កូរ៉េ​ខាងត្បូង​បាញ់​ព្រមាន​នាវា​ល្បាត​កូរ៉េ​ខាងជើង​1​គ្រឿង

ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​អាជ្ញាធរ​យោធា​ទីភ្នាក់ងារ​ព័ត៌មាន YONHAP គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ តុលា ថា កូរ៉េ​ខាងត្បូង​បាន​បាញ់​ព្រមាន​ចំពោះ​នាវា​ល្បាត​កូរ៉េ​ខាងជើង​មួយ​គ្រឿង​នៅ​សមុទ្រ​លឿង ។

យោង​តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា នាវា​របស់​កូរ៉េ​ខាងជើង​នេះ​បាន​បើកបរ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ហួស​ខ្សែបន្ទាត់​ព្រំដែន​ទឹកជា​ច្រើន​រយ​ម៉ែត្រ ខណៈ​វា​មក​ក្បែរ​បណ្តា​នាវា​នេសាទ​កាលពី​ថ្ងៃ​ទី​២៤ តុលា នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។

នាវាចម្បាំង​កូរ៉េ​ខាងត្បូង​បាន​បាញ់​ព្រមាន​៥​គ្រាប់ ដោយ​កាំភ្លើងយន្ត​៤០​មី​ល្លី​ម៉ែត្រ ឆ្ពោះទៅ​នាវា​កូរ៉េ​ខាងជើង ដែល​បាន​បក​ក្រោយ​វិញ ក្រោយ​ការ​បាញ់​ព្រមាន ។ អ្នក​ទទួលខុសត្រូវ​យោធា​ម្នាក់​ដកស្រង់​សម្តី ដោយ YONHAP គូសបញ្ជាក់​ថា ពុំ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ភាគី​ទាំង​២​ឡើយ ៕