ក្លែងខ្លួន​ជា​ សង្ឃ​ក្លែងក្លាយ ​ដើរ​បិណ្ឌបាត្រ គ្រប់ទីកន្លែង

ខេត្តពោធិ៍សាត់​ ៖​ សង្ឃ​ក្លែងក្លាយមួយ​រូប​​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក​ និង​​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​២៥​ តុលា​​ ​២០១៥​ បន្ទាប់​ពី​​ប្រើប្រាស់​លិខិត​ក្លែង​បន្លំ​ឯកសារ​សា​ធារ​ណៈ​ធ្វើ​ជា​មុខរបរ​និមន្ត​បិណ្ឌបាត្រ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ និង​ឆ្លង​ចូល​រហូត​ដល់​ប្រទេស​ថៃ​ទៀត​ ។​ ឃាត់ខ្លួន​ខ​ណៈ​​ដែល​សង្ឃ​រូប​នេះ​នាំ​មនុស្ស​ពីរ​នាក់​ ​ដែល​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា​ទៅ​ធ្វើ​ឆាយា​​ក្លែងបន្លំ​នៅ​វត្ត​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២១​ តុលា​ ​​២០១៥ ​កន្លង​មកនេះ ​។

លោក​វ​រ​សេនីយ៍​ទោ ម៉ូ លី​ដា ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ខេត្ត​ បាន​ឲ្យ​ដឹង​ថា សង្ឃ​ក្លែងក្លាយ​ដែល​ឃាត់ខ្លួន​នេះ​​ឈ្មោះ​ កៃ អង​ អាយុ​៤៩​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិ​ស្ដុក​ធ្លក ​ឃុំ​បា​ខៀវ​ ស្រុក​ឈូក​ ខេត្តកំពត​ ​បច្ចុប្បន្ន​មាន​ប្រពន្ធ​មក​រស់នៅ​ភូមិ​ទួល​ពង្រ ​ឃុំ​វាល ​ស្រុក​កណ្ដៀង ​ខេត្តពោធិ៍សាត់​ ។​ ឃាត់ខ្លួន​រួម​ជាមួយ​ឆាយា​គ​ណៈមហានិកាយ​ក្លែងបន្លំ​ចំនួន​​៣​ច្បាប់​ផង​ដែរ ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ កៃ អង ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ក្លែងខ្លួន​ធ្វើ​ជា​សង្ឃ​ក្លែងក្លាយ​និមន្ត​បិណ្ឌបាត្ររក​លុយ​ពី​គ្រប់​ទីកន្លែង​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ពិតប្រាកដ​មែន ​ព្រោះ​មុខរបរ​នេះ​កាក់កប​គ្រាន់បើ​ដែរ​ ។ ​កៃ អង​ បាន​រៀបរាប់​ថា ខ្លួន​រស់នៅ​ឯ​ខេត្តកំពត​ទេ​ ប៉ុន្តែ​​មាន​​ប្រពន្ធ​ឈ្មោះ​ ស៊ុម ចិន្តា​ នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​វាល​ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​ តាំងពី​ខែមេសា ​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ ។​ ដោយ​ពុំ​មានមុខ​របរ​អ្វី​ពិតប្រាកដ​ ខ្លួន​មានគំនិត​ធ្វើ​ជា​សង្ឃ​ក្លែងក្លាយ​ដើរ​បិណ្ឌបាត្រ​​រក​លុយ​តាម​បណ្ដា​ខេត្ត​នានា ​ក្នុង​ប្រទេស​កម្ពុជា ​និង​ឆ្លង​ចូល​ទៅ​ដល់​ប្រទេស​ថៃ​ទៀត ​។ ​ក្នុង​មួយ​រយៈ​ពេល​នេះ ​ខ្លួន​បាន​ដើរ​បិណ្ឌបាត្រ​នៅ​ឯ​ប្រទេស​ថៃ​ជាប់​រហូត​ ​ទើបតែ​មក​លេង​ប្រពន្ធ​បាន​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ហើយ​​ក្មេង​ៗ​ក្នុងភូមិ​៣​នាក់ ​ចង់ទៅ​រកស៊ី​ដូច​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ​ដែរ ប៉ុន្តែ​ខ្លួន​​ប្រាប់​ថា បើ​ចង់ទៅ​ទាល់តែ​មាន​ឆាយា​ជា​សង្ឃ​ខ្មែរ​ជា​មុន​សិន​។​ពេល​នោះ​ពួក​គេ​ទាំង​​៣​នាក់ ​បាន​ពឹង​ខ្លួន​ឲ្យ​ជួយ​ធ្វើ​ឆាយា​ដើម្បី​​ទៅ​រកស៊ី​នឹង​គេ​ដែរ ​ហើយ​​ឲ្យ​លុយ​ខ្លួន​ក្នុង​ម្នាក់​ៗ៣០​ម៉ឺន​រៀល​ ។​ នៅ​ថ្ងៃ​ទី​២១ តុលា ​ពេល​ខ្លួន​នាំ​ពួក​គេ​ទាំង​​៣​នាក់ ​ទៅ​ធ្វើ​ឆាយា​នៅ​វត្តស​ង្ក្រា​នតា​ព្រហ្ម​នៅ​ភ្នំពេញ ​ក៍​ត្រូវ​សមត្ថកិច្ច​ស៊ើប​ដឹង​​​ចាប់​ផ្សឹក ​និង​ឃាត់ខ្លួន​ពេល​នោះ​តែ​ម្ដង ​។

​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ នា​រសៀល​ថ្ងៃ​ទី​២៥​ តុលា​ ​២០១៥ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ក្លែងខ្លួន​ជា​ សង្ឃ​ក្លែងក្លាយ ​ដើរ​បិណ្ឌបាត្រ គ្រប់ទីកន្លែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត