លោក​DONALD TRUMP យល់​ថា ពិភពលោក​នឹង​មាន​ស្ថានភាព​ប្រសើរ ប្រសិនបើ​លោក​សា​ដាម ហ៊ូ​សេន និង​កា​ដា​ហ្វី នៅ​រស់

បេក្ខជន​ប្រធានាធិបតី​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មe​រិ​ក លោក DONALD TRUMP ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ តុលា វាយតម្លៃ​ថា ពិភពលោក​នឹង​មាន​ស្ថេ​រ​ភាពល្អ​ប្រសើរ​បំផុត ប្រសិនបើ​អតីតជន​ផ្តាច់​ការ​អុ​ី​រ៉ា​ក់​លោក​សា​ដាម ហ៊ូ​សេន និង​ជន​ផ្តាច់​ការ​លី​ប៊ី លោក​មូ​អា​ម៉ា កា​ដា​ហ្វី នៅ​កាន់​អំណាច ។

លោក DONALD TRUMP តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា លោក​ជា​អ្នកមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​បេក្ខជន​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក​នា​ឆ្នាំ​២០១៦ ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកកាសែត​ម្នាក់​នៃ​ទូរទស្សន៍ CNN មហាសេដ្ឋី​អា​​មេ​រិ​ក​រូប​នេះ​អះអាង​ថា មុន​ការ​ផ្តួលរំលំ លោក​សា​ដាម ហ៊ូ​សេន ពុំ​មាន​ពួក​ភេរវ​ករ​ឡើយ​នៅ​អីុ​រ៉ា​ក់ ។ លោក​សា​ដាម ហ៊ូ​សេន សម្លាប់​ពួក​គេ​ចោល​ភ្លាម​ៗ បើ​ហ៊ាន​ចេញ​មុខ ។ រួច​ពេល​នេះ​អីុរ៉ា​ក់បាន​ក្លាយទៅជា​សាកលវិទ្យាល័យ​ដ៏​ប្រសើរ​របស់​ភេរវកម្ម ។

លោក​សា​ដាម ហ៊ូ​សេន ត្រូវ​ផ្តួលរំលំ​កាលពី​ឆ្នាំ​២០០៣ ហើយ​លោក​កា​ដា​ហ្វី ក្នុង​ឆ្នាំ​២០១១ ដោយសារ​អន្តរាគមន៍​យោធា​ដែល​ធ្វើ​ឡើង ឬ​ជួយ​ទ្រទ្រង់​ដោយ​សហរដ្ឋ​អា​មេ​​រិក ។

លោក DONALD TRUMP បន្ត​ថា និយាយ​ដោយ​ត្រង់​ទៅ ពេល​នេះ​ពុំ​មាន​អីុ​រ៉ា​ក់ ឬ​លី​ប៊ី​ទៀត​ឡើយ ។ ប្រទេស​ទាំង​២​នេះ​ត្រូវ​ផ្ទុះ​បែក​ជា​អម្បែង​បាត់​ទៅ​ហើយ ។ ពុំ​មានការ​ត្រួតត្រា​ពិតប្រាកដ​ណាមួយ​ឡើយ ។ គ្មាន​នរណា​ដឹង​ច្បាស់​ចំពោះ​អ្វី​ដែល​កើត​មាន​ឡើយ ។

មហាសេដ្ឋី​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​យល់​ថា អា​​មេ​រិ​ក​កំពុង​ប្រឈម​មុខ​នឹង​ការ​វិល​ត្រឡប់​ទៅ​រក​សម័យកាល​យុគកណ្តាល​ជាមួយ​អំពើ​ហិង្សា​នៅ​មជ្ឈិម​បូព៌ា ដែល​មាន​សភាព​ខ្លាំងក្លា​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ មនុស្ស​ម្នា​រង​គ្រោះ​ដោយ​ការ​កាត់​ក្បាល ចាប់​ដាក់​ទ្រង់​សម្លាប់​ក្នុង​ទឹក​។​ល​។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​ខ្ញុំ​ចង់​ពង្រឹង​កងទ័ព​របស់​យើង ។ យើង​ត្រូវការ​ពង្រឹង​កងទ័ព​នា​ពេល​នេះ​ខ្លាំង​ជាង​កាលពីមុន​ទៅ​ទៀត ៕