ជាប់​គុក​២​លើក​មិន​រាង​ យក​កាំ​បិត​ប៉័ង​តោ​ដេញ​កាប់​គេ​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ចូល​គុក​ម្តង​ទៀត

ខេត្ត​តាកែវ​ ៖ ​ជន​សង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​បាទី​ចាប់​ខ្លួន​រួច​បញ្ជូន​ទៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាត់​ទោស​តាម​ច្បាប់​ បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​យក​កាំ​បិត​ប៉័ង​តោ​ដេញ​កាប់ទៅ​លើ​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូតែ​ជន​រង​គ្រោះ​​​​​​​​​​​បាន​ដឹង​ខ្លួន​ទាន់​ផ្តួល​ម៉ូតូ​ចោល​រត់​យក​រួច​ខ្លួន​ និង​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​២៥ តុលា ២០១៥ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាទី​។

លោក​ង៉ាន់ សារី អធិការ​នគរ​បាល​ស្រុក​បាទី​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ឈ្មោះ​ខៀវ រ៉ា​យូ ហៅ​ឆក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ រស់​នៅ​ភូមិ​ចក ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ផុន សុវណ្ណា​រ៉េត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​ក្រាំង​អំពិល ឃុំ​កណ្តឹង ស្រុក​បាទី​។

នៅ​ចំពោះ​មុខ​ប៉ូលិស ជន​​សង្ស័យ​បាន​សារភាព​ថា រូប​គេ​ពិត​ជា​បាន​យក​កាំ​បិត​ប៉័ង​តោ​ដេញ​កាប់​គេ​ពិត​ប្រាកដ​មែន​ដោយ​សារ​កាល​ពី​ថ្ងៃ​មុន​ជន​រង​គ្រោះ​បាន​បបួល​រូប​គេ​កាប់​គ្នា​ត​ទល់​ លុះ​មក​ដល់​ថ្ងៃ​នេះ​រូប​គេ​បាន​ឃើញ​ជន​រង​គ្រោះ​ក៏​ដេញ​កាប់​តែ​ម្តង​។

​​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ធ្លាប់​ជាប់​គុក​២​លើក​រួច​មក​ហើយ​ ដោយ​លើក​ទី​១​ជាប់​គុក​នៅ​តា​កែវ​ពី​បទ​ឆបោក​ម៉ូតូ​គេ​ ​​​​​​​​​​​​​លើក​ទី​២​ជាប់​គុក​នៅ​ព្រៃ​.ស​ពី​បទ​ដឹក​អាវុធ​ខុស​ច្បាប់ ហើយ​លើក​ទី​៣នេះ​យក​កាំ​បិត​ដេញ​កាប់​គេ​៕