ការ​ប្រកួត​ពានរង្វាន់ Revive កីឡា​រាំ​លើក​ទី​1 គ្រោង​រៀបចំ​ធ្វើ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ​៖​ក្រោម​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​រាំ នឹង​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​Revive​កីឡា​រាំ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ខាង​មុខ​នេះ ។

លោកស្រី​ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សន្និសីទកាសែត​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ។ ពាក្យសុំ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ចាប់ផ្ដើម​ទទួល​ពី​ពេល​នេះ​តទៅ​រហូត​ដល់​ថ្ងៃទី​២៥ វិ​ចិ្ឆ​កា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ចាប់ពី​ម៉ោង​៨​ព្រឹក​ដោយ​មិន​មានការ​បង់ប្រាក់​អ្វី​ឡើយ ។ ការ​ប្រកួត​រាំ​លើក​ទី​១​ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ប៊ូ​យ៉ង់​ខ្មែរ​ក្នុង​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​នេះ មិន​មាន​ក្បាច់​រាំ​បទ​ចម្រៀង​ខ្មែរ​ទេ គឺ​ប្រកួត​ក្បាច់​រាំ​បរទេស​ដែល​មាន​ដូច​ជា Waltz Tango Viennese Waltz Slow Foxtrot និង​Quickstep ឬ​ក្បាច់​រាំ Samba Cha Cha Cha Rumba Paso Double និង Jive​។

លោកស្រី​ញ៉ែ​ម មរកត បានឱ្យ​ដឹង​ទៀត​ថា សហព័ន្ធ​រៀបចំ​កម្មវិធី​ប្រកួត​រាំ​នេះ​ឡើង​ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​កីឡា​រាំ​នៅ​កម្ពុជា បង្កើន​ឱកាស​ឱ្យ​យុវជន​បង្ហាញ​នូវ​ចំណេះដឹង​ជំនាញ​កីឡា​រាំ​អន្តរជាតិ​ពិតប្រាកដ និង​លើកទឹកចិត្ត​ឱ្យ​យុវជន​ចេះ​ហ្វឹកហាត់​ជា​ក្រុម ដើម្បី​បញ្ចេញ​ភាព​ស្រស់​ស្អាត សប្បាយ​រីករាយ និង​ជំនាញ​រាំ​ទំនើប​ទាន់សម័យ ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា នៅ​ស្រុក​គេ​ដែល​កំពុង​រីក​ចម្រើន​គឺ​សុទ្ធតែ​លក់​សំបុត្រ សូ​ម្បី​តែ​អ្នកចូលរួម​គាំទ្រ​ក៏​តម្រូវ​ឱ្យ​ទិញ​សំបុត្រ​ដែរ​។ ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​ដែល​មិន​ទាន់​រីក​ចម្រើន ទាំង​បេក្ខជន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ទាំង​អ្នកគាំទ្រ​ចូល​ទស្សនា​គឺ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​អ្វី​ទាំងអស់ ដូច្នេះ​សូម​ចូលរួម​កម្មវិធីនេះ​ឱ្យ​បាន​ច្រើន​កុះករ ។ លោក​វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា ជា​លើក​ដំបូង​នេះ គឺ​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង​ក្បាច់​រាំ​បរទេស ប្រហែលជា​ឆ្នាំ​ក្រោយ នឹង​មាន​ប្រកួត​ក្បាច់​រាំវង់ រាំក្បាច់​របស់​ខ្មែរ​យើង​ផង​ដែរ ។ មិនតែប៉ុណ្ណោះ​ប្រសិនជា​ការ​ប្រកួត​រាំ​នេះ​មានការ​រីក​ចម្រើន​លោក​មាន​គម្រោង​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ៕