ព្រៃឈើ​នៅ​តំបន់ភ្នំ​ខៀវ ស្រុក​សំបូរ ខេត្តក្រចេះ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​

លោក ទ្រី សុ​ភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ កំពុង​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យកមកចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ រាលដាល​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ជនល្មើស​កាប់​ឈើ និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ព្រៃឈើ​ក្នុងស្រុក​សំបូរ និង​បណ្ដា​ស្រុក​មួយចំនួនទៀត នៅ​ខេត្តក្រចេះ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា ព្រៃឈើ​ក្នុង​តំបន់ភ្នំ​ខៀវ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក សុខ កូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ ត្រូវ​រលាយ​ហ៊ិ​ន​ហោច​ដោយសារ​លោក សុខ កូ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​។ ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលមក​ស្រុក​សំបូរ ខេត្តក្រចេះ តាម​ច្រក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​តុង​មិន យ៉ាង​ពេញបន្ទុក​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​ពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលមក​ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវបាន​គេ​ដឹងថា​ធ្វើឡើង​ដោយ​ឈ្មោះ ហេង ពក ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ទេ​។​

តាម​ការអះអាង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ករណី​ជនល្មើស​អាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ចូលមក​ស្រុក​សំបូរ ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​គ្នា​រវាង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក ទ្រី សុ​ភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​។ ចំណែក​លោក សុខ កូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ និង​លោក ម៉ី វុ​ធ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ក៏មាន​ចំណែក​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​យ៉ាងជ្រៅ​ផងដែរ ទើប​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ឈ្មួញ​ខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ជាមួយ​សមត្ថកិច្ច​ពុករលួយ​ពី​ស្ថាប័ន​ជាច្រើន ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក្រោម​ការគ្រប់គ្រង​រប​ស់លោគ ទ្រី សុ​ភ័​ក្រ តែម្ដង​៕

7535_4 7535_2