មើល​ភ្នែក​ឆ្កែ​ស្មាន​ភ្នែក​ឈ្លូស​បាញ់​១គ្រាប់​ត្រូវ​ម្ចាស់​ឆ្កែ​ដេក​ក្នុង​អង្រឹង

ខេត្តស្ទឹងត្រែង ​៖ អ្នក​ភូមិ​ម្នាក់​​រង​របួស​ដោយ​សារ​​​ផ្ទុះអាវុធ​កែ​ច្នៃមួយ​គ្រាប់​ត្រូវ​ចំស្មា ​ខណៈ​ដេក​ក្នុង​អង្រឹង​នៅ​ក្នុង​​ព្រៃ ​កាលពី​យប់​ថ្ងៃ​ទី​២៥​ តុលា​ ២០១៥ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​មាស ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ។

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មកែវ​ ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ ឈ្មោះ ផុ​ន ម៉ៃ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ញាំ​ង​ស៊ុម ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ​រង​របួស​ដោយ​សារ​​គ្រាប់កាំភ្លើង​កែ​ច្នៃ​ ​ត្រូវ​អ្នក​ដើរ​ឆ្លុះ​សត្វព្រៃ​បាញ់​ត្រូវ​ ។​ ​នៅ​យប់​កើតហេតុ​ ​ជន​រង​គ្រោះ​បាន​បណ្តើរ​ឆ្កែ​​​មួយក្បាល​ទៅ​ដេញ​សត្វព្រៃ តែ​ដោយសារ​យប់​​ជន​រង​គ្រោះ​ក៏​​បាន​ចង​អង្រឹង​ដេក​ក្នុង​ព្រៃ​នោះ ដោយ​មាន​ឆ្កែ​​នៅ​ក្រោម​អង្រឹង ​ស្រាប់​តែ​ឮ​​ស្នូ​រផ្ទុះអាវុធ​​​​​បណ្តាល​ឱ្យ​​ត្រូវ​របួស​​តែ​ម្តង ចំណែក​អ្នក​បា​ញ់ក៏រត់គេច​ខ្លួន​តែ​ម្តង​ ។

​មន្ត្រី​នគរបាល​ បាន​បន្ត​ថា ​​ជន​រង​គ្រោះ​រង​របួស​ត្រូវ​គ្រាប់​ចំស្មា​ខាងស្តាំ​ផ្នែក​ខាងក្រោយ​ ត្រូវ​ព្រានព្រៃ​ម្នាក់​ទៅ​ឆ្លុះ​សត្វ​នៅ​ពេល​យប់​ប្រទះ​ឃើញ​ភ្នែក​​​ឆ្កែ​ដែល​នៅ​ក្រោម​អង្រឹង​ជន​រង​គ្រោះ​ស្មានថា​ជា​ភ្នែក​របស់​សត្វ​ឈ្លូស​ក៏​​បាញ់​បែរ​ជា​ត្រូវ​​​​អ្នក​​​ដេក​ក្នុង​អង្រឹង​ទៅ​វិញ​ ។

​ជុំ​វិញ​ករណី​ខាងលើ​ មុន​ដំបូង​ឡើយ​គេ​គិត​ថា ​ជា​រឿង​ប៉ុនប៉ង​ប្រើ​ហិង្សា​ដោយគ្រោង​ទុកជា​មុន ដោយសារ​តែ​ជួន​ពេល​ដែល​ជន​រង​គ្រោះ​នាំ​ឆ្កែ​ទៅ​ព្រៃ​ដើម្បី​រក​សត្វ ស្រាប់​មាន​អ្នក​ភូមិ​ម្នាក់​​​ទៅ​បាញ់​សត្វ​នៅ​ក្បែ​នោះ​ដែរ  តែ​ក្រោយមក​គេ​បាន​សន្និដ្ឋានថា​ ជា​រឿង​ចៃដន្យ​មួយ​នឹក​ស្មាន​មិន​ដល់​ ខណៈ​យប់​ងងឹត​នៅ​ក្នុង​ព្រៃ​មាន​អ្នក​ចង​អង្រឹង​ដេក ​​​នោះ ។​

ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​នៅ​ស្រុក​សៀម​ប៉ា​ង​ ចំណែក​ព្រានព្រៃ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ៕  ​