តម្លៃ​ទីផ្សារ​ដី នៅ​ភ្នំពេញ នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ ក្នុងនោះ នៅ​ខណ្ឌចំការមន មាន​សន្ទុះ​ខ្លាំង​

ភ្នំពេញ: ​ក្រុមហ៊ុន​វាយតម្លៃ​ខាង​អចលនទ្រព្យ បានប្រកាស​នៅ​ថ្ងៃទី​២៦​តុលា​នេះ​ថា តម្លៃ​ទីផ្សារ​ដី នៅ​ភ្នំពេញ នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​។ ក្នុងនោះ តម្លៃ​ដី​នៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​នៃ​ខ័​ណ្ឌ​ចំការមន​មាន​សន្ទុះ​ខ្លាំង ត្បិត​កន្លែង​មួយចំនួនទៀត​ហាក់បី​មាន​កំណើន​យឺត​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន VTRUST នៅ​ថ្ងៃទី​២៦​តុលា​នេះ បង្ហាញថា តម្លៃ​ទីផ្សារ​ដី​នៅ​ទីក្រុង​ភ្នំពេញ នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ ជាពិសេស​គឺ​នៅ​តំបន់​ភាគ​ខាងកើត នឹង​ភាគ​អាគ្នេយ៍​នៃ​ខ័​ណ្ឌ​ចំការមន ដែលមាន​កំណើន​ជា​មធ្យម ១០% ក្នុង​មួយឆ្នាំ គិតពី​ចន្លោះ ឆ្នាំ​២០១៣ ដល់​ដើមឆ្នាំ​២០១៥​។  ។​

​របាយការណ៍​រួមមួយ​របស់​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ វី​ត្រាស់ អា​ព្រេ​ហ្ស​ល (Vtrust Appraisal Co., Ltd.) និង Century 21 Mekong បង្ហាញថា តម្លៃ​ដី​នៅ​តំបន់​ដែលមាន​កំណើន​ខ្លាំងជាងគេ​គឺ​ក្នុង​សង្កាត់​ទន្លេបាសាក់ ដែលមាន​កំណើន​ជា​មធ្យម​រហូតដល់​១៧% ក្នុង​មួយឆ្នាំ ដោយ​កើន​ពី​តម្លៃ​គិត​ជា​មធ្យម ១.៩០០ ដុល្លារ ក្នុង ១​ម៉ែត្រការ៉េ​នៅ​ឆ្នាំ​២០១៣ ដល់ ២.៥៥០ ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ នៅ​ឆ្នាំ​២០១៥ ហើយ​តម្លៃ​អតិបរិមា​រហូតដល់ ៥.០០០ ដុល្លារ ក្នុង ១​ម៉ែត្រការ៉េ​។​

​សេចក្តីប្រកាស​ដដែល បង្ហាញថា តម្លៃ​ដី​នៅ​សង្កាត់​បឹង​កេងកង​ទី​២ មាន​កំណើន​ជា​មធ្យម​ប្រហែល​នឹង​សង្កាត់​ទ​ន្ល​បាសាក់​ដែរ គឺ​១៧% ក្នុង​មួយឆ្នាំ ដោយ​កើន​ពី​តម្លៃ​មធ្យម ២.១០០ ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​នៅ​ឆ្នាំ​២០១៣ ដល់ ២.៨០០ ដុល្លារ នៅ​ឆ្នាំ​២០១៥ ហើយ​តម្លៃ​អតិបរិមា​រហូតដល់ ៦.០០០ ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​។

​ចំណែកឯ​តម្លៃ​ដី នៅ​តំបន់​ក្បែរៗ​នោះដែរ ដូចជា​សង្កាត់​បឹង​កេងកង​ទី​១ និង​ទី​៣ នឹង​បឹងត្របែក មាន​កំណើន​តម្លៃ​ដី​ជា​មធ្យម​ប្រហែល​១៥%​ក្នុង​មួយឆ្នាំ​ក្នុង​ចន្លោះពេល​ដូចគ្នា  រីឯ​សង្កាត់​ទួល​ទំ​ពួ​ង​ទី​១ និង​ទី​២ មាន​កំណើន​តម្លៃ​ដី​ជា​មធ្យម​ប្រហែល​១៣%​។ ផ្ទុយទៅវិញ តម្លៃ​ដី​នៅ​តំបន់​ផ្សេងៗ​ក្នុង​ខ័​ណ្ឌ​ចំការមន​ដែល​មិនបាន​រៀបរាប់​ខាងលើ​មាន​កំណើន​តិចតួច ពី​១% ទៅ ៥% ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

​លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រា​ជ្រាវ​របស់​ក្រុមហ៊ុន Vtrust Appraisal Co., Ltd. បាន​ពន្យល់ថា​៖ "​តំបន់​ខ្លះ ដូចជា​នៅ​សង្កាត់​អូឡាំពិក និង​ទំនប់ទឹក ជាដើម កត្តា​ដែល​នាំ​ឲ្យ​តម្លៃ​ដី​ឡើង​តិចតួច គឺ​ដោយសារ​តំបន់​នោះ​តម្លៃ​ដី​ខ្ពស់​ដល់​កម្រិត​ហើយ មាន​ភាព​ចង្អៀត​សម្រាប់​ការអភិវឌ្ឍន៍​ន្ថែ​ម និង​មិនសូវមាន​អំណោយផល រឺ​មិនសូវ​ពេញនិយម​ផ្នែក​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម និង​អគារ​សហកម្ម​សិទ្ធ​ខ្ពស់ៗ​"​។​

