អង្គការ​ស្នាម​ញញឹម​កម្ពុជា​ ចុះ​វះ​កាត់​កុមារ​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ


អង្គការ​ស្នាម​ញញឹម​កម្ពុជា​ ចុះ​វះ​កាត់​កុមារ​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ

អង្គការ​ស្នាម​ញញឹម​កម្ពុជា​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​មន្ទីរ​ពេទ្យ​មិត្តភាព ខ្មែរ សូវៀត​ធ្វើ​ការ​វះ​កាត់​កុមារ​ដែល​មាន​មាត់​ឆែប​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ផ្ទាល់​តែ​ម្ដង​ ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា​ ដោយ​អ្នក​ចុះ​ឈ្មោះ​ពុំ​ចាំ​បាច់​បង​ប្រាក់​ឡើយ។
 

លោក​ទិត្យ ប៊ុនអេង​ តំណាង​ឱ្យ​​អង្គការ​​ស្នាម​ញញឹម​កម្ពុជា បាន​ប្រាប់​ឱ្យ​ Sabay ​ថា​ អង្គការ​របស់​លោក​បាន​សហការ​ជាមួយ​នឹង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត​ដើម្បី​រៀប​ចំ​យុទ្ធនាការ​ វះ​កាត់​​កុមារ​ ឆែប​មាត់ ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ ចំនួន​ ៦៨ នាក់​ ដែល​ភាគ​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។

 

អង្គការ​ស្នាម​ញញឹម​កម្ពុជា​ ចុះ​វះ​កាត់​កុមារ​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ
 

អង្គការ​របស់​លោក ទទួល​វះ​កាត់​មាត់​ឆែប ឆែប​ក្រអូម​មាត់ និង ពិការភាព​មុខមាត់​ផ្សេងៗ របស់​កុមារ​ និង​ មនុស្ស​ចាស់។ ចំពោះ​កុមារ​ដែល​ឆែប​មាត់​ត្រូវ​មាន​អាយុ​ចាប់​ពី ៦ ខែ​ឡើង​ទៅ​ រី​​ឯ​កុមារ​ដែល​មាន​​ឆែប​ក្រអូម​មាត់​ខាង​ក្នុង​ត្រូវ​មាន​អាយុ​ចាប់​ពីរ​ ១១ ទៅ ១២​ខែ​ឡើង​ទើប​អាច​ទទួល​ការ​វះ​កាត់​បាន។​​​

 

 

អង្គការ​ស្នាម​ញញឹម​កម្ពុជា​ ចុះ​វះ​កាត់​កុមារ​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ
 

លោក ​ប៊ុនអេង ​ក៏​បាន​បន្ត​ទៀត​ថា អ្នក​ដែល​វះ​កាត់​រួច​ តម្រូវ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​យ៉ាង​ហោច​ណាស់​ក៏​ ពីរ​ថ្ងៃ​ដែរ ប៉ុន្តែ​ រាល់​ការ​ចំណាយ​ថ្លៃ​ថ្នាំ ការ​ស្នាក់​នៅ​ជា​បន្ទុក​ របស់​អង្គការ​ស្នាម​ញញឹម​កម្ពុជា។ «ហើយ​ពេល​ដែល​គាត់ រើ​ចេញ​​យើង​នឹង​មាន​ជា​ថវិកា​បន្តិច​បន្តួច ដប់​ឬ​ម្ភៃ ដុល្លារ​សម្រាប់​ជា​ការ​ចាយ​វាយ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ!»។ លោក​ប៊ុនអេង​បាន​ថ្លែង​យ៉ាង​ដូច្នេះ។
 

អង្គការ​ ស្នាម​ញញឹម​កម្ពុជា​ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០២ មក​ មាន​បេសកកម្ម​លើ​​ សុខភាព។ រយៈពេល​ ១៣ ឆ្នាំ​មក​នេះ​អង្គការ​ បាន​សម្រេច​បេសកកម្ម​​មនុស្សធម៌​ផ្សេងៗ​ បាន​ ៥៥​ដង​មក​ហើយ​ដែល​មាន​ដូច​ជា​ការ​ វះ​កាត់​ពិការភាព​មុខមាត់ និង ការ​បង្រៀន​សង្គ្រោះ​បឋម​​ជា​ដើម៕
 

អត្ថបទ៖ ណេង ណេង
រូបថត៖ ផ្ដល់ឱ្យ​​