កីឡាករ​ថៃ​សុំ​ទោស ផល សោ​ភ័​ណ្ឌ ក្រោយ​បរាជ័យ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ អាទិត្យ​ទី​២៥ តុលា កីឡាករ​ផល សោ​ភ័​ណ្ឌ បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ នៅ​ក្នុង​ការ​ប្រកួត​នោះ កីឡាករ​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​ក្នុង​ភាព​ចម្រូងចម្រាស ទោះបី​យ៉ាងណា​នៅ​វិនាទី​ចុង​ក្រោយ គេ​ឃើញ​កីឡាករ​ថៃ​បាន​សម្រេច​សុំ​ទោស​ផល សោ​ភ័​ណ្ឌ និង​ក្រុមការងារ​ដែល​ជាការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ។

កីឡាករ​ផល សោ​ភ័​ណ្ឌ ជើង​ខ្លាំង​ប្រចាំ​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ ក្នុង​ពេល​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yort Sek ពួក​គេ​បាន​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន​ទាំងមូល ។ ក្នុង​ទឹក​ទី​១ កីឡាករ​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​គំហុក​ក្នុង​ការ​វាយ​បំ​បុក​ទៅ​លើ​កីឡាករ​បង្គោល​ខៀវ ។ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​២​កីឡាករ​ថៃ ក៏​បាន​វាយ​សម្រុក​មក​លើ​កីឡាករ​កម្ពុជា​យ៉ាង​ចាស់ដៃ​វិញ​ដែរ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​ផល សោ​ភ័​ណ្ឌ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ប្រៀប ដោយ​ប៊ិះ​នឹង​វាយ​សន្ធាប់​ធ្វើ​ឲ្យ​កីឡាករ​ថៃ​សន្លប់​នៅ​លើ​សង្វៀន​នោះ​ផង​។ អ​ញ្ចឹ​ង​ហើយ​ទើប​កីឡាករ​ថៃ​សម្រេច​ប្រើ​ស្នៀត​ចាប់​គ្រវាត់​កីឡាករ​កម្ពុជា​បោក​ទៅ​លើ​រេញ ហើយ​អុក​ថែម​មួយ​ជង្គង់​ពេញ​ទំហឹង​ទៅ​លើ​ដើមទ្រូង​ក្នុង​ពេល​កីឡាករ​កម្ពុជា​ដួល​ដេក​នៅ​លើ​រេញ​ទៀត​ផង ។ ផល សោ​ភ័​ណ្ឌ ត្រូវ​គេ​ឃើញ​ប្រកាច់​ននៀល​ក្រោក​មិន​រួច បើ​ទោះជា​លោក​អាជ្ញាកណ្ដាល​បាន​ព្យាយាម​រាប់​យឺត​ៗ​ដើម្បី​ទុក​ពេល​ឲ្យ​កីឡាករ​កម្ពុជា​អាច​បន្ត​ការ​ប្រកួត ។ កីឡាករ​ថៃ​ត្រូវ​គេ​ចាប់កំហុស​ភ្លាម​ៗ​ថា បាន​ថែម​ខុស​បច្ចេកទេស​ក្នុង​ពេល​គូប្រកួត​ដួល​លើ​រេញ បណ្ដាល​ឲ្យ​កីឡាករ​កម្ពុជា​សន្លប់​ក្រោក​មិន​រួច ។ បើ​ទោះជា​ភាគី​ថៃ យល់​ឃើញ​ថា​កីឡាករ​ផល សោ​ភ័​ណ្ឌ ស៊ី​ឡាក និង​ធ្វើ​ពុត​ជា​ក្រោក​មិន​រួច ប៉ុន្តែ​ក្រោយ​ការ​ចាក់​មើល​សកម្មភាព​ប្រកួត​ត្រង់នោះ​ម្ដង​ហើយ​ម្ដងទៀត គឺ​មួយ​ជង្គង់​របស់​កីឡាករ​ថៃ​ពិតជា​អុក​សម​នឹង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ចុក​រមួល​ប្រាកដ​មែន ។ ទោះជា​មាន​ភាព​ចម្រូង​ចម្រាស​មុន​ការ​ប្រកាស​ពិន្ទុ ក៏​គ្រូបង្វឹក​ជា​ជនជាតិ​ថៃ​បាន​ណែនាំ​ឲ្យ​កីឡាករ​Yort Sek​សុំ​ទោស​កីឡាករ​កម្ពុជា បន្ទាប់​ពី​លោក​អាជ្ញាកណ្ដាល​ប្រកាស​ឲ្យ​ផល សោ​ភ័​ណ្ឌ ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ។ បន្ថែម​ពី​នោះ គ្រូបង្វឹក​ជា​ជនជាតិ​ថៃ​ដដែល​ក៏​បាន​នាំ​សិស្ស​ចុះ​មក​សុំ​ទោស​ដល់​គណៈកម្មការ​ប្រកួត​ដល់​ខាងក្រោម​រេញ​ផង​ដែរ ដោយសារ​តែ​ដឹង​ថា​ការ​ជំទាស់​របស់​ខ្លួន​ថា ផល សោ​ភ័​ណ្ឌ ស៊ី​ឡាក ជា​រឿង​ដែល​មិន​ពិត​ហើយ​ជា​រឿង​ដែល​បណ្ដាល​ពី​កំហុស​របស់​កីឡាករ Yort Sek ប្រាកដ​មែន​។ ការ​ប្រកួត​នេះ បើ​បណ្ដោយ​ឲ្យ​ប្រកួត​បន្ត​ទៀត ក៏​ជ័យជម្នះ​នឹង​ស្ថិត​នៅ​ក្នុង​ដៃ​កីឡាករ​កម្ពុជា​ដែរ បើ​ទោះជា​កីឡាករ​ថៃ​រឹង​ជំហរ និង​កណ្ដាប់ដៃ​ខ្លាំង​មិនធម្មតា​ក្ដី ។ 

មួយគូ​អន្តរជាតិ​ទៀត​នៅ​លើ​សង្វៀន  ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ កីឡាករ​កម្ពុជា សេក គឹ​ម​ផៃ បាន​បើក​ឆាកប្រយុទ្ធ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yort Sing ដោយ​ការ​ប្រកួត​នេះ​បាន​ប្រើ​ពេល​៥​ទឹក​ពេញ ។ ការ​ប្រកួត​ត្រូវ​បញ្ចប់​ដោយ​កីឡាករ​ថៃ​គឺជា​អ្នក​ឈ្នះ​ពិន្ទុ ខណៈ​ជ័យជម្នះ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​បណ្ដាល​មក​ពី​កីឡាករ​កម្ពុជា​បាត់​ជំហរ​នៅ​២​ទឹក​ចុង​ក្រោយ ដោយសារ​តែ​ចុះ​ខ្សោយកម្លាំង​ស៊ុ​ហ្វ ។ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ឈ្នះ​ទាំង​ត្រដាបត្រដួស​ណាស់​ដែរ ៕