្វើបាតុកម្ម​របស់​ប្រជាពលរដ្ឋ គឺ​មក​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុងរាជធានី​ភ្នំពេញ​។ ការធ្វើ​បាតុកម្ម​នេះ គឺ​មិនមាន​ការហាមឃាត់ ឬ​រារាំង​ពី​សំណាក់អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ​។​

​ជាការ​កត់សម្គាល់ ក្រុមបាតុករ​ទាំងនោះ បាន​លើក​បដា ដោយ​សរសេរ​ឈ្មោះរបស់លោក​កឹម​សុខា​។ ក្នុង​បដា​បាតុកម្ម​នោះ សរសេរថា "​គឹម សុខា​"​។​

​បន្ទាប់ពី​ការជួបជុំ នៅមុខ​រដ្ឋសភា​រួចមក ក្រុមបាតុករ ក៏បាន​ប្រមូលផ្តុំ លើក​បដា ស្រែកមេក្រូ ធ្វើបាតុកម្ម នៅមុខ​ផ្ទះ​របស់លោក​កឹម​សុខា នៅផ្ទះ​លេខ​៩៧ ផ្លូវ ៣១៣សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕

ផ្ទុះ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ នៅមុខ​រដ្ឋសភា តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ​២​រូប ​រងរបួស​

ផ្ទុះ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ នៅមុខ​រដ្ឋសភា តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ​២​រូប ​រងរបួស​