ប្រកួត​រើស​ជើងឯក​កីឡា​អេ​ឡិច​ត្រូ​និក​ថ្នាក់​ជាតិ​លើក​ទី​1 គ្រោង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែធ្នូ​ក្នុង​ថ្ងៃ​បុណ្យ​សមុទ្រ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​១ ប្រចាំឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​១៩ តុលា កន្លង​មក​នោះ គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ធ្នូ ខាង​មុខ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត​ដែល​បាន​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ តុលា កន្លង​មកនេះ ។ ការ​ប្រកួត​នេះ រៀបចំ​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​មានការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​ផង​ដែរ ។

លោក​ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ជ័យ​លា​ភី​ចំនួន​២​ក្រុម​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឆ្នាំ​២០១៦ ។ សម្រាប់​កម្ពុជា នឹង​ត្រូវ​ប្រកួត​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ដែល​ដណ្ដើម​បាន​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៥​។ លោក​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ត្រូវ​បែងចែក​ជា​៦​តំបន់​គឺ​៖
 
តំបន់​ទី​១-​មាន​ខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង និង​តា​ខ្មៅ ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៤ តុលា ។

តំបន់​ទី​២-​មាន​ខេត្ត​រតនៈគីរី មណ្ឌល​គី​រី ស្ទឹង​ត្រែង និង​ក្រចេះ ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១​តុលា ។

តំបន់​ទី​៣-​មាន​ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះ​វិហារ និង​កំពង់ចាម ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨​វិច្ឆិកា​។

តំបន់​ទី​៤-​មាន​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់ ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៤​វិច្ឆិកា ។

តំបន់​ទី​៥-​មាន​តែ​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២១​វិច្ឆិកា និង

តំបន់​ទី​៦-​មាន​ខេត្ត​ព្រះ​សីហ​នុ កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ ធ្នូ ។

ការ​ប្រកួត​ជម្រុះ​ទាំង​៦​តំបន់​ខាងលើ​នេះ គឺ​ចម្រាញ់​យក​តែ​១៦​ក្រុម​ប៉ុណ្ណោះ សម្រាប់​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ ខេត្តកំពត​ថ្ងៃ​ទី​១១-១២​ធ្នូ ដើម្បី​រក​ក្រុម​ជ័យ​លា​ភី​២​ក្រុម​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នា​ខែមករា ឆ្នាំ​២០១៦ ខាង​មុខ ។

កីឡា​អេ​ឡិច​ត្រូ​និក​នេះ​ប្រទេស​កូរ៉េ​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​ឡើង ហើយ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​នៅ​ឆ្នាំ​១៩៩៩  និង​មានការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ម៉ា​កាវ ។ ចំណែក​កម្ពុជា​ដែល​ទើបតែ​បង្កើត​ឱ្យ​មាន​ប្រភេទ​កីឡា​មួយ​នេះ​ឡើង​នោះ ធ្លាប់​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ចំនួន​៤​លើក​រួច​មក​ហើយ ថែម​ទាំង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ទៀត​ផង ។ ព្រោះថា​ការ​ប្រកួត​ទាំង​៤​លើក​កន្លង​មកនេះ លើក​ទី​១​ឆ្នាំ​២០១២​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ។ លើក​ទី​២-​ឆ្នាំ​២០១៣ ធ្វើ​នៅ​ប្រទេស​ថៃ​បាន​លេខ​២​ម្ដងទៀត និង​លើក​ទី​៣​ធ្វើ​នៅ​កម្ពុជា​បាន​លេខ​២​ដដែល ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៥​ធ្វើ​នៅ​ប្រទេស​ចិន​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​បាន​យកឈ្នះ​ម៉ា​ឡេ​ស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ បច្ចុប្បន្ន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ជា​សមាជិក​ពេញ​សិ​ទិ្ធ​នៅ​ក្នុង​សហ​ព័ន្ធ​​អន្តរជាតិ​រួច​ហើយ ថែម​ទាំង​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុ​ជន និង​កីឡា​ទៀត​ផង ៕