NGO ៖ ថ្កោលទោស អំពើហិង្សាលើ តំណាងរាស្រ្ត CNRP

ភ្នំពេញ ៖ លោក អំ សំអាត មន្រ្តីសិទ្ធិមនុស្ស អង្គការលីកាដូ បានថ្លែងថាចំពោះសកម្មភាព វាយដំមកលើ ក្រុមអ្នកតំណាង រាស្រ្ត របស់គណបក្សសង្រ្គោះជាតិ (CNRP) ទាំង២រូប គឺជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ខណៈពួកគាត់ជាតំណាង រាស្រ្ត ដែលបំពេញភារកិច្ចបម្រើប្រជាជន ដែលករណីនេះ លោកសូមថ្កោលទោសជាខ្លាំង។

លោក អំ សំអាត បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ថា ពួកគាត់ទាំងពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមបាតុករ ក្នុងគ្រាធ្វើដំណើរ តាមរថយន្តចេញមកពីប្រជុំសភា ត្រូវបានបាតុករវាយយ៉ាងខ្លាំង។

ក្នុងនាមលោកជាអ្នកឃ្លាំមើលសិទ្ធិមនុស្ស លោកស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីស្រាវជ្រាវស្វែងរកជនដៃដល់យកមក ដាក់ទោស ទណ្ឌទៅតាម ផ្លូវច្បាប់។

លោកបន្ថែមថា “យើងមានការសោកស្តាយ ដល់ថ្នាក់ជាតំណាងរាស្រ្ត ត្រូវបានវាយដំតាមអំពើចិត្ត អាហ្នឹង យើងគិតថា តើការអនុវត្តច្បាប់នៅកន្លែងណា ហើយអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត នៅកន្លែង ណា។ប្រសិនបើមិនចាត់វិធានការណ៍តាមផ្លូវច្បាប់ទេ នឹងពិតជាមានការរិះគន់ ថា មានការរើស អើងនិន្នាការនយោបាយ”៕