អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ពន្យារ​ពេល​ជាង​២០​ថ្ងៃ​ទៀត​ឲ្យ​ពលរដ្ឋ​រើ​ផ្ទះ​បណ្ដែត​ទឹក

គណៈកម្មការ​រៀបចំ​សណ្ដាប់​ធ្នាប់ និង​សោភ័ណភាព​ក្រុង​កំពង់ឆ្នាំង ប្រកាស​ថា ការ​អនុវត្ត​ការងារ​ផ្លាស់​ទី​ផ្ទះ​អ្នក​ភូមិ​បណ្ដែត​ទឹក​ជិត ១.៥០០​ខ្នង ជិត​បញ្ចប់​ហើយ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​អវសានវាទ​នៃ​ការ​ផ្លាស់​ទី មាន​ផ្ទះ​បណ្ដែត​ទឹក​ជាង ១០​គ្រួសារ​ទៀត មិន​ទាន់​អូស​ផ្ទះ​ទៅ​រស់នៅ​ទីតាំង​ថ្មី​តាម​ការ​តម្រូវ​របស់​អាជ្ញាធរ​នៅ​ឡើយ​ទេ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្វើ​កិច្ចសន្យា​ពន្យារ​ពេល​ជាង ២០​ថ្ងៃ​ទៀត សម្រាប់​ពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ដែល​នៅ​សេសសល់ ដើម្បី​អូស​ផ្ទះ​ទៅ​រស់នៅ​ទីតាំង​លើ​ទឹក​ថ្មី ឬ​អូស​ឡើង​លើ​ដី​ដែល​ខ្លួន​មាន។ អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្នុង​ករណី​ដែល​ម្ចាស់​ផ្ទះ​រំលោភ​លើ​កិច្ចសន្យា ឬ​មួយ​ដល់​ពេល​កំណត់​ត្រូវ​ចាក​ចេញ​ហើយ តែ​មិន​ព្រម​អូស ឬ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ​នោះ។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចុះ​ពិនិត្យ​ផ្ទះ​បណ្ដែត​ទឹក​នៅ​សេសសល់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ថា ក្រុម​ពលរដ្ឋ​បាន​បង្ហាញ​ពី​ការ​លំបាក​ផ្លាស់​ទី ដោយ​បែរ​ត្រី ឬ​ផ្ទះ​របស់​ពួក​គាត់​ចាស់ ហើយ​មាន​ផ្ទះ​ខ្លះ​កំពុង​ជួល​ជាង​អូស​ឡើង​ទៅ​តាម​ដី​ដែល​ពួក​គាត់​មាន​ស្រាប់៖ «ដូច​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ អ៊ីចឹង​ក្រុម​ការងារ​ក៏​បាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​តិចតួច​នេះ ឲ្យ​យល់​ពី​គោល​បំណង និង​ចូលរួម។ អ៊ីចឹង​បង​ប្អូន​នៅ​ប៉ុន្មាន​ផ្ទះ​នេះ ក៏​ចូលរួម​យូរ​ហើយ គាត់​គ្រាន់​តែ​ត្រូវ​ការ​ជាង។ ដោយឡែក​អ្នក​ទៅ​រក​ទីតាំង​ថ្មី​ដែល​មាន​បញ្ហា​អគ្គិសនី​នោះ ខាង​អគ្គិសនី​ខេត្ត កំពុង​ត​ភ្ជាប់​ហើយ ហើយ​ផ្លូវ​នៅ​ពេល​ទឹក​ស្រក អាជ្ញាធរ​ខេត្ត​កំពុង​ពិនិត្យ​លទ្ធភាព​របស់​ខេត្ត»

ផ្ទះ​បណ្ដែត​ទឹក​វៀតណាម កំពង់ឆ្នាំង ៦១០
ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ត្រី​ជនជាតិ​វៀតណាម ចល័ត​ចូល​កណ្ដាល​ទន្លេ​នៅ​សង្កាត់​ផ្សារឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/Chin Chetha

ក្រុម​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចាម ដែល​មិន​ទាន់​ឡើង​គោក ឬ​ប្ដូរ​ទៅ​រស់នៅ​ទីតាំង​លើ​ទឹក​ថ្មី​តាម​ការ​តម្រូវ​របស់​អាជ្ញាធរ​នោះ មិន​ហ៊ាន​បញ្ចេញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន តាម​រយៈ​សារព័ត៌មាន​ឡើយ ដោយ​ពួក​គាត់​ខ្លាច​អាជ្ញាធរ​ចាប់​ទោស​អូស​ដំណើរ។ ពួក​គាត់​ខ្លះ​បង្ហើប​ថា ការ​ផ្លាស់​ទី​ទៅ​រស់នៅ​លើ​ទឹក​ដដែល​នេះ ពួក​គាត់​មិន​សូវ​ពេញ​ចិត្ត​ឡើយ ព្រោះ​បញ្ហា​បំពុល​ទឹក​នៅ​តែ​បន្ត​កើត​មាន។

ចំណែក​ក្រុម​អាជីវករ​លក់​ឈើ ស្លឹក​កណ្ដប និង​ដើម​ឫស្សី​ពីងពង់​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម​ប៉ែក​ខាង​លិច ចំនួន ២២​នាក់ ស្នើសុំ​ពន្យារ​ពេល​រុះរើ​តូប និង​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍ​ផ្លូវ​ឆ្ពោះ​ទៅ​ទីតាំង​ថ្មី ដែល​អ្នក​ភូមិ​បណ្ដែត​ទឹក​រស់នៅ​ឋិត​នៅ​ចម្ងាយ​ពី​កន្លែង​ចាស់​ប្រមាណ ៣​គីឡូម៉ែត្រ ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​សម្ភារៈ​លក់​ដូរ​ទៅ​កន្លែង​ថ្មី។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា​សួនច្បារ កន្លែង​ហាត់​ប្រាណ និង​វេទិកា នៅ​អែប​មាត់​ទន្លេ​ផ្សារ​ក្រោម​ប្រវែង​ជិត ៣​គីឡូម៉ែត្រ ចាប់​ពី​មុខ​វត្ត​លោក​យាយ​ទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) ក្នុង​សង្កាត់​ផ្សារឆ្នាំង។ ការ​អនុវត្ត​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ដែល​ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម នេះ គឺ​ផ្អែក​លើ​សេចក្ដី​សម្រេច​លេខ​១៨៧ ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ស្ដីពី​ការ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ សោភ័ណភាព និង​អភិវឌ្ឍ​តំបន់​មាត់​ទន្លេ​ផ្សារ​ក្រោម ដោយ​ប្រើ​រយៈពេល ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។