អ៊ាម វន្នី និយាយ​អ្វី​ខ្លះ​ទៅ​កាន់​អ្នក​គាំទ្រ?

អ៊ាម វន្នី និយាយ​អ្វី​ខ្លះ​ទៅ​កាន់​អ្នក​គាំទ្រ?

អ៊ាម វន្នី បាន​អះអាង​ថា រូប​គេ​ពិត​ជា​មាន​ការ​សោកស្ដាយ និង​អាណិត​អាសូរ​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់ ចំពោះ​ភាព​ខក​បំណង​ក្រោយ​បរាជ័យ​ក្នុង​កម្មវិធី Cambodian Idol។

 

អ៊ាម វន្នី និយាយ​អ្វី​ខ្លះ​ទៅ​កាន់​អ្នក​គាំទ្រ?

 រូប​ថត៖ ផ្ដល់​ដោយ​ វន្នី

 

“ដឹង​ជា​មុន​ហើយ ការ​ប្រលង​មាន​ជាប់​មាន​ធ្លាក់​ធម្មតា តែ​ខ្ញុំ​ពិបាក​ចិត្ត​អាណិត​អ្នក​​គាំទ្រ​ណាស់ ព្រោះ​ពួក​គាត់​ខូច​ចិត្ត ហ៊ឺ!…ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ”។ អ៊ាម វន្នី ​ប្រាប់​មក​កាន់ Sabay។ អ្នក​ចម្រៀង​រូប​នេះ​អះអាង​បន្ត​ថា លោក​មិន​បាន​គិត​ច្រើន​ពី​ភាព​បរាជ័យ​នោះ​ទេ ព្រោះ​ចាត់​ទុក​ជា​រឿង​ធម្មតា​ក្នុង​ការ​ប្រកួត​ប្រជែង​សមត្ថភាព ទោះ​បី​ជា​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​ក៏​ដោយ។

 

អ៊ាម វន្នី មិន​អាច​ហាមប្រាម​មហាជន​មិន​ឱ្យ​ពិបាក​ចិត្ត ឬ​ខក​បំណង​នោះ​ទេ ព្រោះ​ជា​សិទ្ធ​របស់​បុគ្គល​គ្រប់​រូប។ ប៉ុន្តែ​រូប​គេ​ពិត​ជា​រំភើប​ពេល​បាន​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​ដូច្នេះ ដោយ​មាន​សារ​រាប់ពាន់ ផ្ញើ​មក​លើក​ទឹក​ចិត្ត​ក្រោយ​ការ​ប្រកាស​លទ្ធផល ដែល​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​អន្តរជាតិ​ខាង​លើ។ អតីត​បេក្ខភាព​រូប​នេះ​ចាត់​ទុក​ទង្វើ​របស់​អ្នក​គាំទ្រ​ថា ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ​ឡើង។

 

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ខេត្ត​បាត់ដំបង​រូប​នេះ​អះអាង​ថា ចាប់​ផ្ដើម​មាន​គេ​ហៅ​ទៅ​ច្រៀង​បណ្ដើរៗ​ហើយ ក្នុង​នោះ​ក៏​មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ផង​ដែរ។ អ៊ាម វន្នី បង្ហាញ​ជំហរ​ជា​ថ្មី​ថា នឹង​ឈាន​ជើង​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​នេះ ដោយ​បង្កើត​ការ​ផលិត​បទ​ចម្រៀង​ថ្មី​បន្ថែម​ទៀត ហើយ​មិន​ត្រឡប់​ទៅ​ធ្វើ​ការងារ​ជា​អ្នក​បកប្រែ​ភាសា​ឱ្យ​ជនជាតិ​ថៃ​ទៀត​ទេ៕

 

អាន​អត្ថបទ៖  សំ ប៉ូលីដា រៀបរាប់​ជីវិត​មាន​ប្ដី​ពីរ ប្ដី​បី ត្រូវ​គេ​មើល​ងាយ​

អាន​អត្ថបទ៖  ជើង​ឯក​កម្មវិធី ​”កំពូលតារា”​ លើក​ដំបូង​​​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ ៣​ ម៉ឺន​ដុល្លារ

អត្ថបទ៖ សំ ជំនាញ