លោក​JIMMY MORALES តារា​កំប្លែង​ជាប់​ឆ្នោត​ប្រធានាធិបតី​ហ្គា​តេ​ម៉ា​ឡា

ពលរដ្ឋ​ហ្គា​តេ​ម៉ា​ឡា កាលពី​ថ្ងៃ​ទី​២៥ តុលា បាន​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ ។ លោក JIMMY MORALES អាយុ​៤៦​ឆ្នាំ ទទួល​បាន​សំឡេង​ជាង​៦៨%​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​២​តទល់​គ្នា​ជាមួយ​លោកស្រី SANDRA TORRES អតីត​ស្ត្រី​ទី​មួយ​របស់​ប្រទេស ។ នេះ​ជា​លទ្ធផល​ផ្លូវការ​ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​រួចរាល់​៩៦,៣% ។

ជាតា​រា​កំប្លែង និង​ជាតា​រា​ទូរទស្សន៍ លោក JIMMY MORALES អាយុ​៤៦​ឆ្នាំ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាល​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​មួយ កាលពី​ថ្ងៃ​ទី​៦ កញ្ញា ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​២៣,៩៩% ទាំង​លោក​ពុំ​ធ្លាប់​ចូល​ប្រឡូក​ក្នុង​នយោបាយ ប្រឡូក​តែ​ខ្សែភាពយន្ត ។

ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត តារា​កំប្លែង​រូប​នេះ ដែល​ចេះ​ទាក់ទាញ​អ្នកកាសែត​ជាមួយ​វោហា​សាស្ត្រ​របស់​លោក​នោះ​ធ្លាប់​បាន​សន្យា​ថា រយៈពេល​២០​ឆ្នាំ ខ្ញុំ​តែង​ធ្វើ​ឱ្យ​លោក​អ្នក​សើច​សប្បាយ ហើយ​ខ្ញុំ​សន្យា​ថា ប្រសិនបើ​ខ្ញុំ​ក្លាយជា​ប្រធានាធិបតី ខ្ញុំ​នឹង​មិន​ធ្វើ​ឱ្យ​លោក​អ្នក​យំ​ឡើយ ។

គាំទ្រ​ដោយ​គណបក្ស​ស្តាំ​និយម FCN-NACION លោក JIMMY MORALES ទទួល​បានការ​គាំទ្រ​ពី​ចលនា​ប្រជាជន​ប្រឆាំង​អំពើ​ពុក​រលួយ ព្រមទាំង​ពី​វណ្ណៈ​នយោបាយ​ជា​ប្រពៃណី​ដែល​ជំរុញ​ប្រធានាធិបតី លោក OTTO PEREZ ឱ្យ​លាលែង​ចេញពី​តំណែង ។ លោក OTTO PEREZ ពេល​នេះ​ត្រូវ​ជាប់គុក​ពី​បទ​ជាប់ចោទ​ដូច​គ្នា​នឹង​អតីត​អនុ​ប្រធានាធិបតី​លោកស្រី ROXANA BALDETTI ថា រៀបចំ​បណ្តាញ​ពុក​រលួយ ហើយ​ទទួល​សំណូក​៨០០.០០០​ដុល្លារ ៕