សហជីព​កម្មករ​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​ផ្សេង​ទៀត

ក្រុម​សម្ព័ន្ធ​សហជីព​កម្មករ កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​របស់​ក្រសួង​ការងារ បន្ទាប់​ពី​បាន​ដាក់​ញត្តិ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​សម្រាប់​កម្មករ។ ការ​ទាមទារ​នេះ គឺ​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល ដែល​នឹង​ត្រូវ​ឡើង​ដល់​ចំនួន ១៤០​ដុល្លារ​នៅ​ឆ្នាំ​២០១៦។

ទោះ​បី​ជា​ខាង​និយោជក​ព្រម​ដំឡើង​ដល់​ចំនួន ១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ក៏ដោយ ក៏​ខាង​សហជីព​មួយ​ចំនួន នៅ​តែ​ទាមទារ​ដំឡើង​ថ្លៃ​ឈ្នួល​បន្ថែម ដោយ​ពួក​គាត់​សំអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម ១៤០​ដុល្លារ​នេះ កម្មករ​មិន​អាច​ចាយ​វាយ​គ្រប់​នោះ​ទេ នៅ​ស្រប​អតិផរណា ឬ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​នោះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) លោក ប៉ាវ ស៊ីណា ថ្លែង​នៅ​ថ្ងៃ​ទី​២៥ តុលា ថា ពួក​គាត់​នៅ​រង់ចាំ​ចម្លើយ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចំពោះ​ការ​ស្នើសុំ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម​ទៀត​ជូន​កម្មករ។

ការ​ចាំ​ចម្លើយ​ឆ្លើយ​តប​ពី​ខាង​តំណាង​ក្រសួង​ការងារ នេះ នៅ​ក្រោយ​ពេល​ពួក​គាត់​បាន​ដាក់​ញត្តិ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​រៀបចំ​ដោយ​ក្រុម​សហភាព​សហព័ន្ធ​សហជីព​កម្មករ​ចំនួន ៩ ដែល​បាន​ដាក់​ជូន​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ តុលា។

លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ក្រុម​សម្ព័ន្ធ​សហជីព​ទាំង​៩ នឹង​រង់ចាំ​ទទួល​ការ​ឆ្លើយ​តប​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រយៈពេល​មួយ​សប្ដាហ៍ រហូត​ដល់​សប្ដាហ៍​ក្រោយ​នេះ៖ «អ្វី​ដែល​យើង​គិត​នោះ គឺ​ប្រសិន​បើ​យើង​ដាក់​លិខិត​ទៅ​លើក​ទី​មួយ​ក្នុង​មួយ​សប្ដាហ៍​ហ្នឹង គេ​អត់​ឆ្លើយ​តប យើង​នឹង​ដាក់​លិខិត​មួយ​ទៀត​ជា​លើក​ទី​ពីរ​សប្ដាហ៍​ដូច​គ្នា។ ផុត​ពី​ហ្នឹង បើ​អត់​ទេ យើង​នឹង​កោះ​ប្រជុំ​តំណាង​សហព័ន្ធ​សហជីព​ទាំងអស់ រួម​ទាំង​សមាជិក​សមាជិកា​សហព័ន្ធ​សហជីព​ហ្នឹង ដើម្បី​រៀបចំ​គម្រោង​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​សំណើ​របស់​សហព័ន្ធ​សហជីព​របស់​យើង»

កាល​ពី​ថ្ងៃ​ទី​២០ តុលា តំណាង​សហភាព​សម្ព័ន្ធ​សហជីព និង​តំណាង​សមាគម​កម្មករ​រោងចក្រ​កាត់​ដេរ​ប្រមាណ ៦០​នាក់ បាន​ជួប​គ្នា​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​មាន​ការ​ចរចា​អំពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម​ទៀត​ចំនួន ១៣​ចំណុច បន្ទាប់​ពី​ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៤០​ដុល្លារ ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​កាល​ពី​ថ្ងៃ​ទី​៨ តុលា។

