អំពើ​ហិង្សា​នៅ​បន្ត​ក្នុង​តំបន់​ស៊ី​សហ្ស​ក​ដា​នី ក្រោយ​កិច្ចព្រមព្រៀង​ការទូត​មួយ

រលក​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត​ប្រឆាំង​ពួក​អីុស្រា​អែ​ល​នៅ​បន្ត​កាលពី​ថ្ងៃ​ទី​២៥ តុលា នៅ​តំបន់​ស៊ី​សហ្ស​ក​ដា​នី​ដែល​អីុ​ស្រា​អែ​ល​កាន់កាប់ ដោយនៅ​ទីនោះ​ក្មេង​ស្រី​ជំទង់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ត្រូវ​ប៉ូលិស​អីុ​ស្រា​អែ​លបាញ់​ស្លាប់ បន្ទាប់​ពី​ការ​ប្រកាស​ពី​វិធានការ​នានា​សម្រាល​ភាព​តានតឹង​នៅ​តាម​ព្រះ​វិហារ​អ៊ិ​ស្លា​ម​នានា ជា​ចំណុចក្តៅ​នៃ​អំពើ​ហិង្សា ។

ភាព​ជ្រួលច្របល់​នៅ​បន្ត​ដែល​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​លើ​លទ្ធភាព​នៃ​ការ​ធូរស្រាល ក្រោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ តុលា របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី ។

នៅ​ជិត​ផ្នូរ​របស់​បុព្វបុរស​នាទី​ក្រុង​ហេ​ប្រោ​ន​ជា​កន្លែង​គោរព​បូជា​សម្រាប់​បណ្តា​សាសនិក​អ៊ិ​ស្លា​ម និង​ពួក​ជ្វី​ហ្វ កង​ឆ្មាំ​ព្រំដែន​អីុ​ស្រា​អែ​ល​បាន​បាញ់ប្រហារ​លើ​នារី​ជំទង់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ដែល​មក​ក្បែរ​ពួក​គេ​ជាមួយ​ដៃ​កាន់​កាំបិត​មួយ ដោយ​គ្រហឹម​ពេល​កង​ឆ្មាំ​ព្រំដែន​ឱ្យ​បង្ហាញ​អត្តសញ្ញាណ ។ ក្មេង​ស្រី​ជំទង់​អាយុ​១៧​ឆ្នាំ​រូប​នេះ តាម​សារព័ត៌មាន​ប៉ា​ឡេ​ស្ទី​ន​ថា មានឈ្មោះ DANIA IRSHAID បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយ​រង​របួសធ្ងន់ ។ ពួក​ប៉ា​ឡេ​ស្ទី​ន​និយាយ​ផ្ទុយ​ពី​អីុ​ស្រា​អែ​ល​ដោយ​អះអាង​ថា យុវនារី​នេះ​ពុំ​មាន​កាន់​កាំបិត​ឡើយ ។

នៅ​តំបន់​ស៊ី​សហ្ស​ក​ដា​នី​ដែរ ជន​អីុស្រា​អែ​ល​២​នាក់​ត្រូវ​របួសធ្ងន់​ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត​ដាច់​ដោយឡែក​ពី​គ្នា​២ ហើយ​ពួក​អ្នក​វាយប្រហារ​រត់គេច​ខ្លួន ។

ចាប់តាំងពី​ថ្ងៃ​ទី​១ តុលា មក ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​យុវជន​ប៉ា​ឡេ​ស្ទី​ន និង​កង​ទាហាន​អុ​ី​ស្រា​អែ​ល ព្រមទាំង​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន និង​ពួក​និគមជន ព្រមទាំង​ការ​វាយប្រហារ​ប្រឆាំង​អីុ​ស្រា​អែ​ល​មួយ​ចំនួន​ដោយ​ប្រើ​កាំបិត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥៤​នាក់ ខាង​ប៉ា​ឡេ​ស្ទី​ន ហើយ​ខាង​អីុ​ស្រា​អែ​ល​ស្លាប់​៨​នាក់ ។

យោង​តាម​ក្លិប​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ថា ជន​ប៉ា​ឡេ​ស្ទី​ន​ជាង​១.០០០​នាក់ ត្រូវ​អាជ្ញាធរ​អុ​ី​ស្រា​អែ​ល​ចាប់ខ្លួន​ចាប់តាំងពី​ដើមខែ​តុលា ភាគច្រើន​ជា​យុវជន និង​យុវនារី ៕