លោក ហ៊ុន ​ម៉ា​ណែ​ត ​​ដឹកនាំ​​​ក្រុម​​​​គ្រូពេទ្យ​​ចុះ​ព្យា​បាល​​ជំងឺ​​ដល់​កុមារ​និង​កម្មករកម្ម​ការិនី​រោង​ចក្រ

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ដ៍​មមាញឹក​នៅ​ក្រៅប្រទេស​រួច​មក ​​នៅ​ថ្ងៃ​ទី​២៥ ​តុលា ឆ្នាំ​២០១៥​​ លោក ហ៊ុន ​ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​អញ្ជើញ​ពិនិត្យ​ការ​វះកាត់​ និង​សួរសុខទុក្ខ​កុមារ​​ដែល​មាន​មាត់​ឆែប​ដើម្បី​វះកាត់​ដោយ​អង្គការ​ស្នាមញញឹម​កម្ពុជា (Smile Cambodia) សហការ​ជាមួយ​អង្គការ​ស្នាមញញឹម​សិង្ហ​បូ​រី​ (Smile Singapore)​ នៅ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត (​ពេទ្យ​រុ​ស្សី​) ​ដែល​កម្មវិធី​នេះ​គ្រោង​នឹង​វះកាត់​កុមារ​ដែល​មាន​មាត់​ឆែប​ចំនួន​៥៣​នាក់​ក្នុង​រយៈពេល​​៤​ថ្ងៃ​ ។

ការ​វះកាត់​ និង​ព្យាបាល​ជំងឺ​មាត់​ឆែប​ដល់​កុមារ ​គឺជា​សកម្មភាព​មនុស្សធម៌​ដ៍​ល្អ​ប្រពៃ​ដើម្បី​​ជួយ​ឱ្យ​កុមារ​មានជីវិត​ថ្មី​ ស្នាមញញឹម​ថ្មី​ ប្រ​កប​ដោយ​ក្តី​សង្ឃឹម​ ។​ លោក​បាន​បង្ហាញ​ការ​ការ​ស្រឡាញ់​ ការ​អាណិតអាសូរ​ ដល់​កុមារ​ទាំង​អស់នោះ ​និង​បាន​ផ្តល់​​ប្រាក់​ ​ព្រម​ទាំងអំណោយ​មួយ​ចំនួន​របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​ដល់​ក្មួយ​ៗ​កុមារ​ផង​ដែរ​ ។

បន្ទាប់​ពី​សកម្មភាព​មនុស្សធម៌​ទី​១ ​លោក ​ហ៊ុន ​ម៉ា​ណែ​ត ​បាន​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត ​និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ សហ​ការ​ជាមួយ​អាជ្ញា​ធរ ​និង​អង្គការ ​KOTRA ចុះ​ព្យាបាលជំងឺ​មាត់​ធ្មេញ ជំងឺ​ភ្នែក​ជំងឺ​ទូទៅ ពិនិត្យ​អេកូ​ ពិនិត្យ​ឈាម​ និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​​កម្មករ ​​កម្ម​ការិនី​ចំនួន​១.២៥៥​នាក់ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទា ​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោ​សែន​ជ័យ​ ផង​ដែរ ​៕