​បើ​ក្រឡេកមើល​ការចុះ​ថ្លៃ​ក្នុង​ទីផ្សារ​ដី របាយការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញថា នៅ​ខ័​ណ្ឌ​ចំការមន ការចុះ​ថ្លៃ​ក្នុង​ទីផ្សារ​ដី​នៅ​ចន្លោះ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ គឺ​គិត​ជា​មធ្យម ៤% ធៀប​នឹង​តម្លៃ​ដាក់លក់ ហើយ​ការ​ចុះថ្លៃ​ជា​អតិបរិមា​អាចឈាន​រហូតដល់ ១២% ដោយ​អាស្រ័យ​លើ​តំបន់ និង​ចរិត​ផ្សេងៗ​របស់​ដី ។ នៅ​សង្កាត់​ទួល​ទំ​ពួ​ង​ជារួម ការចុះ​ថ្លៃ​ក្នុង​ទីផ្សារ​ដី​គឺ​ស្ថិតក្នុង​រង្វង់ ៤% ចំណែកឯ​បឹង​កេងកង​ជារួម ការចុះ​ថ្លៃ​ក្នុង​ទីផ្សារ​ដី​ជា​មធ្យម គឺ ៣% និង​ទួល​ស្វាយព្រៃ​ជារួម មានការ​ចុះថ្លៃ​ប្រហែល ២%​។​

​លោក ហ៊ឹម សីហា បាន​ពន្យល់ថា ការចុះ​ថ្លៃ​ក្នុង​ទីផ្សារ​ដី គឺ​ឆ្លុះបញ្ចាំង​អំពី​ភាព​ស៊ីគ្នា​រវាង​តម្រូវការ​នឹង​ការផ្គត់ផ្គង់​ទីផ្សារ​ដី​ក្នុង​សង្កាត់​និ​មួយៗ ដោយ​នេះ​មានន័យថា ការចុះ​ថ្លៃ​ទាប​ដោយ​ធៀប​នឹង​តម្លៃ​ដាក់លក់ គឺ​ឆ្លុះបញ្ចាំង​ថា អ្នកលក់ ដាក់លក់​អចលនទ្រព្យ​របស់ខ្លួន​ក្នុងតម្លៃ​ទីផ្សារ រឺ​ខុសគ្នា​តិចតួច រីឯ​អ្នកទិញ​មិន​សូ​ញ​សាញ​នឹង​តម្លៃ អាច​ដោយសារ​ការផ្គត់ផ្គង់​ដី​មាន​កម្រិត​តិច ខណៈ​តម្រូវការ​មាន​សន្ទុះ​ខ្លាំង ដូច្នេះ អាច​បកស្រាយ​បាន​ថា ទីផ្សារ​ដី​នៅ​តំបន់​នោះ​មាន​តម្រូវការ​ខ្ពស់​បើ​ធៀប​នឹង​តំបន់​ផ្សេង​ដែលមាន​អត្រា​ចុះថ្លៃ​ខ្ពស់​។​

​គួរបញ្ជាក់​ផងដែរ​ថា អត្រា​ចុះថ្លៃ​ក្នុង​ទីផ្សារ​ដី​នៅ​ទីក្រុង​ភ្នំពេញ​ស្ថិតនៅ​ចន្លោះ​ពី ០% ដល់ ៣០% ដោយ​អាស្រ័យ​លើ​តំបន់ ចរិត​ផ្សេងៗ​របស់​ដី និង​ភាព​បន្ទាន់​ក្នុង​ការលក់​ចេញ​របស់​ម្ចាស់​ដី​។​

​កត្តា​រុញច្រាន​ឲ្យ​មាន​តម្រូវការ​ខ្ពស់ និង​លំហូរ​ទិញ​លក់​ក្នុង​តំបន់​នីមួយៗ ជាពិសេស​គឺ​សង្កាត់​បឹង​កេងកង និង​ទន្លេបាសាក់ គឺ​បណ្ដាលមកពី​តំបន់​នោះ​ជាទី​កណ្ដាល​ក្រុង ផ្ដុំ​ទៅដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និង​ឯកជន មាន​ហេ​ដ្ឋា​រចនាសម្ព័ន​គ្រប់គ្រាន់ និង​ងាយស្រួល​ចេញ​ចូលទៅ​តំបន់​ផ្សេងៗ ទាំង​ទៀត​តាមរយៈ​ផ្លូវគោក​និង​ផ្លូវទឹក​។​

​របាយការណ៍​ដដែល​ក៏បាន​បញ្ជាក់ថា ក្នុងខណៈ​ពេលដែល​តម្លៃ​ដីធ្លី​នៅ​សង្កាត់​បឹង​កេងកង​បាន​ឡើងដល់​ចំណុច​មួយ​ខ្ពស់​ហើយ និន្នាការ​នៃ​ការវិនិយោគ​លើ​គម្រោង​អភិ​វត្ដ​ន៍​សំណង់​អគារ​ធំៗ ជាពិសេស​អគារ​សហ​គ្រួសារ​សម្រាប់​ជួល (apartments) បាន​កំពុង​ងាក​ទៅ​តំបន់​ជិតខាង​ដូចជា សង្កាត់​ទួល​ទំ​ពួ​ង ទួល​ស្វាយព្រៃ និង​ជាពិសេស​គឺ សង្កាត់​ទ​ន្ល​បាសាក់ ដោយ​អ្នកវិនិយោគ​សម្លឹងមើល​ឃើញ​តម្លៃ​ដី​នៅ​តំបន់​ទាំងនោះ​នៅមានកម្រិត​ទាប​នៅឡើយ ​បើ​ធៀប​នឹង​បឹង​កេងកង​៕​