កោះ ភូគុក របស់វៀតណាម កំពុងរងការ បំពុលបរិស្ថាន យ៉ាងខ្លាំង

ហូជីមិញ៖ ការបំពុលដែលចេះតែ កើនឡើងឥតឈប់ឈរ កំពុងតែបង្កការ គម្រាមកំហែង យ៉ាងខ្លាំងដល់ កោះ ភូគុក (ត្រល់) ដ៏ធំបំផុតរបស់ វៀតណាម ស្ថិតនៅភាគខាងត្បូង នៃខេត្ត ខៀនជាង។ នេះបើតាមព័ត៌មានដែល ស៊ិនហួ ទទួលបាននៅថ្ងៃចន្ទ ទី២៦ ខែតុលា នេះ។

ក្រុមអ្នកតាមដានបរិស្ថាន បានចេញរបាយការណ៍ថា កាកសំណល់ពុលជាច្រើន ជាពិសេស សំរាម ដែលសេស សល់ក្រោយ ការបម្រើសេវាដល់ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិរួច ត្រូវបានបោះចោលយ៉ាង អាណាធិបតេយ្យ នៅតាមឆ្នេរ និង ទៅក្នុងទឹកសមុទ្រ ដែលវាមានចំនួនមិនតិចជាង ១៨០តោន នោះទេ ក្នុងមួយថ្ងៃៗ។

គួរបញ្ជាក់ថា បច្ចុប្បន្នកោះ ភូគុក មានមនុស្សរស់នៅចំនួន ១០០.០០០នាក់ ដែលក្នុងនោះ មានក្រុមហ៊ុនរកស៊ី អូតែល រីសត និង សេវាកម្មផ្សេងៗ ជាង ១.៦០០ ក្រុមហ៊ុនឯណោះ។ បើ តាមការអះអាងពី ផ្នែកបរិស្ថាន ឲ្យដឹង ទៀតថា នៅទីនោះ មិនមានការគ្រប់គ្រងសំរាមឲ្យបាន ល្អនោះឡើយ ទើបកាកសំណល់ផ្សេងៗ ត្រូវបានបង្ហូរ ចូលផ្ទៃសមុទ្រ ដោយសេរី។

រដ្ឋាភិបាលវៀតណាម ក៏កំពុងតែព្យាយាមទាក់ទាញអ្នកវិនិយោកនៅទីនោះ ដើម្បីជំរុញវិស័យ ទេសចរណ៍ផងដែរ នៅលើកោះភូគុក។ កាលពីឆ្នាំ ២០១៣ កោះនេះទទួលបានភ្ញៀវទេសចរ ណ៍ជាតិ និង អន្តរជាតិមកលេងកំសាន្ត ជាង កន្លះលាននាក់៕

កោះ ភូគុក របស់វៀតណាម កំពុងរងការ បំពុលបរិស្ថាន យ៉ាងខ្លាំង