អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៦ ទទួល​ជំនួយ​គាំទ្រ​ដល់​កុមារ និង​គ្រួសារ​ពិការ​នៅ​កម្ពុជា​

ភ្នំពេញ: អង្គការ​យូ​នី​សេ​ហ្វ នា​ថ្ងៃទី​២៦​តុលា​នេះ បានប្រកាស​ផ្តល់​ថវិកា​ចំនួន ៤០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​អង្គការ​ដៃគូ​ចំនួន​៦ សម្រាប់​ពួកគេ​ផ្តល់​សេវាកម្ម​សហគមន៍​ប្រកបដោយ​គុណភាព​ដល់​ជនពិការ​ជាពិសេស​ដល់​ស្ត្រី និង​កុមារ នៅក្នុង​ខេត្ត​ចំនួន​១២ និង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ យូ​នី​សេ​ហ្វ​។​

​សេចក្តីប្រកាស លើកឡើងថា ថវិកា​ថ្មី​ផ្តល់​ឲ្យ​អង្គការ​ទាំង​៦​នេះ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​អភិវឌ្ឍន៍ ដែលមាន​ដាក់បញ្ចូល​ពិការភាព​នៅ​កម្ពុជា (CDIDF) ដែលជា​មូលនិធិ សម្រាប់​គាំទ្រ​អង្គការ​មិនមែន​រដ្ឋាភិបាល​។ មូលនិធិ​នេះ ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​ទាំងអស់គ្នា​ឆ្នាំ​២០១៥-២០២០​។​

​អង្គការ​ទទួល​ថវិកា​ទាំងនេះ រួមមាន អង្គការ​ការី​តាសក​ម្ពុ​ជា អង្គការ​ជនពិការ​អន្តរជាតិ អង្គការ​មូលនិធិ​កុមារ​ពិការ អង្គការ​គ្រួសារ​ថ្មី អង្គការ​អភិវឌ្ឍ​ន៏​សមត្ថភាព​ជនពិការ​តាម​សហគម​ន៏ និង​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ​។ ពួកគេ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ដំណើរការ​ប្រកបដោយ​ភាព​ប្រកួតប្រជែង ក្រោម​ការវាយតម្លៃ​ផ្អែក​ទៅតាម​គោលបំណង​នៃ​មូ​និ​ធិ រួមទាំង​បទពិសោធន៍ និង​ជំនាញ​របស់​អង្គការ​ទាំងនោះ ក្នុង​ការផ្តល់​សេវាកម្ម ក៏ដូចជា ធ្វើ​ការងារ​ជាមួយ​ជនពិការ​។​

​លោកស្រី អា​លី​សុន  ប៊ើ​រ​រ៉ូ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​ជំនួយ​នេះ គឺ​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការគាំទ្រ​របស់​យើង ទៅដល់​វិស័យ​ពិការភាព​នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​សេចក្តីប្រកាស​លើកឡើងថា កម្មវិធី​ជំនួយ​គាំទ្រ​នេះ នឹង​ផ្តល់នូវ​ប្រយោជន៍​ផ្ទាល់ និង​ដោយ​ប្រយោល​ទៅដល់​ប្រជាពលរដ្ឋ​ពិការ​ប្រមាណ​១២​ម៉ឺន​នាក់​នៅក្នុង​រយៈពេល ២​ឆ្នាំ​ខាងមុខ​។
​មូលនិធិ CDIDF នេះ​ក៏មាន​គោលបំណង​ពង្រឹង​កិច្ចសហការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​នានា ដើម្បី​ធានា​ឲ្យ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ អាចធ្វើ​ការរួម​គ្នា​ក្រោម​កិច្ចសម្របសម្រួល​មួយ​ដ៏​ល្អ ដើម្បី​ផ្តល់នូវ​ការគាំទ្រ​ល្អ​បំផុត ដែល​អាចធ្វើ​បាន​ជូន​ជនពិការ​។​

​លោកស្រី ដេ​បូរ៉ា កូ​មី​នី  តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​អង្គការ​យូ​នី​សេ​ហ្វ​ប្តេជ្ញា​ផ្តល់នូវ​បរិយាកាស​សុវត្ថិភាព​និង​ប្រកបដោយ​ក្តី​ស្រ​ទ្បា​ញ់​ដល់​កុមារ​ពិការ ដើម្បី​ឲ្យ​ពួកគេ​អាច​អភិវឌ្ឍ​សក្តានុពល​របស់គេ​បាន​ពេញលេញ​”​។​

