អ្នក​ប្រដាល់​វ័យ​ក្មេង ចូល​ប្រកួត​ថ្នាក់​ជាតិ​ចង់​បាន​បទ​ពិសោធន៍​ជាង​ប្រាក់​រង្វាន់


អ្នក​ប្រដាល់​វ័យ​ក្មេង ចូល​ប្រកួត​ថ្នាក់​ជាតិ​ចង់​បាន​បទ​ពិសោធន៍​ជាង​ប្រាក់​រង្វាន់

“​ប្រាក់​រង្វាន់​អត់​សូវ​សំខាន់​ទេ​បង តែ​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ ទោះ​ឈ្នះ​ឬ​ចាញ់​ទើប​ជា​កត្តា​សំខាន់​មួយ​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ចូល​រួម​សាក​សមត្ថភាព​នឹង​គេ” ។ ​​កីឡាករ​វ័យ​ក្មេង សំណាង ចាន់នឿន ​ដែល​ធ្លាប់​ឡើង​សង្វៀន​តាម​ទូរទស្សន៍​ច្រើន​លើក​និយាយ​អារម្មណ៍​ពិត ដែល​ខ្លួន​សម្រេច​ចិត្ត​មក​ចូល​ប្រកួត​កីឡា​ប្រដាល់​ថ្នាក់​ជាតិ​​មាន​ប្រាក់​រង្វាន់​មិន​ច្រើន​ដូច​ប្រកួត​តាម​ទូរទស្សន៍។

 

អ្នក​ប្រដាល់​វ័យ​ក្មេង ចូល​ប្រកួត​ថ្នាក់​ជាតិ​ចង់​បាន​បទ​ពិសោធន៍​ជាង​ប្រាក់​រង្វាន់

 កីឡាករ សំណាង ចាន់នឿន 

 

ចាន់​នឿន ​ទើប​តែ​ចូល​ហ្វឹកហាត់​ប្រដាល់​បាន​២​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មាន​ទេពកោសល្យ​រូប​គេ​បាន​ចូល​ប្រកួត​តាម​សង្វៀន​ទូរទស្សន៍​ច្រើន​ដង​មក​ហើយ។ កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​កំពត​រូប​នេះ ​បាន​ចូល​រួម​ប្រកួត​កីឡា​ប្រដាល់​សកល​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​នេះ ដោយ​មិន​គិត​ថា​ចង់​បាន​ប្រាក់​រង្វាន់​អី​នោះ​ទេ តែ​ក្នុង​ចិត្ត​គឺ​ចង់​ស្គាល់​និង​បាន​ប្រកួត​ជាមួយ​កីឡាករ​ផ្សេង​ៗ​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​នានា។

 

អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ​ខាង​លើ ​បាន​និយាយ​ចំពោះ​ការ​រៀប​ចំ​ប្រកួត​កីឡា​ប្រដាល់​ជើង​ឯក​ថ្នាក់​ជាតិ​នេះ​ថា៖ “​វា​ជា​រឿង​ល្អ​ដែល​ខ្មែរ​យើង​មាន​ការ​ប្រកួត​អីចឹង ព្រោះ​វា​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ក្មេង​ៗ​មក​បញ្ចេញ​សមត្ថភាព។ មាន​ការ​ប្រកួត​ច្រើន អាច​ធ្វើ​ឱ្យ​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន ​មិន​ងាក​ទៅ​រក​គ្រឿងញៀន​ឬ​ធ្វើ​អំពើ​មិន​​គប្បី​ផ្សេង​ៗ”។

 

ចាន់​នឿន ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ការ​មក​ចូល​រួម​ប្រកួត​នេះ​គឺ​ខាង​សហព័ន្ធ​ជា​អ្នក​រ៉ាប់រង​ទាំង​អស់ ទាំង​ការ​ហូប​ចុក និង​ស្នាក់​នៅ​ជា​ដើម។ ដោយ​កីឡាករ​ដែល​ប្រកួត​ចាញ់​ក៏​បាន​ប្រាក់​បន្តិចបន្តួច​ត្រលប់​ទៅ​ផ្ទះ​វិញ​ដែរ។

 

ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ប្រដាល់​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ២០១៥ ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២៨​ ​ខែ​តុលា​នេះ ​ដោយ​មាន​កីឡាករ​ចូល​រួម​ប្រកួត​សរុប​៥៤៥​នាក់។ ការ​ប្រកួត​មាន​៣​វិញ្ញាសា​គឺ​ប្រដាល់​សកល​បុរស ប្រដាល់​សេរី​​បុរស​ និង​ប្រដាល់​សកល​​នារី។ កីឡាករ​ចុះ​ឈ្មោះ​ម្នាក់​បាន​៤​ម៉ឺន​រៀល​និង​បាន​បាយ​៣​ពេល​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​ប្រាក់​រង្វាន់​វិញ ជើង​ឯក​នឹង​ទទួល​បាន​៣០​ម៉ឺន​រៀល លេខ​២​បាន​២០​ម៉ឺន​រៀល ​លេខ​៣​និង​លេខ​៣​ស្ទួន​បាន​១៦​ម៉ឺន​រៀល​ដូច​គ្នា៕

 

​អត្ថបទ៖ មុន្នី រម្យ