9​នាក់​ស្លាប់​ក្នុង​អន្តរាគមន៍​មួយ​របស់​ប៉ូលិស​តួ​ក​គី​ប្រឆាំង​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អិុ​ស្លា​ម

ការ​បាញ់​តតាំង​គ្នា​មួយ​ផ្ទុះ​ឡើង​រវាង​ប៉ូលិស និង​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អិុ​ស្លា​ម​កាលពី​ថ្ងៃ​ទី​២៦ តុលា នៅ​ភាគ​កណ្តាល​ទីក្រុង​ឌី​យ៉ា​បា​គៀរ ជាទី​ក្រុង​មួយ​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី​មាន​ជនជាតិ​ឃើ​ត​ភាគច្រើន ។

ពួក​ជី​ហា​ដ​យ៉ាងតិច​៧​នាក់ និង​ប៉ូលិស​២​នាក់​ស្លាប់ ក្នុង​ការ​បាញ់​តតាំង​គ្នា​នេះ ។

នា​ព្រឹក​ព្រលឹម​ប៉ូលិស​បាន​លុក​ចូល​ផ្ទះ​ជា​ច្រើន​នៃ​សង្កាត់​មួយ​របស់​ក្រុង​នេះ​ជា​កន្លែង​លាក់ខ្លួន​របស់​ពួក​ជី​ហា​ដ ដែល​បាញ់ប្រហារ​បង្ក​ឱ្យ​មានការ​តបត​វិញ​របស់​កងកម្លាំង​ប៉ូលិស ។ ការ​បាញ់​ត​គ្នា​យ៉ាង​ខ្លាំងក្លា កើត​មាន​ទៀត​នា​ព្រឹក​ថ្ងៃ​នោះ​ក្នុង​សង្កាត់​ដដែល​ជា​កន្លែង​ដែល​ប៉ូលិស​សង្ស័យ​មាន​ពួក​ជី​ហា​ដ​លាក់ខ្លួន ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តួ​ក​គី ANATOLIE បញ្ជាក់​ថា ប៉ូលិស​២​នាក់​ស្លាប់​ដោយសារ​ការ​ផ្ទុះ​មួយ​ដែល​បញ្ជា​ពី​ចម្ងាយ​ដោយ​សមាជិក​ក្រុម​រដ្ឋ​អិុស្លា​ម ដោយ​គ្រឿងផ្ទុះ​នានា​ត្រូវ​បាន​ដាក់​នៅ​ជុំវិញ​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ដែល​កងកម្លាំង​សន្តិសុខ​ឡោម​ព័ទ្ធ ។

ក្រុម​រដ្ឋ​អិុ​ស្លា​ម​ត្រូវ​បាន​អាជ្ញាធរ​តួ​ក​គី​ចាត់ទុកជា​អ្នក​ជាប់​សង្ស័យ​ខ្លាំង​ជាងគេ​ចំពោះ​ការ​វាយប្រហារ​អត្តឃាត​២ សំដៅលើ​ការ​ប្រមូលផ្តុំ​មនុស្ស​របស់​គណបក្សប្រឆាំង​ស្និទ្ធ​ពួក​ឃើ​ត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​១០២​នាក់ កាលពី​ថ្ងៃ​ទី​១០ តុលា នៅ​មុខ​ស្ថានីយ​រថភ្លើង​ក្រុង​អង់កា​រ៉ា ដែល​នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​លើ​ទឹកដី​តួ​ក​គី ។ ចាប់តាំងពី​ពេល​នោះ​មក កងកម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​ពួក​ជី​ហា​ដ​ជា​ច្រើន​នាក់ ៕