​លោកស្រី​បាន​បន្តទៀតថា “​ជនពិការ​ប្រមាណ​ជា ៥០​ម៉ឺន​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ ជាមួយនឹង​មូលនិធិ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​នេះ អង្គការ​យូ​នី​សេ​ហ្វ អាច​សហការ​ជាមួយនឹង​អង្គការ ដែលមាន​បទពិសោធន៍ ដើម្បី​ផ្តល់​សេវា​គាំទ្រ​ដល់​កុមារ និង​គ្រួសារ​ជនពិការ ជួយ​ពួកគេ​ឲ្យ​ទទួលបាន​សិទ្ធិ​និង​ជំរុញ​ពួកគេ​ឲ្យ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សង្គម​”​។​

​អង្គការ​ដៃគូ ដែល​ទើបនឹង​ទទួល​ថវិកា​ទាំងនេះ នឹង​ផ្តល់នូវ​សេវាកម្ម​គាំទ្រ​ដល់​ជនពិការ​ផែ្ន​ក​ទំនាក់ទំនង និង​បញ្ហា​លេប​ចំណី គាំទ្រ​ដល់​កុមារ និង​ក្មេង​ជំទង់​ដែលមាន​បញ្ហា​សុខភាព​ខួរក្បាល ពិការ​ប្រព័ន្ធ​ប្រសាទ ពិការ​បញ្ញា​ស្មារតី និង​ពិការ​ខាង​ចិត្តសាស្ត្រ​សង្គម​។ ពួកគេ​ក៏​នឹង​ពង្រឹង​នូវ​ការ​ការកំណត់​រកករ​ណី​កុមារ​តូច​ដែលមាន​ពិការភាព​ឲ្យ​បាន​ទាន់ពេលវេលា   ផ្តល់​ការថែទាំ​តាម​សហគមន៍​ដល់​កុមារ​ពិការ និង​ពង្រឹង​សិទ្ធិអំណាច​ដល់​កុមារ​ដែលមាន​បញ្ហា​ស្តាប់​និង​មើល តាមរយៈ​សកម្មភាព​កីឡា​និង​ការទទួលបាន​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

​មូលនិធិ​អភិវឌ្ឍន៍ ដែលមាន​ដាក់បញ្ចូល​ពិការភាព​នៅ​កម្ពុជា (CDIDF) នេះ​គឺជា​យន្តការ​មូលនិធិ​ប្រចាំឆ្នាំ គ្រប់គ្រង​ដោយ​អង្គការ​យូ​នី​សេ​ហ្វ​ដើម្បី​ផ្តល់​ការគាំទ្រ​ដោយផ្ទាល់​ដល់​អង្គការ​ស​ង្គ​ម​ស៊ីវិល​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ដល់​កុមារ​និង​គ្រួសារ​ជនពិការ​ដែល​កំពុង​ត្រូវការ​ការគាំទ្រ​ចាំបាច់​។ នៅក្នុង​ឆ្នាំ​២០១៤ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៩​បានទទួល​ថវិកា​ពី​មូលនិធិ​នេះ ហើយ​បាន​គាំទ្រ​ទៅដល់​ប្រជាពលរដ្ឋ​ពិការ​ចំនួន ៣៨០០​នាក់ ដែល​ក្នុងនោះ​មាន​កុមារ​ចំនួន​ជាង​ពាក់កណ្តាល​។​

​មូលនិធិ​អភិវឌ្ឍន៍​ដែលមាន​ដាក់បញ្ចូល​ពិការភាព​នៅ​កម្ពុជា (CDIDF) គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើកកម្ពស់​សិទ្ធិ​ជនពិការ​នៅ​កម្ពុជា (DRIC) ដែលជា​កម្មវិធី​រយៈពេល​៥​ឆ្នាំ (២០១៤-២០១៨) ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម (DFAT) នៃ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​។ កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចំនួន​៣ គឺ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អង្គការ​យូ​នី​សេ​ហ្វ (UNICEF) និង​អង្គការ​សុខភាព​ពិភពលោក (WHO)៕​