FFC សម្រេច​លើក​ពេល​ប្រកួត​វគ្គ Play-Off បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​គ្រូ​បង្វឹក

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ បានសម្រេចលើកពេលប្រកួតវគ្គខ្វែង៤ក្រុមចុងក្រោយ (Play-Off) ជើងទី២ ដោយហេតុផ្ដល់ទុកឱកាសឲ្យក្រុមបឹងកេតអង្គរ ត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ TOYOTA Mekong-Cup នាដើមខែក្រោយ នៅប្រទេសឡាវ ។

ការប្រកាសលើកពេលនេះ គឺធ្វើឡើងស្របពេលគ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំក្រុមមួយចំនួន ដែលកំពុងត្រៀមខ្លួនប្រកួតប្រជែងក្នុងវគ្គ Play-Off បានសម្ដែងការមិនពេញចិត្ត ចំពោះកម្មវិធីប្រកួតដ៏មមាញឹក ដែលធ្វើឲ្យកីឡាកររបស់ខ្លួន មិនមានពេលសម្រាក គ្រប់គ្រាន់បាន ។

លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត ដែលទើបដឹកនាំក្រុមប្រកួតចាញ់ក្រុមណាហ្គាវើល ៣-១ កាលពីម្សិលមិញ បានលើកឡើងថា «បឹងកេត ត្រូវការប្រកួតប្រជែង ដើម្បីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ ហើយបឹងកេត ក៏ចង់ក្លាយជាតំណាងប្រទេស ដើម្បីប្រកួតប្រជែងស្វែងរក លទ្ធផលល្អជូនជាតិ នៅក្នុងការប្រកួត TOYOTA Mekong-Cup ផងដែរ ។ ដូច្នេះតើខ្ញុំត្រូវធ្វើយ៉ាងណា បើកម្មវិធីប្រកួតមមាញឹករកពេល សម្រាកមិនបានបែបនេះ? ហេតុនេះ ខ្ញុំនឹងរង់ចាំមើល តើសហព័ន្ធ នឹងលើកការប្រកួតឲ្យយើងអត់? បើមិនលើកទេ ពេលហ្នឹងហើយ ដែលយើងនឹងដឹងថា ត្រូវលេងយ៉ាងរបៀបម៉េច» ។

ដោយឡែកលោក Sam គ្រូបង្វឹកក្រុមភ្នំពេញក្រោន ដែលទើបយកឈ្នះក្រុម Cambodian Tiger ៤-១ កាលពីម្សិលមិញដែរនោះ បានបញ្ជាក់ថា ទោះបីក្រុមខ្លាំងកម្រិតណាក៏ដោយ ប្រសិនគ្មានសម្រាកប្រមូលកម្លាំងគ្រប់គ្រាន់ ក៏លេងមិនបានល្អដែរ ។ លោកបានស្នើឲ្យសហព័ន្ធ សម្រួលកម្មវិធីឡើងវិញ កុំឲ្យមានការផ្លាស់ប្ដូរច្រើនពេក ជាពិសេសគឺកម្មវិធីប្រកួតលីកកំពូលតែម្ដង ត្រូវបែងចែកឲ្យដាច់ពីការប្រមូលផ្ដុំ កីឡាករជម្រើសជាតិ ដែលកំពុងមមាញឹកជាមួយនឹងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីនោះ ។

ដោយមានប្រតិកម្មបែបនេះ នៅរសៀលថ្ងៃទី២៦ ខែតុលានេះ លោក គល់ សុផាណា អគ្គលេខាធិការ FFC បានចុះហត្ថលេខាលើ សេចក្ដីជូនដំណឹងមួយ ដល់ក្រុមភ្នំពេញក្រោន, Cambodian Tiger, ណាហ្គាវើល និងក្រុមបឹងកេតអង្គរ ស្ដីពីការលើកពេលប្រកួត ជើងទី២ នៃវគ្គខ្វែង៤ក្រុមចុងក្រោយ ដោយលើកពេលការប្រកួតពីថ្ងៃទី២៨ ខែតុលា ទៅប្រកួតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ខាង មុខវិញ ៕

FFC សម្រេច​លើក​ពេល​ប្រកួត​វគ្គ Play-Off បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​គ្រូ​បង្វឹក