តាម​សំណូមពរ​ម្ចាស់​ស្ថានីយទូរទស្សន៍ ក្រសួង​ព័ត៌មាន​ពន្យារពេល​ចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ រហូតដល់​ថ្ងៃទី​៣០ ខែធ្នូ​

ភ្នំពេញ​: ​ក្រសួង​ព័ត៌មាន បានដាក់​កំហិត​ជា​ចុងក្រោយ ដល់​ម្ចាស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់ ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​១៩៖០០​នាទី ដល់​ម៉ោង ២១៖០០​នាទី​យប់ ត្រូវធ្វើ​ការចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ​។​

​ក្រសួង​ព័ត៌មាន​ប្រកាសថា ដោយយោង​តាម​ការ​សំណូមពរ​របស់​ម្ចាស់​ស្ថានីយទូរទស្សន៍​មួយចំនួន​នូវ​ការចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ ចាប់ពី​ម៉ោង​១៩៖០០​នាទី ដល់​ម៉ោង ២១៖០០​នាទី​យប់ តាម​កញ្ចក់​ទូរទស្សន៍ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ ដូច្នេះ​លោក ខៀវ កាញារីទ្ធ រដ្ឋ​ក្រសួង​ព័ត៌មាន បានចេញ​លិខិត​មួយ ដោយ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ជា​កំហិត​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ​ដោយ​កម្មវត្ថុ​៖​ករណី​ចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ​ចាប់ពី​ម៉ោង​១៩៖០០​នាទី ដល់​ម៉ោង ២១៖០០​នាទី​យប់​នៅតាម​កញ្ចក់​ទូរទស្សន៍​នោះ និង​យោងតាម​លិខិត​លេខ​១៣០០​ចុះ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៥ របស់​ក្រសួង​ព័ត៌មាន និង​សំណូមពរ​របស់​ស្ថានីយទូរទស្សន៍​មួយចំនួន ក្រសួង​ព័ត៌មាន សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​ម្ចាស់​ស្ថានីយទូរទស្សន៍​មួយចំនួន ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​ថា​នឹង​អនុវត្តតាម​ការណែនាំ ស្តីពី​ការចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ ចាប់ពី​ម៉ោង​១៩៖០០​នាទី ដល់​ម៉ោង ២១៖០០​នាទី​យប់ នៅតាម​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​តទៅ លិខិត​លេខ​១៣០០​ចុះ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៥ របស់​ក្រសួង​ព័ត៌មាន​។​

​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា ជាមួយគ្នានេះ ដោយ​មានការ​សំណូមពរ​ពី​ម្ចាស់​ស្ថានីយទូរទស្សន៍​មួយចំនួន សុំ​ពន្យារពេល​នូវ​ការចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ ដោយសារ​ជួប​បញ្ហា​ការផលិត​កម្មវិធី និង​ការផ្លាស់ប្តូរ​ម៉ោង​ផ្សាយ ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​អាច​ពន្យារពេល នូវ​ការចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ រហូតដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ជា​កំហិត​។​

​ក្រសួង​ព័ត៌មាន​សង្ឃឹមថា ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

តាម​សំណូមពរ​ម្ចាស់​ស្ថានីយទូរទស្សន៍ ក្រសួង​ព័ត៌មាន​ពន្យារពេល​ចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ រហូតដល់​ថ្ងៃទី​៣០ ខែធ្នូ​