ប្រធាន​សហភាព​ការងារ​កម្ពុជា (Cambodian Labor Confederation) លោក អាត់ ធន់ បញ្ជាក់​នៅ​ថ្ងៃ​ដដែល​នោះ​ថា ក្នុង​ពេល​ចរចា​ជាមួយ​សមាគម​រោងចក្រ និង​ក្រសួង​ការងារ ខាង​ភាគី​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​គោល​ទាប​បំផុត ១៦០​ដុល្លារ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា។ ក្រសួង​ការងារ សម្រេច​ចំនួន ១៤០​ដុល្លារ។ លោក អាត់ ធន់ ថា ខាង​កម្មករ​មិន​ពេញ​ចិត្ត​ចំនួន ១៤០​ដុល្លារ​នេះ​ទេ ហើយ​ក៏​មិន​ចង់​ចរចា​រឿង​នេះ​ទៀត​ដែរ ព្រោះ​សម្រេច​រួច​ហើយ ប៉ុន្តែ​ចង់​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ចរចា​រឿង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​មាន ១៣​ចំណុច​វិញ​ម្ដង៖ «ចំណុច​សំខាន់ៗ ដូចជា យើង​ស្នើសុំ​ឲ្យ​និយោជក​ផ្ដល់​អាហារ​មួយ​ពេល​ជូន​កម្មករ ឬ​ក៏​បើ​មិន​ផ្ដល់​អាហារ គឺ​ផ្ដល់​ប្រាក់ ១​ដុល្លារ សម្រាប់​ឲ្យ​គេ​ហូប​បាយ​នៅ​ពេល​ថ្ងៃ​ត្រង់​ហ្នឹង។ ចំណុច​ទី​ពីរ គឺ​យើង​ស្នើសុំ​ឲ្យ​និយោជក​ផ្ដល់​កន្លែង​ស្នាក់នៅ ឬ​ក៏​សោហ៊ុយ​ធ្វើ​ដំណើរ ប៉ុន្តែ​សោហ៊ុយ​ធ្វើ​ដំណើរ​នេះ គឺ​យើង​ស្នើ​ដល់ ១៥​ដុល្លារ ដើម្បី​ឲ្យ​ពួក​គេ​ជួល​ឡាន​ដែល​មាន​ផាសុកភាព ឬ​ធានា​បាន​សុវត្ថិភាព​បាន​ខ្ពស់​ជាង​មុន។ ចំណុច​ផ្សេង​ទៀត គឺ​យើង​ស្នើ​ឲ្យ​កើន​ឡើង ១២​ដុល្លារ​នេះ គឺ​ត្រូវ​បូក​បន្ថែម​ទៅ​លើ​កម្មករ​និយោជិក​ទាំងអស់ មាន​ន័យ​ថា ទាំង​អ្នក​បាន​ប្រាក់​ខែ ១៤០ ឬ​អ្នក​បាន ១៥០ ឬ ១៦០ ឬ ២០០ ក៏ដោយ ឲ្យ​តែ​កម្មករ​និយោជិក​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ ត្រូវ​បង្កើន​ឲ្យ​គេ​បាន​ទាំងអស់​គ្នា»

សហភាព និង​សហព័ន្ធ​សហជីព​កម្មករ​ទាំង ៩ ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​រង់ចាំ​ដល់​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ ដើម​ខែ​វិច្ឆិកា ខាង​មុខ ហើយ​ពួក​គាត់​នឹង​ដាក់​លិខិត​ជា​លើក​ទី​ពីរ ប្រសិន​បើ​ដល់​ថ្ងៃ​កំណត់ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​តែ​មិន​ឆ្លើយ​តប​តាម​ការ​ទាមទារ​នៅ​ក្នុង​ញត្តិ​របស់​ពួក​គាត់​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។