អ្នកតំណាងរាស្រ្ត ញ៉យ ចំរើន និង​ គង់ សភា រងរបួស​ធ្ងន់​ក្នុងករណី​អំពើហិង្សា​ព្រឹក​នេះ

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម លោក ញ៉យ ចំរើន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា រូបលោក​បាន​រងរបួស​បែកក្បាល ពេល​លោក និង​តំណាងរាស្ត្រ​មួយរូប​ទៀត គឺ​លោក គង់ សភា ចេញពី​ប្រជុំ​សភា​តាម​ទ្វារក្រោយ​។  លោក ញ៉យ ចំរើន បាន​រៀបរាប់ថា​ពេល​លោក និង​តំណាងរាស្ត្រ​មួយរូប​ទៀត​កំពុងធ្វើដំណើរ​ចេញពី​វិមាន​រដ្ឋសភា​ស្រាប់​តែមាន​អំពើហិង្សា​កើតឡើង​។ លោក ញ៉យ ចំរើន បាន​បញ្ជាក់ថា លោក​បាន​រងរបួស​បែ​ក​ក្បាល របួស​មុខ និង​អាច​នឹង​បាក់​កដៃ ខណៈ លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ក៏​រងរបួស​បែកក្បាល និង​មុខ​ផងដែរ ។​

គួរ​កត់សម្គាល់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​បាន​រងរបួស​បែកក្បាល​និង​រថយន្ត​ត្រូវបាន​វាយបំផ្លាញ​នៅ​ព្រឹក​នេះ​ត្រូវគេ​សង្កេតឃើញថា បាន​កើតឡើង​ក្រោយពី​មានការ​ផ្ទុះ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ​ដែល​តវ៉ា​នៅមុខ​រដ្ឋសភា ទាមទារ​ឲ្យ​ដកតំណែង​លោក កឹម សុខា  ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។ បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​ទី​១​នៃ​រដ្ឋសភា​នេះ ត្រូវគេ​សង្កេតឃើញថា​កើតឡើង​ចំពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​បានធ្វើ​បាតុកម្ម​តវ៉ា​ពី​វត្តមាន​របស់លោក ហ៊ុន សែន ដែល​កំពុងស្នាក់នៅ​ទីក្រុង​ប៉ារីស​។​

​ជុំវិញ​បញ្ហា​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋ​បាន​បញ្ជាក់ដែរថា នៅ​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី ថ្ងៃនេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​ក្រុមបាតុករ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រួត​គ្នា​វាយ​យ៉ាងដំណំ​នៅមុខ​មន្ទីរ​រដ្ឋសភា​ធ្វើ​ឲ្យ​រងរបួស ខូចខាត​រថយន្ត និង​បាត់​សម្ភាៈ​មួយចំនួនទៀត​ក្នុង​រថយន្ត បន្ទាប់ពី​ពួកគាត់​ចេញពី​ប្រជុំ​។ បន្ទាប់មក​ក្រុមបាតុករ​បាន​ទៅ​តវ៉ា​ដល់ផ្ទះ​លោក កឹម សុខា នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​ផងដែរ ហើយ​បញ្ហា​នេះ​កំពុង​ត្រូវបាន​មហាជន​តាមដាន​ដោយ​យកចិត្តទុកដាក់​៕

12189171_1034486626584665_5482711350624249331_n12143077_1034486629917998_7710377822341082705_n12043225_971439252920676_6263109969882291306_n